ភ្នំពេញ ÷ ឆ្លើយតបទៅនឹងថា ក្រោយប្រាក់រង្វាន់ សម្រាប់ផ្ដល់ជូនដល់បុគ្គលិក មន្រ្តីរាជការ សាលាសង្កាត់ចោមចៅទី១ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលបានមកពីវិស័យពន្ធដារ និងសូរិយោដី នៅក្នុងចន្លោះឆ្នាំ២០១៩-២០២០កន្លងទៅនោះ បានបាត់អស់ជាង ២០០លានរៀល ដោយពុំដឹងមូលហេតុ។


លោក កង វងចៅសង្កាត់ចោមចៅទី១ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើង កាលពីថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្រោយបានបើកលុយមកក្នុងកំឡុងឆ្នាំនោះ ដើម្បីធ្វើការបែងចែករាប់ចាប់តាំងពីរចៅសង្កាត់រហូតទៅដល់មន្ត្រីភូមិ ដែលជាអ្នកសកម្មបម្រើប្រជាពលរដ្ឋរួចហើយ ថវិកាមួយចំនួនទៀតក៏ត្រូវបានដាក់នៅលើតុជាមួយគ្នា សម្រាប់ចំណាយផ្សេងៗទៀត ដូចជាបម្រើក្នុងផលប្រយោជន៍ក្នុងការសាងសង់ទីស្នាក់ការសង្កាត់ និងមួយចំនួនទៀតសម្រាប់ចុះក្នុងមូលដ្ឋានរួមគ្នា ជាពិសេសចុះបេសកកម្មបន្ទាន់ក្នុងករណីចាំបាច់ណាមួយក្នុងការជួយប្រជាពលរដ្ឋ។


លោកបានបញ្ជាក់បន្ថែមថា, ក្នុងកំឡុងផ្ទុះការតវ៉ា គឺដើមឆ្នាំ២០១៩-២០២០ ពេលនោះថ្នាក់ដឹកនាំ ក៏បានកោះហៅធ្វើការដោះស្រាយ និងផ្សះផ្សារ នូវការភាន់ច្រឡំ ដើម្បីរក ការសាមគ្គីភាពផ្ទៃក្នុង ជាធ្លុងមួយរួចហើយ និងបានរៀបចំចាត់តាំងរចនាសម្ព័ន្ធការងារមួយច្បាស់លាស់ សម្រាប់ដឹកនាំអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រើនទៅតាមអ្វីដែលថ្នាក់នាំកំពូលនៃជាតិលោកចង់បាន។ ក្នុងនោះដោយមានការបែងចែកការងារច្បាស់លាស់ណាស់ ធ្វើយ៉ាងណា កុំឲ្យមានការរំលោភភារកិច្ចការងាររវាងមន្ត្រីក្នុងរដ្ឋបាលសង្កាត់ចោមចៅទី១រួចហើយផងដែរ។



ពាក់ព័ន្ធទៅហ្នឹងដែលថាមានការសង្ស័យថាបានបាត់កញ្ចប់ថវិការង្វាន់នោះលោកកង វងបានបញ្ជាក់បន្ថែមទៀតថា, ជាក់ស្ដែងពេលនោះច្បាស់ណាស់កញ្ចប់ថវិកាមួយចំនួន បានធ្វើការបែងចែកដល់មន្ត្រីតាំងពីថ្នាក់ចៅសង្កាត់ រហូតទៅដល់ភូមិ រួមទាំងប្រជាការពារនិងមានមួយចំនួនជួយដល់មូលដ្ឋាន។ លោក លោកស្រីដឹងហើយថាកាលនោះដើមឆ្នាំ២០១៩ សង្កាត់ចោមចៅទី១ ត្រូវបានទឹកជនលិចស្ទើរទាំងស្រុង នៅភូមិទាំង៨ ហើយក៏បានយកថវិកាជាច្រើនដើម្បីចុះមូលដ្ឋាន ជួយសង្គ្រោះនិងដោះស្រាយបញ្ហាប្រឈមនានា ក្នុងការកាយប្រឡាយសង្គ្រោះប្រជាពលរដ្ឋ មានតែប្រជាពលរដ្ឋទេ ទើបដឹងច្បាស់ថាពេលនោះខ្ញុំកង វងបានចុះដោះស្រាយនិងសង្គ្រោះប្រជាពលរដ្ឋបែបណា គឺចុះភ្លាមៗ តបតាមការណែនាំនិងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ(ពេលនោះ) បានទាន់សភាពការណ៍។កន្លងមកយើងដឹងហើយពាក់ព័ន្ធទៅនឹងប្រឡាយមេទួលពង្រទី១ និងទី២ ប្រឡាយបារាំង សភាពមុនស្ដារ និងក្រោយស្ដារ វាមានរូបភាពបែបម៉េច។


