ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃដិនបាននិយាយថាលោកគ្រោងនឹងជួបសន្ទនាជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងនាពេលអនាគតបន្ទាប់ពីលោកសម្រេចចិត្តអោយបាញ់ទម្លាក់បាឡុងហោះឈ្លបយកការណ៍ និងវត្ថុមិនស្គាល់អត្តសញ្ញាណចំនួនបីផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីអិនអិនកាលពីថ្ងៃសុក្រទី១៧កុម្ភៈឆ្នាំ២០២៣។

ទោះជាយ៉ាងណាក្តីលោក បៃដិន មិនបានបញ្ជាក់ថាតើជំនួបដ៏មានសក្តានុពលរវាងមេដឹកនាំទាំងពីរនឹងកើតឡើងនៅពេលណានោះទេតែលោកបាននិយាយនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិកនឹងបន្តទំនាក់ទំនងជាមួយចិន។
លោកបានបញ្ជាក់ថាយើងស្វែងរកការប្រកួតប្រជែង មិនមែនជម្លោះជាមួយចិនទេ។យើងមិនស្វែងរកសង្រ្គាមត្រជាក់ថ្មីទេ ប៉ុន្តែខ្ញុំមិនសុំទោសទេ ហើយយើងនឹងប្រកួតប្រជែងបន្តទៀត។ នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍លោកបៃដិនបានថ្លែងថា ខ្ញុំសង្ឃឹមថាយើងនឹងឈានដល់ចំណុចរួមមួយ ប៉ុន្តែខ្ញុំមិនសុំទោសចំពោះការបាញ់ទម្លាក់បាឡុងហោះរបស់ចិន។
ជាមួយគ្នានេះដែរលោកក៏បាននិយាយថាឧប្បត្តិហេតុថ្មីៗនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាបាននូវទំនាក់ទំនងបើកចំហររវាងអ្នកការទូត និងអ្នកជំនាញយោធារបស់យើង។

លោកបៃដិន៖គ្មានអ្វីដែលបង្ហាញថាវត្ថុចម្លែកទាំង ៣ ទាក់ទងនឹងប្រទេសចិន តែភ្ជាប់ទៅនឹងក្រុមហ៊ុនឯកជន
លោកប្រធានាធិបតីចូបៃដិនបាននិយាយថា ខណៈពេលដែលវានៅតែមិនទាន់ច្បាស់ថា តើវត្ថុទាំងបីដែលមិនស្គាល់អត្តសញ្ញាណនោះជាអ្វីគ្មានអ្វីដែលបង្ហាញថាពួកវាពាក់ព័ន្ធនឹងកម្មវិធីបាឡុងហោះចារកម្មរបស់ប្រទេសចិន ឬថាពួកគេជាយានឃ្លាំមើលពីប្រទេសដទៃ ឬប្រទេសណាមួយផ្សេងទៀតនោះទេ»។លោកអះអាងថាវត្ថុដែលត្រូវបានបាញ់ទម្លាក់នៅអាមេរិកខាងជើងកាលពីសប្តាហ៍មុនហាក់ដូចជាមិនមែនជាផ្នែកនៃប្រតិបត្តិការបាឡុងហោះ ចារកម្មរបស់ប្រទេសចិននោះទេ។
លោកបៃដិនបាននិយាយក្នុងអំឡុងសុន្ទរកថាពីសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថាការវាយតម្លៃបច្ចុប្បន្នរបស់សហគមន៍ស៊ើបការណ៍គឺថាវត្ថុទាំងបីនេះទំនងជាបាឡុងដែលភ្ជាប់ទៅនឹងក្រុមហ៊ុនឯកជន កន្លែងកម្សាន្ត ឬស្ថាប័នស្រាវជ្រាវដែលកំពុងសិក្សាអាកាសធាតុ ឬធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រផ្សេងទៀត។ការអះអាងបែបនេះវាដូចគ្នាទៅនឹងការអះអាងរបស់ចិនដែលថាជាបាឡុងហោះសម្រាប់តាមដានអាកាសធាតុ។
ប្រធានាធិបតីបៃដិនបាននិយាយថា លោកបានបញ្ជាឱ្យយោធាបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណចំនួនបីកាលពីចុងសប្តាហ៍ដោយសារតែពួកគេអាចបង្កគ្រោះថ្នាក់ចំពោះចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្មនិងដោយសារហានិភ័យនៃការឃ្លាំមើលនៃគ្រឿងបរិក្ខាររសើបយោធា៕