ភ្នំពេញ ៖ បុរសម្នាក់ បានទិញផ្កា១បាច់ ដើម្បីជូនប្រពន្ធ ក្នុងទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ តែពេលបើករថយន្តដឹកបាច់ផ្កា ប្រញាប់ទៅជួបប្រពន្ធ ស្រាប់តែស៊យធ្លាក់ផ្លូវ ជ្រុលធ្លាក់ចូលស្រះទឹក តែហេងវិញដែលបាច់ផ្កាមិនលិចទឹក ក៏ប្រញាប់យកទៅជូនប្រពន្ធសិន ទើបវិលមកហៅឡានស្ទូច មកស្ទូចឡានចេញពីក្នុងទឹក យកទៅជួសជុល។
បុរសដែលបើកឡានដឹកបាច់ផ្កា ធ្លាក់ចូលទឹកនោះ មានឈ្មោះ ជា ច័ន្ទសុភារ័ត្ន អាយុជាង៣០ឆ្នាំ មុខរបជាមន្ត្រីយោធា រស់នៅរាជធានីភ្នំពេញ។

តាមប្រភពពីមិត្តភក្តិបុរសខាងលើ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាទិវានៃក្តីស្រឡាញ់ (Valentine’s Day) បុរសខាងលើ បន្ទាប់ពីចេញពីកន្លែងធ្វើការ បានទៅទិញផ្កាកុលាបក្រហមមួយបាច់ ដើម្បីយកទៅជូនស្ត្រីជាប្រពន្ធ ដែលបានរៀបការជាមួយគ្នា បានជាង១ឆ្នាំមកហើយ និងមានកូនតូចម្នាក់ ឈ្មោះតាន់តាន់។

ប្រភពដដែល បន្តថា នៅពេលបើកឡានម៉ាកកូរ៉ូលឡា ពណ៌ខៀវ ប្រញាប់យកបាច់ផ្កាទៅជូនប្រពន្ធនៅផ្ទះ ស្រាប់តែរវល់ងាកមើលបាច់ផ្កាដែលដាក់នៅលើកៅអីរថយន្តខាងក្រោយ ធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ផ្លូវ រួចធ្លាក់ចូលស្រះទឹក តែសំណាងល្អ ទឹករាក់ មិនលិចរថយន្តទាំងស្រុងទេ ហើយក៏មិនបង្កឲ្យអ្នកបើករថយន្តមានរបួសអ្វីទេ។ ភ្លាមៗនោះ បុរសខាងលើ បានប្រញាប់បើកទ្វាររថយន្ត យកបាច់ផ្កា ចេញពីក្នុងរថយន្ត ខ្លាចទទឹកខូចខាត។ បន្ទាប់មក បានទុករថយន្តនៅនឹងកន្លែងកើតហេតុសិន ដោយប្រញាប់យកបាច់ផ្កាទៅជូនប្រពន្ធនៅឯផ្ទះ រួចសឹមត្រឡប់មកទាក់ទងហៅរថយន្តស្ទូច មកស្ទូចរថយន្តចេញពីក្នុងទឹក។

បន្ទាប់ពីបានយកបាច់ផ្កា ជូនដល់ដៃប្រពន្ធហើយ បុរសខាងលើ បានបង្ហោះរូបភាពរថយន្តធ្លាក់ទឹក និងបាច់ផ្កាកុលាប ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយសំណេរថា «ដល់គោលដៅសម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ជូនម៉ាក់តាន់តាន់»។
ចំណែកស្ត្រីវ័យក្មេងជាប្រពន្ធ នៅល្ងាចថ្ងៃដដែលនោះ មុនពេលដឹងរឿងប្តីបើកឡានធ្លាក់ទឹក ដោយរង់ចាំមើលផ្លូវប្តី ក្រមកដល់ផ្ទះ នឹកខឹង ក៏បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា «មិនត្រឹមអត់ផ្កា អត់កាដូទេ វាបាត់ទាំងប្តីទៀត ស្អែកឃុំខលលីងហើយ»។

ប៉ុន្តែនៅពេលឃើញប្តីយកបាច់ផ្កាមកជូន និងដឹងរឿងឡានប្តីធ្លាក់ទឹក ក៏បានសរសេរបន្ថែមថា «បាត់ម៉ាព្រឹកទល់ល្ងាច អ្នកណាមិនខឹង ដំបូងខឹង ឮដំណឹងភ័យ ពេលដឹងថាសុវត្ថិភាពសើច តែឥឡូវដល់វគ្គអាណិតពូម្ចាស់ឡានម្តង»។
ស្ត្រីជាប្រពន្ធ សរសេរបន្ថែមទៀតថា «ប៉ាវាថា អត់បាន prank ទេណាម៉ាក់វា ពិតៗ ដំបូងខឹង ពេលបានដំណឹងភ័យ ពេលដឹងថាសុវត្ថិភាពរំភើប តែឥលូវដល់វគ្គអាណិតម្ចាស់ឡានវិញ Thank you papa តាន់តាន់»។

ចំណែកមិត្តភក្ដិរបស់បុរសជាប្តី បន្ទាប់ពីបានដំណឹងខាងលើ បានចូលទៅ Comment តាមការយល់ឃើញរៀងខ្លួន ដោយខ្លះថា «ស៊យឡានធ្លាក់ទឹក ហេងវិញអត់លិចផ្កា» ខ្លះថា «ឡានលិចទឹលិចចុះ កុំឲ្យតែលិចផ្កា សំខាន់ប្រពន្ធស្អាតនៅផ្ទះ ឡានទុកមូយដុំសិនចុះ យកផ្កាជូនអូនសិន Happy Valentine’s Day !» …៕ ខៀវទុំ
