ខេត្តបាត់ដំបង ៖ បុរសពោះម៉ាយម្នាក់ ដែលផឹកស្រាស្រវឹង រួចបែកគំនិតយកគ្រាប់បែកមកបំផ្ទុះសម្លាប់ខ្លួន នៅចំណុចអាងទឹក បរិវេណ វិមានសព ស្ថិតក្នុងក្រុងបាត់ដំបង និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នោះ ត្រូវបានគេសង្ស័យថា អាចផ្តើមចេញពីរឿងស្នេហាត្រីកោណ ដោយសារជនរងគ្រោះតូចចិត្តនឹងនារីជាសង្សារ វិលត្រឡប់ទៅរួមរស់ជាមួយប្តីវិញ ខណៈដែលនៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំលារបស់ជនរងគ្រោះ។


បុរសដែលបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួននោះ មានឈ្មោះចិន ធុរ៉េន អាយុ២៣ឆ្នាំ ជាបុរសពោះម៉ាយកូន១ មានលំនៅ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល មុខរបរជាបុគ្គលិកភោជនីយដ្ឋានមួយកន្លែង នៅក្រុងប៉ោយប៉ែត។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពោលគឺក្រោយជនរងគ្រោះបានបញ្ចប់ការផឹកស៊ីជាមួយមនុស្សប៉ុន្មាននាក់ ដែលស្នាក់នៅក្នុងវិមានសព (ទីតាំងកើតហេតុ) នោះ។ មុនកើតហេតុ គេឮតែសំឡេងផ្ទុះលាន់កក្រើករាត្រី នៅយប់កើតហេតុនោះដែរ តែពេលគេទៅរកមើលចំណុចកើតហេតុ ពុំឃើញមានអ្វីឡើយ ព្រោះពេលបំផ្ទុះគ្រាប់បែក ជនរងគ្រោះបានជិះលើទូកស្មាច់តូចមួយ បណ្តែតក្នុងស្រះ ហើយពេលផ្ទុះ ក៏បានលិចទាំងទូក និងមនុស្ស ទៅក្នុងទឹក ទើបគេរកមិនឃើញអ្វី ហើយក៏ស្ងាត់ឈឹងរហូតមក ណាមួយនឹកស្មានថាគេដុតផាវលេង ក៏នាំគ្នាចូលដេកវិញ មិនចាប់អារម្មណ៍អ្វីនោះទេ។ រហូតមកដល់ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបមានការភ្ញាក់ផ្អើល ក្រោយពីប្រទះឃើញសពអណ្តែតទឹក។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះចិន ធុរ៉េន ជាបុរសពោះម៉ាយកូន១ និងជាបុគ្គលិកភោជនីយដ្ឋានមួយ នៅក្រុងប៉ោយប៉ែត។ ក្រោយបែកបាក់គ្រួសារ ជនរងគ្រោះបានទាក់ទងស្នេហាជាមួយនារីម្នាក់ ឈ្មោះដាវ៉ាន់ អាយុ២៥ឆ្នាំ មានកូន២នាក់ (ប្តីកំពុងជាប់ពន្ធនាគារ) និងជាអ្នករួមការងារនៅក្នុងភោជនីយដ្ឋាន ឯក្រុងប៉ោយប៉ែត។

ប្រភពដដែល បន្តថា ក្រោយពីបង្កាត់ភ្លើងស្នេហ៍បានជាង១ឆ្នាំ ថ្មីៗនេះ ប្តីរបស់នាងដាវ៉ាន់ ត្រូវបានដោះលែងចេញពីពន្ធនាគារវិញ ហើយបុរសនេះ ក៏ត្រឡប់ទៅរួមរស់ជាមួយប្រពន្ធកូនខ្លួនវិញ ជាហេតុធ្វើឱ្យគូស្នេហ៍មួយនេះ ត្រូវចែកផ្លូវគ្នាវិញទាំងតក់ក្រហល់ និងធ្វើឱ្យជនរងគ្រោះខាងលើ ខូចចិត្តយ៉ាងខ្លាំង ដែលនេះអាចជាដើមហេតុដែលនាំឱ្យជនរងគ្រោះ គិតខ្លី យកគ្រាប់បែកដៃ មកបំផ្ទុះសម្លាប់ខ្លួន និងបានបន្សល់ទុកបណ្តាំប៉ុន្មានឃ្លា នៅលើក្រដាសពណ៌លឿង។

សមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានមកជួបក្រុមគ្រួសារខាងស្រី ដែលស្នាក់នៅក្នុងវិមានសព ក្នុងបំណងសួរនាំរឿងនាងដាវ៉ាន់ ផង និងបានជួបជុំផឹកស៊ីជាមួយសាច់ញាតិនាងផង ។ លុះដល់យប់កើតហេតុ ក្រោយពីផឹកស៊ីជុំគ្នា ដល់ម៉ោង ២រំលងអធ្រាត្រ ក៏ចែកផ្លូវគ្នាទៅសម្រាក។ ស្រាប់តែប្រមាណកន្លះម៉ោងក្រោយ ក៏ឮស្នូរផ្ទុះ និងធុំក្លិនឈ្ងៀមផ្សែង ទើបមានអ្នកចេញមករកមើលដែរ តែមិនឃើញមានអ្វីសោះ ទើបនាំគ្នាចូលដេកវិញអស់ទៅ។

រហូតមកដល់ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបប្រទះឃើញសពជនរងគ្រោះអណ្តែតក្នុងទឹកអាងខាងលើ ក៏ធ្វើឱ្យមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
តាមប្រភពីសមត្ថកិច្ចជំនាញ ដែលចុះមកពិនិត្យនិងធ្វើកោសល្យវិចិយសព បានបញ្ជាក់ថា សពមានស្នាមរបួសសុសសាច់ នៅផ្នែកខាងស្តាំ ទាំងដៃទាំងជើង រីឯទូកស្មាច់ មានស្នាមធ្លុះធ្លាយ។ ចំណែកនៅក្បែរមាត់ស្រះទឹក ឃើញមានបំណែកគ្រាប់បែកមួយចំនួន និងស្លាបព្រាគ្រាប់បែកផង ដែលគេសន្និដ្ឋានថា អាចជាគ្រាប់បែកប្រភេទក្រឡាទៀប ហើយជនរងគ្រោះបានប្រើប្រាស់គ្រាប់បែកនេះបំផ្ទុះ ដើម្បីធ្វើអត្តឃាត។

ជាមួយនេះ នៅកន្លែងកើតហេតុ សមត្ថកិច្ច ក៏បានរកឃើញមានបណ្តាំរបស់ជនរងគ្រោះ ដែលបានសរសេរទុកនៅលើក្រដាសពណ៌លឿង ប៉ុន្មានសន្លឹក មានន័យថា «អូនវិលរកប្តី ឲ្យបងស្លាប់ចុះ!» រួចក៏បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនតែម្តង។

ក្នុងលិខិតផ្តាំលា របស់ជនរងគ្រោះបានរៀបរាប់ថា “ខ្ញុំចាញ់គ្រប់យ៉ាង ខ្ញុំហត់នឿយ ខ្ញុំសុំទោសចេញទៅអត់បានលា… អរគុណ ពីមុនធ្វើល្អដាក់ខ្ញុំ ដាវ៉ាន់ សង្ឃឹមថាអ្នកបានសុខ…។ ចែឡា បងដំ ចែង៉ា ផ្ញើមើលកូនខ្ញុំផង កុំឱ្យវាល្ងង់ដូចខ្ញុំ។ ម៉ាក់ប៉ា កូនសុំទោស…”។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
