ប៉េកាំង (ចិន) ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋ ធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសមជាមួយលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ហើយក្នុងឱកាសនោះ លោកប្រធានាធិបតីចិន បាន ប្រកាសផ្តល់ជំនួយឥតសំណង មានទឹកប្រាក់ ៣០០លានយ័ន (ប្រមាណ ៤៤លានដុល្លារអាមេរិក) ចំពោះគម្រោ ងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង លោកស៊ី ជីនពីង មានប្រសាសន៍សម្តែង នូវការស្វាគមន៍ចំពោះសម្តេចនាយករដ្ឋមន្រ្តី ជាមេដឹកនាំពិភពលោកលើកទី១ ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិន។
សម្តេចហ៊ុន សែន បានអបអរសាទរចំពោះការអញ្ជើញនេះ។ សម្តេច បានមានប្រសាសន៍បន្តថា កាលដែល សម្តេច អញ្ជើញមកកាន់ប្រទេសចិន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ពេលដែលផ្ទុះកូវីដ យ៉ាងខ្លាំងនោះគឺចង់ លើកទឹកចិត្តនិស្សិតមួយចំនួននៅវ៉ូហាន និងម៉្យាងវិញទៀត សម្តេច ក៏ដូចជាកម្ពុជា ចង់ឈរនៅជាមួយប្រជា ជនចិន នៅពេលជួបគ្រាលំបាក។
ក្នុងជំនួបនោះ មេដឹកនាំទាំងពីរ កម្ពុជា-ចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នា។ លោក ស៊ី ជីនពីង មានប្រសាសន៍កោតសរសើរ ចំពោះស្នាដៃរបស់សម្តេចហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទទួលបាន ជោគជ័យដ៏ត្រចះត្រចង់។ សម្តេច បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមធានាឲ្យទទួលបាន ជោគ ជ័យ។
នៅក្នុងជំនួបនោះ មេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរដែលឈាន ពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែប និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួមជោគ វាសនាតែមួយ។
មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើ វិស័យចំនួន៦ រួមមាន ទី១-នយោបាយ និងការទូត ២-វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ៣-កសិកម្ម ៤-ថាមពល ៥-សន្តិសុខ ៦-ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់ វិស័យ សុខាភិ បាលនៅកម្ពុជា។ នៅក្នុងជំនួបនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានគាំទ្រចំពោះជំហគោល នយោបាយ របស់កម្ពុជា ចំពោះភាពឯករាជ្យ បូរណភាពទឹកដី របស់កម្ពុជា។
ទាក់ទិននឹងការលើកឡើងរបស់លោកប្រធានាធិបតីចិន សម្តេចហ៊ុន សែន បានឆ្លើយតបថាជំនួយឧបត្ម្ភរបស់ ចិន គឺមិនគ្រាន់តែចូលរួមចំណែកដល់ភាពរីកចម្រើនរបស់កម្ពុជា ប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹង ឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះការចូល ជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៣ ដែលបានជំរុញការបើកទីផ្សាររបស់ចិន ទទួលកសិផលនិងមច្ឆជាតិរបស់កម្ពុជា។ លោកប្រធានាធិបតី ចិន មានប្រសាសន៍ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបឹងទន្លេសាប។
ទាក់ទិនទៅនឹងប្រសាសន៍លើកឡើងរបស់លោកប្រធានាធិបតីចិន សម្តេចហ៊ុន សែន បានស្វាគមន៍ចំពោះ គំនិតផ្តួចផ្តើមដ៏មានសារសំខាន់របស់លោកប្រធានាធិបតីចិន ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្គរ នៅភាគ ពាយ័ព្យរបស់កម្ពុជា។ សម្តេច បន្តថា កម្ពុជា មានប៉ូលសេដ្ឋកិច្ច ចំនួន៣ រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឥសាន ហើកម្ពុជា នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។
នៅក្នុងជំនួបនោះដែរ លោក ស៊ី ជីនពីង និងសម្តេចហ៊ុន សែន បានឯកភាពគ្នា ក្នុងការជំរុញ កិច្ចសហប្រតិបត្តិ ការលើការជំរុញការផលិតប្រភពថាមពលអគ្គិសនី ដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតង។ ក្នុង ជំនួបនោះ សម្តេចហ៊ុន សែន បានស្នើដល់លោកប្រធានាធិបតីចិន ជំរុញអ្នកទេសចរណណ៍ចិន មកទស្សនា កម្ពុជា ឲ្យកាន់ច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរឹតត្បិតរបស់ប្រទេសចិន ពិសេសការលើក ទឹកចិត្តពីលោក ប្រធានាធិបតី ដើម្បីឲ្យអ្នកទេសចរចិន ធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច។ សម្តេចហ៊ុន សែន មានប្រសាសន៍សង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជា ងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភ របស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលបើមិនមានវ៉ាក់សាំងចាក់ស្រោចដែលផ្តល់ដោយភាគីចិន នោះទេ មិនដឹងថាប្រជាជនកម្ពុជា មានវាសនាបែបណានោះទេ ពិសេសកម្ពុជា បានបើកសេដ្ឋកិច្ចនិងប្រទេសឡើងវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអរគុណចំពោះសម្តេចហ៊ុន សែន ដែលបានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នកណា?»។ លោក ស៊ី ជិនពីង បានឧបត្ថម្ភជំនួយឥតសំណង មានទឹកប្រាក់ ៣០០លានយ័ន (ប្រមាណ ៤៤លានដុល្លារអាមេរិក) ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជនកម្ពុជា។ ក្នុងជំនួបដែលបានចំណាយពេលប្រមាណ ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឈាន ដល់ចំណុចកំពូលថ្មីមួយទៀត៕