ជាក់ស្ដែងចុងឆ្នាំ២០១៨ ដើមឆ្នាំ២០១៩ ខ្ញុំបានចុះយុទ្ធនាការ កាយបើកផ្លូវទឹកប្រឡាយបារាំង បេសកកម្មពេលនោះប្រើរយៈពេល២០ ថ្ងៃត្រូវបានបញ្ចប់ ថវិកាក៏ចំណាយអស់ជាបន្តបន្ទាប់។
ខ្ញុំសូមជម្រាបជូនផងដែរថា ក្រោយមានការសម្របសម្រួលការងារជូន និងបានផ្សះផ្សារការងាររួចរាល់មក ស្មៀនសង្កាត់ចាស់ ក៏ត្រូវបានឈប់ឬផ្ទេរភារកិច្ច ហើយក៏មានមានស្មៀនថ្មីចូលមកបំពេញភារកិច្ចជាបន្ត ពេលនោះហើយក៏ចាប់ផ្ដើមរៀបចំការងារដែលនៅសេសសល់ ជាពិសេសដោយមានការចូលរួមសម្របសម្រួលពីស្មៀនចាស់លោកហួត ហេងជំនាន់មុន ក៏បានរៀបចំការងារស្របតាមលក្ខណៈស្តង់ដាបែបមន្ត្រីហិរញ្ញវត្ថុ ដំណើរការរលូនតាំងពីពេលនោះមកដល់បច្ចុប្បន្ននេះ ដោយមិនដែលមានការយឺតយ៉ាវក្នុងការអនុវត្តការងារណាមួយឡើយ ក៏ដូចជាពាក់ព័ន្ធក្នុងការបើកនឹងប្រើប្រាស់កញ្ចប់ថវិកាផ្សេងៗ។


លោកកង វងចៅសង្កាត់ចោមចៅទី១ បានរំលឹកបន្ថែមថា, ក្នុងកំឡុងពេលក្រោយដែលលោកចុះយុទ្ធនាការស្ដារប្រឡាយក្រោយទឹកជំនន់លិចភូមិទាំង៨ នៃសង្កាត់ចោមចៅទី១ ពេលនោះលោកក៏ធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ អស់រយៈពេល ២០ថ្ងៃ អត់ទាំងលុយព្យាបាលជំងឺផង បានគុណឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ(ពេលនោះ) បានជួយសម្របសម្រួលថ្លៃថ្នាំពេទ្យរហូតលោកបានរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ រហូតទៅដល់ពីរដង ធ្លាក់ខ្លួនឈើម្ដងទៀតក្នុងកំឡុងពេលដែលកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ កូវិដ១៩។


លោកបញ្ជាក់បន្ថែមថា, បើទោះបីជួបហេតុការណ៍ទាំងអស់នេះក៏ដោយ ក្នុងនាមចៅសង្កាត់ ក្នុងនាមអាជ្ញាធរមូលដ្ឋាន ខ្ញុំមិនដែលរុញរាក្នុងការដែលចុះទៅជួយប្រជាពលរដ្ឋនោះទេ ទៅទាំងឈឺ ទៅទាំងជា ក្នុងនាមអាជ្ញាធរមូលដ្ឋាន ខ្ញុំមិនដែលឈរមើលឱបដៃប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ ទាំង៨ភូមិរបស់ខ្ញុំ ជួបការខ្វះខាតស្រេកឃ្លាននោះទេ ស្របតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានក្រើនរំលឹកដល់មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបម្រើប្រជាពលរដ្ឋ ដាច់ខាតមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយកាដាច់បាយនោះឡើយ។


