Thursday, April 25, 2024
Homeសង្គម និងជីវិតភរិយាបណ្ឌិតកែម ឡី ឡើងផ្ទះប្តីថ្មី ប្រតិកកម្មនឹងអ្នក វិភាគវ៉ៃប្រហារ

ភរិយាបណ្ឌិតកែម ឡី ឡើងផ្ទះប្តីថ្មី ប្រតិកកម្មនឹងអ្នក វិភាគវ៉ៃប្រហារ

អូស្រ្តាលី ៖ អ្នកស្រី ប៊ូ រចនា អតីតភរិយាលោកបណ្ឌិតកែម ឡី ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសអូស្ត្រាលី ជា មួយកូនប្រុសទាំង ៥នាក់ និងបានយកប្តីថ្មី ជាបុរសខ្មែរសញ្ជាតិអូស្ត្រាលីនោះ ខណ:ដែលកំពុងធ្វើពិធីឡើង ផ្ទះថ្មី ជាមួយប្តីថ្មីនៅលើទឹកដីអូស្រ្តាលី នោះ បានបញ្ចេញប្រតិកម្មនឹងអ្នកវិភាគនយោបាយនិងសង្គម ដែលបានវាយ ប្រហារមកលើសពលោកបណ្ឌិតកែម ឡី ពាក់ព័ន្ធនឹងទស្សន: និងអតីតសិស្សរបស់លោកបណ្ឌិតកែម ឡី មួយ ចំនួន ដែលបានផ្លាស់ប្តូរជំហរ ចុះចូលជាមួយគណបក្សកាន់អំណាច ដើម្បីតំណែង តួនាទី ហើយអ្នកវិភាគខ្លះ បានរិះគន់ចំអកថា ភរិយាលោកបណ្ឌិត កែម ឡី ជូតទឹកភ្នែករួច បន្តយកប្តីថ្មី។

 សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកស្រីប៊ូ រចនា អតីតភរិយាលោកបណ្ឌិត កែម ឡី ដែល សព្វថ្ងៃអ្នកស្រីបានយកស្វាមីថ្មីនៅប្រទេសអូស្ត្រាលី នោះ បានធ្វើពិធីឡើងគេហដ្ឋានថ្មី នៅលើទឹកដីអូស្រ្តាលី ដោយបានអញ្ជើញភ្ញៀវចូលរួមច្រើនគួរសមដែរ ។

 ក្រោយពីបានឃើញរូបភាពអ្នកស្រី ប៊ូ រចនា អតីតភរិយាលោកបណ្ឌិត កែម ឡី ជាមួយស្វាមីថ្មី ធ្វើពិធីឡើងផ្ទះថ្មី នេះ អ្នកប្រើបណ្ដាញសង្គម ហ្វេសប៊ុក ជាច្រើន បានចូលទៅបញ្ចេញមតិយោបល់ (Comment) ចូលរួមអប អរសាទរ តែក៏មានមួយចំនួន រិះគន់ថា លោកបណ្ឌិតកែម ឡី ស្លាប់ទៅ មិនទាន់រកយុត្តិធម៌ឃើញផង បែរជាប្រ ពន្ធលោក យកប្ដីថ្មី បំភ្លេចអតីតស្វាមីទៅហើយ ។

 ជាមួយគ្នានេះ ក៏មានអ្នកវិភាគមួយចំនួន បានរំលឹកនូវទស្សនះរបស់លោកបណ្ឌិត កែម ឡី “ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត” ដោយចំអកថា ទីបំផុតគ្មានអ្នកណាជូតទឹកភ្នែកទៀតទេ សូម្បីភរិយារបស់ លោកបណ្ឌិត ជូតទឹកភ្នែកហើយ យកប្ដីថ្មីទៀតភ្លាម រីអ្នកកែម ឡី និយម មួយចំនួន ក៏បានអនុវត្តបញ្ច្រាស ទស្សនះលោកបណ្ឌិតកែម ឡី ដើម្បីដូរបាយ ចាប់យកតំណែងតួនាទី ។

ជាក់ស្តែង លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “អាណិតខ្មោចកែម ឡី ៖

១- ប្រពន្ធជូតទឹកភ្នែកហើយ បន្តយកប្តី១ទៀតភ្លាម។

២- ត្រីហែលបណ្តោយទឹក ត្រីងាប់ ទីបំផុតអ្នកតាំងខ្លួនកែម ឡីនិយម សុទ្ធតែហែលបញ្ច្រាសកែមឡី ដូរបាយ។

៣- អ្នកដង្ហែសពកែម ឡី រាប់ម៉ឺននាក់ លុយចូលបុណ្យ យុទ្ធមិត្តប្រមូលចាយអស់ ចេតិយធ្វើមិនហើយ។

អ្នកស្នេហាជាតិពិត ត្រូវគេបោកតាំងពីនៅរស់ រហូតដល់ស្លាប់»។

 ចំណែកលោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវសង្គម បានបង្ហោះ រូប ភាព លោកបណ្ឌិត កែម ឡី សើច ភ្ជាប់ជាមួយទស្សន:របស់លោក ក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយសំណេរថា “មិនបាច់សើចទេ មេឡី! សារនេះគ្រាន់តែចង់ប្រាប់មេឯង​ដែលជាម្ចាស់ទ្រីស្តី “ត្រីហែលបណ្តោយទឹក ជាត្រីងាប់” ថា ៖ កូនសិស្សមេ បានកំពុងអនុវត្តទ្រីស្តីមេបានយ៉ាងល្អ គឺកំពុងតែហែលបញ្ច្រាសហើយ តែហែលបញ្រ្ចាសទ្រីស្តីមេឯង ដែលជាគ្រូរបស់ពួកគេ!

