ភ្នំពេញ ៖ ស្ត្រីមេតុងទីនម្នាក់ ត្រូវបានគេអះអាងថា ជាមន្ត្រីបម្រើការងារនៅស្ថាប័នច្បាប់ផងនោះ បានរងការចោទប្រកាន់ថា បានវេចលុយតុងទីន ប្រមាណជិតកន្លះលានដុល្លារ រត់គេចខ្លួនបាត់ ធ្វើឱ្យកូនតុងទីន ប្រមាណជាង៦០នាក់ កំពុងទឹកភ្នែកជូតក្បាលជង្គង់ និងបានប្រមូលគ្នាដាក់ពាក្យប្តឹងមេតុទីន ពីបទឆបោក។
កូនតុងទីនម្នាក់ បានបង្ហោះរូបមេតុងទីន ក្នុងបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា “នេះជាមេតុងទីន មួយរូប ឈ្មោះហួយ វត្តនី ភេទស្រី អាយុ៣៦ឆ្នាំ ធ្វើមេតុងទីន នៅក្នុងស្ថាប័នមួយ ហើយបានឆបោកលុយកូនតុងទីន ពេញមួយស្ថាប័ននោះ អស់ប្រាក់រាប់សិបម៉ឺន ជិតកន្លះលានដុល្លារ បានវេចលុយកូនតុងទីនទាំងអស់នោះ ហើយរត់គេចបាត់ តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មកម៉្លេះ ដែលធ្វើឱ្យកូនតុងទីន ដេកឈឺចាប់ ម្នាក់ៗស្ទើរតែស្លាប់ ចំណែកមេបានវេចលុយកូន យកទៅសំងំសុខតែម្នាក់ឯង នេះជាស្រីដែលចង្រៃបំផុត ដែលមិនយល់ពីការឈឺចាប់របស់គេ។ ឈ្មោះអឿន មូលីកា ជាមេតុងទីនម្នាក់ដែរ គេចាប់បាន ចុះហេតុអីឈ្មោះហួយ វត្តនី គេចាប់មិនបាន ឬមួយមានគេនៅពីក្រោយខ្នង? តើម្នាក់នោះជាអ្នកណា ? បញ្ជាក់ ៖ ខ្ញុំមិនសំដៅទៅលើអ្នកណាទេ អ៊ីចឹងបើអ្នកមិនពាក់ព័ន្ធ កុំចេញមុខមកអី”។

តាមប្រភពព័ត៌មានពីកូនតុងទីនម្នាក់ ក្នុងចំណោមអ្នកលេងតុងទីន ជាង៦០នាក់ បានសម្តែងនូវការឈឺចាប់បំផុត ចំពោះល្បិចកលឆបោករបស់មេតុងទីនឈ្មោះហួយ វត្តនី ដែលវេចលុយរត់ ហើយមិនត្រូវបានចាប់ខ្លួន នាំមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ លើទង្វើដែលគេ ប្រព្រឹត្តទេ ។
តាមប្រភពដដែល បានឱ្យដឹងថា មេតុងទីន ឈ្មោះហួយ វត្តនី ជាមន្ត្រីបម្រើការងារនៅស្ថាប័នច្បាប់មួយ និងមានលំនៅក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ប្រភពខាងលើ អះអាងថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បុគ្គលឈ្មោះហួយ វត្តនី បានប្រមូលមន្ត្រីបម្រើការងារនៅអង្គភាពជាមួយគ្នា លេងតុងទីន ចំនួន៥ខ្សែ ក្នុង១ខ្សែ មានទឹកប្រាក់ ចំនួន២០០ដុល្លារ ហើយមួយខែ ដេញម្តង ក្រោយពេលបើកប្រាក់ខែ។

ប្រភពបន្តទៀតថា ដំបូងការលេងតុងទីននោះ គឹមានការជឿទុកចិត្តគ្នាណាស់ នៅពេលដល់ខែ ដេញតុងទីនម្តងៗ កូនបង់ឱ្យមេ ហើយមេក៏បានប្រគល់ប្រាក់ឱ្យទៅកូនណាដែលដេញបានគ្រប់ចំនួនដែរ តែមួយរយៈចុងក្រោយនេះ មេមានកាន់ឈ្មោះខ្មោច រួចដេញបានប្រាក់ប្រមាណជិតកន្លះលានដុល្លារ រត់គេចខ្លួនបាត់។ ក្រោយពេលដឹងថា មេតុងទីន វេចលុយជិតកន្លះលានដុល្លារ រត់គេចខ្លួន កូនតុងទីន បានដាក់ពាក្យបណ្តឹងចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្ត ដើម្បីចាត់ការលើបុគ្គលរូបនោះតាមនីតិវិធី។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីស្ត្រីឈ្មោះហួយ វត្តនី ដែលរងការចោទប្រកាន់ថា ជាមេតុទីន វេចលុយជាងកន្លះលានដុល្លារ រត់គេចខ្លួននោះ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
