យោងតាមការចេញផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធទី ២២ខែកុម្ភៈឆ្នាំ២០២៣បានអោយដឹងថាក្លឹបLeedsបានយល់ព្រមលក្ខខណ្ឌជាមួយអតីតគ្រូបង្វឹក Watford លោក Javi Gracia ដើម្បីជំនួសតំណែងលោក Jesse Marsch ដែលត្រូវបានបណ្តេញចេញ។
លោកGracia ត្រូវបានក្លឹប Watford បណ្តេញចេញពីតំណែងក្នុងខែកញ្ញា ឆ្នាំ ២០១៩បន្ទាប់ពីចាប់ផ្តើមរដូវកាលមិនល្អ។
ចំណែកឯលោកMarsch ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី ៦ខែកុម្ភៈ ប៉ុន្តែLeedsបានប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការស្វែងរកអ្នកជំនួសគាត់។
ក្លឹបបាននិយាយថា លោកGracia ត្រូវបានតែងតាំងនៅលើ កិច្ចសន្យាដែលអាចបត់បែនបានហើយនឹងទទួលត្រូវទទួលបន្ទុកប្រកួតដំបូងប្រឆាំងនឹងក្លឹបSouthampton ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Gracia វ័យ ៥២ឆ្នាំបាននាំ Watford ទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup ឆ្នាំ ២០១៩មុនពេលគ្រប់គ្រងក្លឹប Valencia និងក្លឹបបាល់ទាត់កាតា Al Sadd ។
Leeds ស្ថិតនៅចំណាត់ថ្នាក់ទី ១៩ក្នុងក្របខ័ណ្ឌប្រឺមីញេលីកត្រូវធ្វើម្ចាស់ផ្ទះក្រុមបាតតារាង Southampton ក្នុងការប្រកួតបន្ទាប់របស់ពួកគេនៅថ្ងៃសៅរ៍៕