រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានរាយការណ៍ថា ប្រទេសចិនកំពុងពិចារណាផ្តល់អាវុធ និងគ្រាប់រំសេវដល់រុស្ស៊ីដែលជាការចូលរួមនៅក្នុងកិច្ចប្រឹងប្រែងសង្គ្រាមរបស់វិមានក្រឹមឡាំងដែលធ្វើអោយបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ។

លោកBlinkenបាននិយាយថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាយូរមកហើយថា ចិននឹងផ្តល់អាវុធដល់រុស្ស៊ី។ លោកបានចង្អុលទៅការសន្យារបស់មេដឹកនាំចិន លោកស៊ីជីនពីងចំពោះប្រធានាធិបតីរុស្ស៊ីលោកពូទីនអំពីភាពជាដៃគូគ្មានដែនកំណត់នៅពេលដែលពួកគេបានជួបគ្នាប៉ុន្មានសប្តាហ៍មុនពេលលោកពូទីនបានបញ្ជូនកងទ័ពរបស់លោកទៅកាន់អ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ ២០២២។ចាប់តាំងពីពេលនោះមកទំនាក់ទំនងរវាងប្រទេសទាំងពីរមានតែកាន់តែរឹងមាំ។
នៅក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំរបស់គាត់នៅក្នុងសន្និសីទសន្តិសុខនៅទីក្រុងមុយនិចជាមួយលោកលោកវ៉ាងយីដែលជាមន្ត្រីគោលនយោបាយការបរទេសជាន់ខ្ពស់បំផុតរបស់បក្សកុម្មុយនិស្តចិនថាយើងបានតាមដានរឿងនេះយ៉ាងដិតដល់។ ហើយសម្រាប់ផ្នែកភាគច្រើនប្រទេសចិនបានចូលរួមក្នុងការផ្តល់ការគាំទ្រផ្នែកវោហាសាស្ត្រ នយោបាយ ការទូតដល់រុស្ស៊ី ហើយបន្ថែមពីនេះទៀតយើងមានព័ត៌មានដែលគួរងឲ្យ ព្រួយបារម្ភថាពួកគេកំពុងពិចារណាផ្តល់ការគាំទ្រដ៍សាហាវដល់រុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
លោកBlinkenបាននិយាយថាវាមានសារៈសំខាន់សម្រាប់ខ្ញុំក្នុងការចែករំលែកយ៉ាងច្បាស់ជាមួយ វ៉ាងយីថានេះនឹងក្លាយជាបញ្ហាធ្ងន់ធ្ងរ។ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីអាមេរិកបានបាញ់ទម្លាក់អ្វីដែលខ្លួននិយាយថាជាបាឡុងហោះចារកម្មចិន។ ប្រទេសចិនបានទទូចថា វាត្រូវបានគេប្រើជាចម្បងសម្រាប់ការស្រាវជ្រាវឧតុនិយម ហើយត្រូវបានគេបង្ហោះចោល។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ក៏បានសម្តែងការព្រួយបារម្ភអំពីកិច្ចខិតខំប្រឹងប្រែងណាមួយរបស់ចិនក្នុងការបំពាក់អាវុធដល់រុស្ស៊ី ដោយនិយាយថា “នោះនឹងក្លាយជាបន្ទាត់ក្រហម” ។
មន្ត្រីការទូតកំពូលចិនមកដល់ទីក្រុងម៉ូស្គូដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន

យោងតាមកាសែត Kommersant បានរាយការណ៍ថា អ្នកការទូតកំពូលចិន លោក វ៉ាង យី(Wang Yi )បានមកដល់ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីដើម្បីពិភាក្សាអំពីផែនការសន្តិភាពដែលអាចកើតមានសម្រាប់អ៊ុយក្រែន។
កាសែតខាងលើបានអោយដឹងទៀតថា គោលបំណងសំខាន់នៃការធ្វើដំណើររបស់លោកវ៉ាងយីគឺដើម្បីបង្កើនតួនាទីរបស់ទីក្រុងប៉េកាំងនៅក្នុងការដោះស្រាយសង្គ្រាម នៅអ៊ុយក្រែន។
នៅក្នុងសន្និសីទសន្តិសុខប្រចាំឆ្នាំទីក្រុងមុយនិចប្រទេសអាល្លឺម៉ង់លោកវ៉ាងបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភលើបទដ្ឋានអន្តរជាតិជាមួយនឹងអាកប្បកិរិយា បំភ្លៃការពិត។
លោកវ៉ាងបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានការសន្ទនា និងបានស្នើឱ្យបណ្តាប្រទេសនៅអឺរ៉ុបគិតដោយស្ងប់ស្ងាត់អំពីរបៀបបញ្ចប់សង្រ្គាម។

លោកក៏បាននិយាយផងដែរថា មាន ប្រទេសមួយចំនួនហាក់ដូចជាមិនចង់ឱ្យការចរចាទទួលបានជោគជ័យ ឬដើម្បីបញ្ជប់សង្រ្គាមក្នុងពេលឆាប់ៗនេះទេតែលោកមិនបានបញ្ជាក់ពីឈ្មោះប្រទេសដែលលោកកំពុងនិយាយនោះទេ៕