ខេត្តតាកែវ ៖ បុរសវ័យចំណាស់ម្នាក់ ឱ្យផឹកស្រវឹង ចេះតែរករឿងប្រពន្ធកូនជាប្រចាំ តែកន្លងមក ស្ត្រីជាប្រពន្ធ មិនដែលតបតអ្វីនោះទេ លុះចុងក្រោយ គ្រាន់តែទាស់សម្តីគ្នា ស្រាប់តែបុរសជាប្តី ទាញរនូតគ្រែដែលមានដែកគោលជាប់ផង មកវាយប្រពន្ធ ទើបស្ត្រីជាប្រពន្ធស្ទុះទៅដណ្តើមបានរនូតគ្រែ រួចក៏វាយប្តីជាច្រើនដំបង បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ចំណែកស្ត្រីសង្ស័យជាប្រពន្ធ ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្ម ប្រពន្ធវាយប្តីស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង។
បុរសរងគ្រោះជាប្តីដែលត្រូវប្រពន្ធវាយស្លាប់ មានឈ្មោះឌឿន តារា អាយុ៥៨ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីដៃដល់ ជាប្រពន្ធ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនុត ម៉ៅ អាយុ៥៣ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំងពីរ មានកូនក្នុងបន្ទុក ចំនួន៦នាក់ និងមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

លោកសួស វណ្ណៈ អធិការរងស្រុកសំរោង ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា កន្លងមក ប្តីប្រពន្ធខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មាននោះទេ ដោយសារតែបុរសជាប្តី ចូលចិត្តផឹកស្រា និងពូកែរករឿងឈ្លោះប្រកែក ជេរស្តីប្រពន្ធកូន សឹងតែរាល់ថ្ងៃ ប៉ុន្តែកន្លងមក ស្ត្រីជាប្រពន្ធ មិនដែលតបតជាមួយប្តីនោះទេ ព្រោះមិនចង់មានរឿងវែងឆ្ងាយ។

លោកអធិការរង បន្តថា លុះមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោង ៧យប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសជាប្តី បានផឹកស្រាស្រវឹង រួចបានមករករឿងឈ្លោះប្រកែកជាមួយប្រពន្ធ សាជាថ្មី ធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៏តមាត់វិញ ទើបកើតជាជម្លោះពាក្យសម្តី ជាហេតុធ្វើឱ្យបុរសជាប្តីខឹងសម្បា ក៏ស្ទុះទៅទាញរនូតគ្រែដែលមានជាប់ដែកគោលផង ដើរសំដៅមករកវាយប្រពន្ធ លុះស្ត្រីជាប្រពន្ធឃើញទាន់ ក៏ចាប់ប្រតាយប្រតប់ ដណ្តើមរនូតគ្រែនោះបាន រួចក៏សំពងបុរសជាប្តី ជាច្រើនដំបង បណ្តាលឱ្យរងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុការណ៍ខាងលើ កូនៗ រួមនិងអ្នកជិតខាង បានប្រញាប់ដឹកបញ្ជូនជនរងគ្រោះជាប្តី ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះដែរ តែអកុសល ដោយសារស្ថានភាពរបួសធ្ងន់ពេក ទើបបុរសជាប្តី បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនស្ត្រីដៃដល់ជាប្រពន្ធ រួមជាមួយវត្ថុតាង នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាប្រពន្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើរនូតគ្រែ មានជាប់ដែកគោល វាយប្តីមែន មូលហេតុដោយសារប្តីរករឿងឈ្លោះ និងបានទាញរនូតគ្រែនោះមករកវាយខ្លួនមុន ទើបខ្លួនដណ្តើមបាន ក៏វាយសងវិញ។

ស្ត្រីដៃដល់ជាប្រពន្ធ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះជាប្តី ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