ភ្នំពេញ៖តារាកំប្លែងនាយក្រាន់ អាយុ៣៣ឆ្នាំ បានឲ្យដឹងថាស្ទីលកំប្លែងរបស់នាយនាពេលបច្ចុប្បន្ននេះគឺនាយយកស្ទីលនៃការនិយាយស្ដី និងសម្ដែងតាមបងប្រុសរបស់នាយគឺនាយគ្រឿន ។ប៉ុន្ដែនាយថាចំពោះការពេញចិត្តបំផុតទៅលើស្ទីលកំប្លែងរួមទាំងពាក្យពេជ្រន៍ និងកាយវិការរបស់រៀមច្បងខ្លាំងនោះគឺនាយស្រលាញ់នាយក្រូច។នាយក្រាន់ អះអាងថានាយក្រូច សម្ដែង សាកសមបំផុតគឺធ្វើជាតួមនុស្សចាស់ និងអ្នកស្រវឹង។ នាយក្រាន់ បន្ថែមថាពេលនេះនាយក្រូច មិនអាចលេងជាតួប្រុសក្មេងបានទេ ព្រោះថាការដើរតួជាមនុស្សចាស់នោះគឺនាយលេងសំខ្លាំងពេកអីចឹង លេងតួផ្សេងមិនដល់ដូចតួចាស់ឡើយ។

បើទោះជានាយក្រាន់ បានសរសើរពេញៗមាត់ទៅលើនាយក្រូច រហូតយកអ្នកកំប្លែងរូបនេះជាIdol របស់ខ្លួនទៀតផងក្ដី ប៉ុន្ដែនាយមិនបាននិយាយសរសើរនាយពែកម៉ី ដែលជាបងរបស់ខ្លួនដូចនាយក្រូចឡើយ។តែនាយក្រាន់ រំលឹកថាមុននាយក្លាយទៅជាតារាកំប្លែងនេះដំបូងនាយដើរតាមនាយពែកម៉ី ហើយតែងតែសុំឆាកគេច្រៀង១បទៗ មុនបងខ្លួនលេងកំប្លែងដើម្បីឲ្យស៊ាំឆាកហើយធ្វើបែបនេះជាច្រើនដងទើបនាយអាចវិវត្តន៍ខ្លួនបានដូចពេលនេះ។នាយក្រាន់ ថាទៅថ្ងៃអនាគតនាយនឹងដើរតាមគន្លងបងប្រុសទាំងពីររបស់ខ្លួនពោលគឺចង់ក្លាយជាតារាកំប្លែងល្បីដូចនាយពែកម៉ី និងនាយគ្រឿន។តែនាយថាបានដឹងខ្លួនមិនអាចធ្វើបានដូចបងៗរបស់នាយនោះទេ ព្រោះថាពេលនេះទាំងនាយពែកម៉ី និងនាយគ្រឿន បានក្លាយទៅជាអ្នកដឹកនាំរឿង និងផលិតករទៅហើយ។

ដោយឡែកទាក់ទងអាជីពចម្រៀងវិញនាយក្រាន់ ដែលធ្លាប់ចុះកុងត្រានៅផលិតកម្មមួយរយៈពេល៦ឆ្នាំនោះប្រាប់ថានាយថាបានដើរចេញពីផលិតកម្មទៅហើយ ព្រោះតែទ្រនុំនោះគ្មានបទល្អៗឲ្យនាយច្រៀង។យ៉ាងណានាយថានៅតែស្រលាញ់អាជីពចម្រៀង និងចង់ធ្វើបទចេញដោយខ្លួនឯងនាពេលអនាគត។

ថ្វីត្បិតតែនាយក្រាន់ នៅមានបទពិសោធន៍ខ្ចីក្នុងអាជីពកំប្លែងបើប្រៀបធៀបបងៗរបស់នាយក្ដី ប៉ុន្ដែនាយលេចមុខនៅប៉ុស្ដិ៍លេខ៥ កម្មវិធី”ចៅលោកតា”ដោយចាប់ដៃគូជាមួយអ្នកនាងវ៉ាន់ នីឡា ខណៈដែលនាយថាកំពុងថតភាពយន្ដខ្នាតធំ១ឲ្យផលិតកម្មរាម ក្នុងតំណែងតួសំខាន់ទៀតផង។តារាកំប្លែងកូន២រូបនេះបន្ថែមថាអាជីពកំប្លែងមិនពិបាកខ្លាំងឡើយសម្រាប់រូបនាយ ព្រោះការនិយាយស្ដីទៅតាមអ្នកដឹកនាំឲ្យប៉ារូល ហើយប្រាក់ចំណូលគូសមជាងមុន បើធៀបអំឡុងពេលនាយធ្លាប់ធ្វើជាកម្មករសំណង់ជាច្រើនឆ្នាំជាមួយបងៗនាយនោះ៕

