មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយមួយជាមួយនឹងសំឡេងគាំទ្រភ្លូកទឹកភ្លូកដីដោយអំពាវនាវឱ្យរុស្ស៉ីដកកងទ័ពចេញពីប្រទេសអ៊ុយក្រែននិងបិទបញ្ចប់សង្រ្គាមដែលបានឈានចូលគម្រប់ខួបមួយឆ្នាំ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីព្រាងដំណោះស្រាយនេះត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ១៤១ក្នុងចំណោមប្រទេសនិងតំបន់ចំនួន១៩៣ ខណៈ៣២ប្រទេសបោះឆ្នោតអនុបវាទដែលក្នុងនោះមានចិននិងឥណ្ឌា។ចំណែកឯ ៦ប្រទេសផ្សេងទៀតរួមមាន បេឡារុស កូរ៉េខាងជើង អេរីត្រេ ម៉ាលី នីការ៉ាហ្កា និងស៊ីរី បានចូលរួមជាមួយរុស្ស៉ីបោះឆ្នោតជំទាស់។
ឯកសារកម្រាស់បីទំព័រទាមទារឱ្យរុស្ស៊ី ដកកងទ័ពទាំងអស់របស់ខ្លួនចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនិងបានថ្កោលទោសចំពោះការស្លាប់បាត់បង់ជីវិតជនស៊ីវិល រួមទាំងស្ត្រី និងកុមារ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី ២៤ខែកុម្ភៈឆ្នាំមុន។

សេចក្តីព្រាងច្បាប់ដំណោះស្រាយក៏បានថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផងដែរហើយបានអះអាង ជាថ្មីពីឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាជំរុញឱ្យមានកិច្ចចរចាស្វែងរកសន្តិភាពដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសន្តិភាព និងសន្តិសុខសកលលោក។
បន្ថែមពីនេះទៀតវាក៏បានទាមទារឱ្យមាន សន្តិភាព យុត្តិធម៌ និរន្តរភាព យូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន ហើយទាមទារឱ្យអ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងជម្លោះត្រូវទទួលខុសត្រូវ។
ដំណោះស្រាយនេះក៏អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន និងការវាយប្រហារដោយចេតនាលើសំណង់ស៊ីវិល រួមទាំងលំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រាប់អ្នកយកព័ត៌មានក្រោយការបោះឆ្នោតថា រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ បានរំលឹកឡើងវិញនូវការគាំទ្រច្បាស់លាស់របស់ពួកគេ សម្រាប់បូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់អ៊ុយក្រែន។
ឆ្លើយតបទៅនឹងលទ្ធផលឆ្នោតនេះឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោកស្រី Vassily Nebenzia បានហៅដំណោះស្រាយនេះថាប្រឆាំងនឹងរុស្ស៊ី ដ៏អាក្រក់បំផុត។

កាលពីខែតុលាសមាជិកចំនួន ១៤៣ប្រទេសបានបោះឆ្នោតគាំទ្រអ៊ុយក្រែនក្នុងមហាសន្និបាតដោយអនុម័តដំណោះស្រាយមួយដែលបានថ្កោលទោសការប្រកាសរបស់រុស្ស៊ីអំពីការបញ្ចូលតំបន់ចំនួនបួនរបស់អ៊ុយក្រែន៕