ភ្នំពេញ៖នៅឆ្នាំ២០២៣ នេះតារាចម្រៀងស្រីៗមួយចំនួនរកបានដៃគូអស់ទៅហើយក្នុងនោះមានដូចជាពេជ្រ សោភា ចាប់ដៃអនាគតប្ដីលោកឆឹម សក្កដា ,មាស សុខសោភា ដៃគូដួង វីរៈសិទ្ធ,សុខ ពិសី ចាប់ដៃជាមួយលោកឆាយ វីរៈយុទ្ធ និងនាយចឺម ,សួស វីសា ដៃគូជាមួយស្វាមីនាងលោកថមមី ខណៈដែលនាងតន់ ច័ន្ទសីម៉ា មានដៃគូច្រើនជាងអ្នកចម្រៀងស្រីផ្សេងៗនោះគឺព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងលោកខេម ។ដោយឡែកសម្រាប់ឱក សុគន្ធកញ្ញា វិញក្រោយបាត់បង់ដៃគូសំខាន់លោកខែម ប៊ុនថៃ ដែលទៅចូលរួមជាមួយGalaxy នោះមកពេលនេះតារាកូន១មិនទាន់រកបានដៃគូថ្មីដែលសាកសមជាមួយនាងបានឡើយ ព្រោះពេលនេះហង្សមាសអត់ទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ។ដោយឡែកម្ចាស់ពានតារាចម្រៀងប្រុសៗមួយចំនួននៅហង្សមាសទោះជាពួកគេមានសម្ថភាពរៀងៗខ្លួនក្ដី ប៉ុន្ដែបញ្ហាគម្លាតអាយុខុសគ្នាឆ្ងាយនោះនៅតែជាបញ្ហាចោទមិនអាចឲ្យសុគន្ធកញ្ញា ចាប់ដៃបានទៀងទាត់ឬបានយូអង្វែងឡើយ។

ថ្វីត្បិតតែឱក សុគន្ធកញ្ញា នៅតែមិនទាន់មានដៃគូពិតប្រាកដនៅឆ្នាំ២០២៣ នេះមែន ប៉ុន្ដែមើលទៅប្អូនថ្លៃថៅកែហង្សមាសរូបនេះហាក់គ្មានការបារម្ភច្រើនពីការពិបាករកដៃគូច្រៀងផ្ដោះផ្ដងនោះឡើយ ព្រោះថាតាមបណ្ដារឆាកតន្រ្ដីធំៗទាំងឡាយនាងនៅតែចេញមុខជាបន្ដបន្ទាប់ដូចមុនដដែលក្រោយមានស្វាមីនិងកូន១នេះ បើទោះជាទូទៅគេកត់សម្គាល់ថាទីផ្សារចម្រៀងរបស់នាងហាក់មិនសូវមានសន្ទុះខ្លាំងដូចមុនក្ដី ប៉ុន្ដែស្វាមីនាងលោកអ៊ឹង សុខលី ជាអគ្គនាយកទូរទស្សន៍ហង្សមាសដែលក្ដាប់Concerts ធំៗទាំងឡាយក្នុងដៃនោះមានន័យថាលោកមិនឲ្យភរិយាបាត់មុខពីឆាកធំៗឡើយ។

អ្នកជំនាញសិល្បៈបានលើកឡើងថាក្នុងកាលៈទេសៈដែលហង្សមាសអត់ទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បែបនេះឱក សុគន្ធកញ្ញា ជៀសមិនផុតពីការវិលរកដៃគូចាស់ជាបណ្ដោះអាសន្ននោះគឺតារាចម្រៀងរោមទ្រូងច្រើនលោកឆន សុវណ្ណារាជ នោះឡើយ។ដោយឡែកសុគន្ធកញ្ញា ទោះជាក្រោយរៀបការជាង៣ឆ្នាំនេះនាងស្ទើតែគ្មានបទផ្ទុះខ្លាំងៗដូចមុនក្ដី ប៉ុន្ដែក្នុងឋានៈរូបនាងជាប្អូនថ្លៃថៅកែហង្សមាស ហើយមានស្វាមីជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាសនោះគេជឿរថាម្ចាស់ក្រុមហ៊ុនធំខាងលើនេះមិនបណ្ដោយឲ្យនាងធ្លាក់ចុះជាដាច់ខាត។នេះបើតាមអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ និងគួច ខេវិន ធ្លាប់យល់ឃើញស្របគ្នាបែបនេះនាពេលកន្លងមក។

ក្រៅពីឱក សុគន្ធកញ្ញា តារាចម្រៀងដែលគ្មានដៃគូច្បាស់លាស់នៅឆ្នាំ២០២៣ នេះមានដូចជាសុគន្ធ និសា ,សុខ ស្រីនាង ,អ៊ីវ៉ា និងសុខ សីឡាលីន ជាដើម៕