បើមេបានឃើញដោយផ្ទាល់ភ្នែក មិនដឹងមេសប្បាយចិត្តប៉ុនណាទេ ឥឡូវនេះពួកគេបាននិងកំពុងជោគជ័យ មានតួនាទីធំៗណាស់!

គ្រូខ្លាំង សិស្សពិតជាមិនខ្សោយមែន! “ ។ 

 ទោះបីយ៉ាងណា ជាប្រតិកម្មចំពោះការវ៉ៃប្រហាររបស់មជ្ឈដ្ឋានមួយចំនួន ជាពិសេសឆ្លើយតបទៅលោកបណ្ឌិត សេង សារី ខាងលើ អ្នកស្រី ប៊ូ រចនា អតីតភរិយាលោកបណ្ឌិត កែម ឡី បានសរសេរនៅក្នុង​គណនី​បណ្ដាញ​សង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា “មនុស្សម្នាក់ៗគេមានសិទ្ធិជ្រើស​រើសផ្លូវ​ដើរ​របស់គេ យើងគ្មានសិទ្ធិទៅហាមឃាត់ ឬបញ្ជាគេឡើយ ។ លោកបណ្ឌិត កែម ឡី គាត់បានស្លាប់ទៅជិត ៧ឆ្នាំ​ទៅហើយ  ហេតុអ្វីយកគាត់មកពាក់ព័ន្ធក្នុងការគិតនិងការសម្រេចចិត្តរបស់គេ ។ ឧទាហរណ៍ : «សូម្បីតែម្តាយ​ឪពុកបង្កើត ក៏មិនអាចទៅហាមឃាត់ការសម្រេចចិត្តរបស់កូនដែរ» កុំថាឡើយត្រឹមគ្រូនិងសិស្ស ។ គិតៗទៅ ខ្ញុំដូចជាអាសូរដល់លោកណាស់ អស់សមត្ថភាពរហូតដល់ថ្នាក់យកឈ្មោះអ្នកដែលស្លាប់ជិត ៧ឆ្នាំ មកវ៉ៃ ។ លោកបណ្ឌិត កែម ឡី គាត់មិនដែលចេះវាយប្រហារនរណាឡើយ ហើយប្រសិនបើគាត់នៅមានជីវិតវិញ គាត់ក៏មិនប្រកាន់លោកដែរ ព្រោះគាត់មិនមែនជាមនុស្សដែលចូលចិត្តជាន់ពន្លិចអ្នកដទៃ រួចលើកខ្លួន​ឯងថា​ល្អនោះឡើយ ។  បើអ្នកចេះដឹងពិតប្រាកដ គេមិនយកសពដែលមិនអាចនិយាយបាន មកឌឺដងអ៊ីចឹងដែរ ខ្ញុំកោតតែលោកធ្វើអ៊ីចឹងបានទៀត“ ។

 គួរបញ្ជាក់ដែរថា ការលើកឡើងរបស់អ្នកវិភាគ រស់ សារ៉ុម ក៏ដូចជាលោកបណ្ឌិត សេង សារី ពាក់ព័ន្ធ​នឹងលោក​បណ្ឌិត កែម ឡី ខាងលើនេះ ខាងលើ បានធ្វើឡើងក្រោយពេលដែលបានសង្កេតឃើញថា ថ្មីៗនេះ ស្របពេល​ដែល​អ្នកស្រី ប៊ូ រចនា អតីតភរិយាលោកបណ្ឌិត កែម ឡី បានធ្វើ់ពិធីឡើងផ្ទះថ្មី នៅប្រទេសអូស្រ្តាលី នោះនៅ​ក្នុងប្រទេសកម្ពុជា ឯណេះ យុវជនមួយចំនួនដែលធ្លាប់តែមាននិន្នាការប្រឆាំង តាំងខ្លួនជាអ្នកកែម ឡីនិយម នោះ បានផ្លាស់ប្តូរជំហរមកចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ជាថ្នូរនឹង​តំណែង តួនាទីការងារក្នុងស្ថាប័នរដ្ឋ។ ជាក់ស្ដែង អតីតសកម្មជនបរិស្ថាន កូនភ្លោះ ២នាក់ គឺលោក ជុំ ហួត និង​លោកជុំ ហួរ ដែលជាអតីតកូនសិស្សលោកបណ្ឌិត កែម ឡី បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាហើយ​ត្រូវបានតែងតាំងជាជំនួយការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានឋានៈស្មើអនុប្រធាននាយកដ្ឋាន ៕ កុលបុត្រ

RELATED ARTICLES