ខេត្តសៀមរាប ៖ នារីវ័យក្មេងម្នាក់ បើករថយន្តទំនើប ១គ្រឿង បុករះម៉ូតូ ចំនួន៨គ្រឿង ដែលចតទុកចោលមុខ ហាងកាហ្វេ ហើយចុះគេចខ្លួនបាត់។ ក្រោយកើតហេតុ ម្ចាស់ម៉ូតូរងគ្រោះចំនួន៧គ្រឿង បានដាក់ពាក្យបណ្តឹង នៅសល់តែម្ចាស់ម៉ូតូ ១គ្រឿងប៉ុណ្ណោះ មិនបានដាក់ពាក្យបណ្តឹងនោះទេ បន្ទាប់មកក៏មានសាច់ញាតិភាគីម្ចាស់ រថយន្តបង្កហេតុ បានចូលមកដោះស្រាយ និងសងសំណងជូនម្ចាស់ម៉ូតូរងគ្រោះ ៧នាក់។

ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទីទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅខាងត្បូងវង្វង់មូលផ្សារចាស់ ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
រថយន្តបង្កខាងលើ ម៉ាក Meceder ML500 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-5712 បើកបរដោយនារីវ័យក្មេងម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានគេចខ្លួនបាត់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្តទំនើបមួយគ្រឿងម៉ាក Meceder ML500 ពណ៌ខ្មៅ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែបានរេចង្កូតជ្រុលទៅបុករះម៉ូតូ ចំនួន៨គ្រឿង ដែលចតនៅមុខហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គុំ បណ្តាលឱ្យរងការខូចខាតតែម្តង។ បន្ទាប់ពីបង្កហេតុរួច គេឃើញនារីវ័យក្មេងជាអ្នកបើកបររថយន្តបង្កហេតុបានចុះពីរថយន្ត រួចគេចខ្លួនបាត់ភ្លាមៗ។

ក្រោយកើតហេតុ ភាគីម្ចាស់ម៉ូតូ ចំនួន៧គ្រឿង បានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជំនាញជួយអន្តរាគមន៍ ខណៈដែលម្ចាស់ម៉ូតូម្នាក់ទៀត មិនបានដាក់ពាក្យបណ្តឹងនោះទេ។ បន្ទាប់មក ក៏មានសាច់ញាតិភាគីម្ចាស់រថយន្តបង្កហេតុ បានចូលមកដោះស្រាយ និងសងសំណងជូនម្ចាស់ម៉ូតូរងគ្រោះ ៧នាក់ នៅមុខមន្ត្រីនគរបាលចរាចរណ៍ មាត់ស្ទឹងសៀមរាប៕