Monday, November 25, 2024
Homeព័ត៌មានជាតិប្រុ......សតាមជេរដ.......ល់ផ្ទះ ស្រីវ៉ៃ.......ស្លា......ប់

ប្រុ……សតាមជេរដ…….ល់ផ្ទះ ស្រីវ៉ៃ…….ស្លា……ប់

ខេត្តសៀមរាប ៖ បុរសស្ត្រីជាអ្នកភូមិជាមួយគ្នា ១ក្រុម បានជួបជុំគ្នាលេងបៀ និងផឹកស្រាថ្នាំលុះស្រវឹង ស្រាប់តែបុរសស្ត្រី ២នាក់ ក្នុងចំណោមនោះ បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា ធ្វើឱ្យអ្នកផ្សេងទៀតបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន សល់តែភាគីជម្លោះ នៅបន្តឈ្លោះប្រកែកគ្នាទៀត ដោយខាងប្រុសតាមទៅជេរខាងស្រីដល់មុខផ្ទះ ជាហេតុធ្វើឱ្យខាងស្រីទប់កំហឹងមិនបាន ក៏ទាញបន្ទះឈើ មកវាយក្បាលពីក្រោយ បណ្តាលឱ្យបែក រយះហូរឈាមស្រោចខ្លួន លុះក្រោយមកក៏បានស្លាប់យ៉ាងអាណោចអាធ័ម។

ករណីអំពើហិង្សានេះ បានកើតឡើង តាំងពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។ រហូតមកដល់វេលាម៉ោង ៣រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខផ្ទះរបស់ស្ត្រីសង្ស័យតែម្តង។

ស្ត្រីសង្ស័យដែលវាយបុរសម្នាក់បណ្តាលឱ្យស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរ៉ឹម ចិន អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ មានលំនៅ ភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។ ចំណែកជនរងគ្រោះ មានឈ្មោះវេត សៃ ហៅវ៉ៃ អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ អ្នកភូមិ ១ក្រុម រួមមាន ឈ្មោះធុច សារិ ភេទប្រុស អាយុ៥៥ឆ្នាំ ឈ្មោះ រ៉ឹម ចិន ភេទស្រី អាយុ៣៣ឆ្នាំ (ស្ត្រីសង្ស័យ) ឈ្មោះវេត សៃ ហៅ វ៉ៃ ភេទប្រុស អាយុ៣១ឆ្នាំ (ជនរងគ្រោះ) បានទៅលេងបៀ នៅផ្ទះរបស់ឈ្មោះវឹម សាវិត ភេទស្រី និងប្តីឈ្មោះញុក ណយ ដោយអ្នកទាំងអស់គ្នាខាងលើ បាននាំគ្នាលេងបៀ និងផឹកស្រាថ្នាំបណ្តើរ។

ប្រភពដដែល បន្តថា លុះដល់វេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃដដែលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាប់តែជនរងគ្រោះ ឈ្មោះវេត សៃ ហៅវ៉ៃ បានជេរបញ្ចោរទៅលើស្ត្រីសង្ស័យឈ្មោះរ៉ឹម ចិន ភ្លាមនោះក៏មានជម្លោះកើតឡើង។ បន្ទាប់មកគ្នីគ្នាទាំងអស់នោះ បានមកបំបែកគ្នា ត្រឡប់ទៅផ្ទះវិញអស់រៀងខ្លួន នៅសល់តែជនរងគ្រោះ មិនព្រមឈប់ជេរ នៅតែតាមរករឿងស្ត្រីសង្ស័យរហូត។ លុះក្រោយមក ដោយសារស្ត្រីសង្ស័យទ្រាំមិនបាន ក៏បានស្ទុះទៅយកបន្ទះឈើដែលមានប្រវែង ១ម៉ែត្រ ទៅវាយក្បាលរបស់ជនរងគ្រោះ ពីលើ ផ្នែកខាងក្រោយ បណ្តាលឱ្យបែក រយះហូរឈាមស្រោចខ្លួន។ ក្រោយពីត្រូវរបួសហើយ ជនរងគ្រោះបានទៅដេកនៅមុខផ្ទះស្ត្រីសង្ស័យ ចំណែកស្ត្រីសង្ស័យ បានឡើងដេកលើផ្ទះ ជាមួយប្តីបាត់ទៅ ។

រហូតមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ត្រីសង្ស័យបានយកទឹកទៅលាងរបួសឱ្យជន​រងគ្រោះដេកនៅនឹងមុខផ្ទះរបស់ខ្លួន បន្ទាប់មក ជនរងគ្រោះមិនបានទៅណាទេ។ រីឯស្ត្រីសង្ស័យ ក៏មិនបានចាប់អារម្មណ៍អ្វីដែរ។ លុះមកដល់វេលាម៉ោង៣រសៀល ថ្ងៃដដែលនោះ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅនឹងមុខផ្ទះរបស់ស្ត្រីសង្ស័យតែម្តង ជាហេតុធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ និងបានឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ នាំយកមកសាកសួរ។

ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES