យោងតាមកាសែត The wall street journal បានចេញផ្សាយថា ប្រធានាធិបតី ចិន លោកស៊ី ជីនពីង កំពុងរៀបចំគម្រោង ទស្សនកិច្ចនៅទីក្រុងម៉ូស្គូ សម្រាប់កិច្ចប្រជុំ កំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀ ពូទីន ក្នុងប៉ុន្មានខែខាងមុខនេះ។

សម្រាប់ទស្សនកិច្ចនេះ គឺស្ថិតនៅដំណាក់ កាលដំបូង ហើយពេលវេលាមិនទាន់ត្រូវបាន កំណត់នៅឡើយទេ ដោយបន្ថែមថា ដំណើរ ទស្សនកិច្ចរបស់លោកស៊ី អាចនឹងធ្វើឡើង ក្នុងខែមេសា ឬដើមខែឧសភា នៅពេលដែល រុស្ស៊ី ប្រារឰពិធីទទួលជ័យជម្នះក្នុងសង្គ្រាម លោកលើកទីពីរលើពួកណាស៊ីអាល្លឺម៉ង់។
កាសែតដដែលនោះ បានឱ្យដឹងទៀត ថា កិច្ចប្រជុំកំពូល ស៊ី-ពូទីន គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីដើរ តួនាទីយ៉ាងសកម្មបន្ថែមទៀត ក្នុងការនាំ យកសង្គ្រាមដែលអូសបន្លាយអស់រយៈពេល មួយឆ្នាំឱ្យដល់ទីបញ្ចប់ និងជាផ្នែកមួយនៃ ការជំរុញសន្តិភាព ពហុបក្ស។ របាយការណ៍ បានបន្ថែមថា ប្រទេសចិន ក៏នឹងប្រើប្រាស់ កិច្ចប្រជុំកំពូលដើម្បីអំពាវនាវជាថ្មីថា អាវុធ នុយក្លេអ៊ែរមិនគួរ ត្រូវបានប្រើប្រាស់ទេ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីប អឺរ៉ុប លោកវ៉ាងយី បានបង្កើនការអំពាវនាវ ឱ្យមានការចរចារដើម្បីបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំមុន នៅពេលដែលទាហានរុស្ស៊ី បានឈ្លានពានប្រទេសនេះ។
អ្នកការទូតចិន ជួបជាមួយលោកពូទីន បង្ហាញពីទំនាក់ទំនងរឹងមាំ
យោងតាមអ្នកនាំពាក្យចិន បានឱ្យ ដឹងថា លោកពូទីន មានគម្រោងជួបជាមួយ លោកវ៉ាង យី នៅយប់ថ្ងៃពុធ ដើម្បីពិភាក្សា គ្នាអំពីសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីអ្នក ការទូតរូបនេះ បានជួបជាមួយក្រុមប្រឹក្សា សន្តិសុខរុស្ស៊ីរួចហើយ។
អ្នកការទូតកំពូលរបស់ចិន បានប្រាប់ សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនគឺទីក្រុងម៉ូស្គូ កាលពីថ្ងៃ អង្គារទី២១ កុម្ភៈ ថា ទំនាក់ទំនង របស់ទីក្រុងប៉េកាំង ជាមួយទីក្រុងម៉ូស្គូ គឺ រឹងមាំដូចថ្ម ហើយអាចទប់ទល់នឹងការសាកល្បងណាមួយនៅក្នុងការចង់ផ្លាស់ប្តូរស្ថាន-ភាពអន្តរជាតិ។
ភាពជាដៃគូ គ្មានដែនកំណត់ របស់ ចិន ជាមួយរុស្ស៊ី បានស្ថិតក្រោមការត្រួត ពិនិត្យនៅបស្ចិមប្រទេស បន្ទាប់ពីសហរដ្ឋ-អាមេរិក បាននិយាយថា ខ្លួនមានការព្រួយ បារម្ភថា ទីក្រុងប៉េកាំង អាចនឹងកំពុងពិចារណា ផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី។
លោកវ៉ាងយី បានប្រាប់សមមិត្ត Patrushev តាមរយៈអ្នកបកប្រែរុស្ស៊ី នៅក្នុង សុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ ថា ទំនាក់ទំនងចិន-រុស្ស៊ី មានភាពចាស់ទុំ និងរឹងមាំ ហើយពួកគេទាំងពីរនឹងទប់ទល់ នឹងការសាកល្បងណាមួយដែលមានបំណងចង់ផ្លាស់ប្តូរស្ថានភាពអន្តរជាតិ។
លោកបានបន្តថា រុស្ស៊ី និងចិន គួរតែ ដាក់ចេញនូវជំហានរួមគ្នាថ្មី ដើម្បីធានាសន្តិសុខ នៃប្រទេសទាំងពីរ តែមិនបានបញ្ជាក់លម្អិត។
លោក Patrushev ដែលស្និទ្ធស្នាល នឹងលោកពូទីន បានប្រាប់លោកវ៉ាងយី ថា ទីក្រុងប៉េកាំង គឺជាអាទិភាពកំពូលសម្រាប់ គោលនយោបាយការបរទេសរបស់រុស្ស៊ីហើយ ថា ប្រទេសទាំងពីរ ត្រូវតែរួមគ្នាប្រឆាំង នឹងលោកខាងលិច៕