ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ឃើញសត្វគោរបស់អ្នកជិតខាង ១ក្បាល ចូលមកស៊ីដំណាំរបស់ខ្លួន ស្រាប់តែស្ទុះទាញពូថៅកាប់សត្វគោ ១ក្បាលនោះ បណ្តាលឱ្យដាច់ក្បាលចេញពីដងខ្លួន ងាប់នៅនឹងកន្លែងយ៉ាងរន្ធត់ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ។
ករណីខាងលើនេះ បានកើតឡើង កាលពីវេលារសៀលថ្ងៃទី១៧ ខែកុម្ភៈ នៅត្រង់ចំណុចចម្ការដំណាំ១កន្លែង ស្ថិតក្នុងភូមិក្រពើ២ក្រោម ឃុំក្រពើ២ ស្រុកវាលវែង។

ជនដែលកាប់សត្វគោ បណ្តាលឱ្យដាច់ក្បាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះម៉ែន ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ មានលំនៅ ភូមិក្រពើ២ក្រោម ឃុំក្រពើ២ ស្រុកវាលវែង។ ចំណែកជនរងគ្រោះជាម្ចាស់សត្វគោ មានឈ្មោះចាយ គាសី ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅ ភូមិជាមួយគ្នា។

លោកអធិការនគរបាលស្រុកវាលវែង បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថា កម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពើ២ សហការស្រាវជ្រាវរហូតឃាត់ខ្លួនបុរសម្នាក់ រួមទាំងវត្ថុតាង (សពសត្វគោ និងពូថៅ) បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាបានបាត់សត្វគោ ១ក្បាល។

លោកអធិការនគរបាល បន្តថា កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ច បានទទួលបណ្តឹងពីប្រជាពលរដ្ឋឈ្មោះចាយ គាសី ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅ ភូមិក្រពើ២ក្រោម ឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថាខ្លួនបានបាត់សត្វគោញី ១ក្បាល មានសម្បុរស ដែលខ្លួនបានចងឱ្យស៊ីស្មៅនៅក្រោយផ្ទះរបស់ឈ្មោះម៉ែន ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

លោកអធិការបញ្ជាក់ទៀតថា បន្ទាប់ទទួលព័ត៌មានបែបនេះ កម្លាំងរបស់លោក សហការចុះដល់ផ្ទះឈ្មោះម៉ែន ផល្លាបានរកឃើញវត្ថុតាង ខ្មោចសត្វគោ មានក្លិនស្អុយ និងពូថៅដៃ ១ (ជាប់រោមគោ) រួចបានប្រគល់ខ្មោចសត្វគោ ឱ្យម្ចាស់ យកទៅចាត់ចែងបន្ត។
ចំណែកជនសង្ស័យឈ្មោះម៉ែន ផល្លា ត្រូវបានឃាត់ខ្លួនយកទៅសាកសួរ និងទទួលបានចម្លើយសារភាពថា ខ្លួន (ជនសង្ស័យ) ពិតជាបានសម្លាប់សត្វគោ ១ក្បាលនោះមែន មូលហេតុ ដោយសារខឹងសត្វគោនោះស៊ីដាំណាំរបស់ខ្លួន៕