លោកកង វងនៅតែបញ្ជាក់ហើយ បញ្ជាក់ទៀតថា, កាលពីដើមឆ្នាំ២០១៩-២០២០ ពេលនោះបានកើតឡើងនូវបាតុភាពនិងមែន ក៏ប៉ុន្តែថ្នាក់ដឹកនាំបានធ្វើការដោះស្រាយសម្របសម្រួលរួចរាល់អស់ហើយ។
ហើយក៏ដំណើរការធ្វើការអភិវឌ្ឍមូលដ្ឋានជាបន្តបន្ទាប់មិនដែលមានបញ្ហាអ្វីនោះទេ។ ហើយលោកក៏មិនយល់ដែរថាហេតុអ្វីបានជាតាំងពីឆ្នាំ២០១៩ រហូតមកដល់ដើមឆ្នាំ២០២៣ បែរជារឿងនេះលេចចេញមកម្ដងទៀត។


លោកធ្វើការអះអាងថា, អ្នកដែលអាចវិនិច្ឆ័យអំពីស្នាដៃនៃការដឹកនាំមូលដ្ឋានសង្កាត់ចោមចៅទី១បាន មានតែថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំង៨ភូមិ ចំណុះឲ្យសង្កាត់ចោមចៅទី១ទេ ទើបយល់ពីបេះដូងរបស់លោក ទើបឃើញពីស្នាដៃក្នុងការដឹកនាំរបស់លោក។ ជាក់ស្ដែងយើងឃើញហើយថាក្រោយពីខ្ញុំបានចូលកាន់តំណែងជាចៅសង្កាត់ប្រជាពលរដ្ឋបានផ្ដល់ការទុកចិត្តអាណិត ស្រឡាញ់ និងបោះឆ្នោតជូនគណបក្សប្រជាជន រហូតមកដល់ឆ្នាំ២០២៣នេះ សំឡេងគាំទ្រដែលប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ។ ដូច្នេះខ្ញុំមិនបានយកពេលវេលាទៅផ្គាប់ផ្គន់បុគ្គលិកមន្ត្រីសង្កាត់មួយចំនួនតូចដែលមានគំនិតមិនល្អមកលើរូបខ្ញុំនោះទេ។ ខ្ញុំមានភារកិច្ចច្រើនណាស់ត្រូវដឹកនាំក្រុមប្រឹក្សាសង្កាត់ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ តបតាមការណែនាំនិងចង្អុលបង្ហាញ និងចង់បានបំផុតពីថ្នាក់ដឹកនាំនៃគណបក្សប្រជាជន។ ដែលលោកតែងតែក្រើនរំលឹក ឲ្យមន្ត្រីដឹកនាំមូលដ្ឋានថ្នាក់ក្រោមជាតិធ្វើយ៉ាងណាត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ ហើយនឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានណាម្នាក់ស្លាប់ដោយសារតែការអត់បាយនោះទេ។ នេះហើយជាឆន្ទៈរបស់ខ្ញុំ ដែលបានចូលមករួមរស់ក្រោមការដឹកនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ហើយក៏បានធ្វើឲ្យមូលដ្ឋានសង្កាត់ចោមចៅទី១ កើនសំឡេងប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជន ពីមួយអាណត្តិ ទៅមួយអាណត្តិឥតឈប់ឈរ។


ជាចុងបញ្ចប់នៃបទសម្ភាសន៍ លោកកង វងបានធ្វើការប្ដេជ្ញាចិត្តថា, មិនថាមានរឿងអ្វីកើតឡើងនោះទេ ទិសដៅខ្ញុំមានតែមួយគត់ គឺស្មោះត្រង់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា បម្រើប្រជាពលរដ្ឋ និងអាណិតស្រឡាញ់ប្រជាពលរដ្ឋដោយគ្មានការរើសអើង ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា មូលដ្ឋានសង្កាត់ចោមចៅទី១ សរុបមាន ៨ភូមិ និងទទួលបានការគោរពស្រឡាញ់ គាំទ្រពីប្រជាពលរដ្ឋ បន្តបោះឆ្នោតជូនគណបក្សប្រជាជន ជាបន្តបន្ទាប់ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ ៕ នគរ៤២

