Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិអតីតប្រធានាធិបតីរុស្ស៊ី ព្រមានពីការផ្ទុះអាវុធនុយ​ក្លេ​អ៊ែរ ​ខណៈអ៊ុយក្រែន ថា១០០ឆ្នាំទៀតក៏​មិនអាចផ្សះផ្សា​ជា​មួយ​​​រុស្ស៊ី បានដែរ

អតីតប្រធានាធិបតីរុស្ស៊ី ព្រមានពីការផ្ទុះអាវុធនុយ​ក្លេ​អ៊ែរ ​ខណៈអ៊ុយក្រែន ថា១០០ឆ្នាំទៀតក៏​មិនអាចផ្សះផ្សា​ជា​មួយ​​​រុស្ស៊ី បានដែរ

លោកឌីមីទ្រី មេដវេដេវអតីតប្រធានាធិបតីរុស្ស៊ីបានអះអាងថា ប្រទេសលោកខាងលិចកំពុងបង្កគ្រោះថ្នាក់​ដល់​អត្ថិភាពនិងអរិយធម៌មនុស្សតាមរយៈការគំរាមកំហែងមកលើទីក្រុងម៉ូស្គូ។ លោកបានព្រមានថា ការបន្តគាំទ្រ​អ៊ុយ​​ក្រែនរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន អាចនឹងនាំឲ្យមាន ការផ្ទុះអាវុធនុយក្លេអ៊ែរ។នេះបើ​យោង​តាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ីRTកាលពីថ្ងៃចន្ទ ទី២៧ខែកុម្ភៈឆ្នាំ២០២៣។

លោកមេដវេដេវ បានលើកឡើង នៅក្នុងអត្ថបទមួយដែលត្រូវបានបោះពុម្ពនៅក្នុងកាសែត Izvestiaកាលពីថ្ងៃចន្ទ​ថាសមិទ្ធិផលដ៏អស្ចារ្យមួយនៃការដឹកនាំរបស់សហភាព រុស្ស៊ីនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០គឺថា អាចរក្សាសក្តា​នុ​ពល​​នុយក្លេអ៊ែររបស់ប្រទេសបន្ទាប់ពីការដួលរលំនៃអតីតសហភាពសូវៀត។

លោក មេដវេដេវ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានបន្ថែមថា​ការបន្តបញ្ជូនអាវុធទៅអោយអ៊ុយក្រែនគឺជា​ការ​យល់ខុសដ៏គ្រោះថ្នាក់បំផុតរបស់អាមេរិកនិងលោកខាងលិច។

ការអត្ថាធិប្បាយចុងក្រោយបំផុតរបស់លោកបានកើតឡើងបន្ទាប់ពីមាន ការព្រមានប្រើប្រាស់នុយក្លេអ៊ែររបស់​លោកពូទីនកាលពីសប្តាហ៍មុននិងការកត់សម្គាល់កាលពីថ្ងៃអាទិត្យរបស់លោកដែលបង្ហាញពីការប្រឈមមុខដាក់គ្នារបស់ទីក្រុងម៉ូស្គូជាមួយលោកខាងលិចថាជាសមរភូមិអត្ថិភាពសម្រាប់ការរស់រានមានជីវិតរបស់ប្រទេសរុស្ស៊ី និងប្រជាជនរុស្ស៊ី។

លោកបាននិយាយក្នុងសុន្ទរកថាដែលបានចេញផ្សាយក្នុងកាសែត Izvestia ប្រចាំថ្ងៃថាជាការពិត ប្រសិនបើការ​បញ្ជូន​សព្វាវុធនៅតែបន្ត …. វានឹងបិទផ្លូវលទ្ធភាពនៃការចរចាឡើងវិញរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។

ជាចុងក្រោយលោក មេដវេដេវបានសរសេរថា រុស្ស៊ីនឹងមិនអនុញ្ញាតឱ្យមានរឿងបែបនេះកើតឡើងនោះទេ។ លោកបានកត់សម្គាល់ថាលោកខាងលិចនិង ផ្កាយរណបរបស់ពួកគេតំណាងឱ្យ ១៥% នៃចំនួនប្រជាជនពិភព​លោកខណៈចំនួនដែលនៅសេសសល់គឺមាន ចំនួនច្រើននិងខ្លាំងជាង។

លោកបានសន្និដ្ឋានថាអំណាចស្ងប់ស្ងាត់នៃប្រទេសដ៏អស្ចារ្យរបស់យើងនិងភាពជឿជាក់នៃដៃគូរបស់ខ្លួនគឺជាគន្លឹះក្នុងការរក្សាអនាគតសម្រាប់ពិភពលោកទាំងមូល។

អ៊ុយក្រែន៖ការផ្សះផ្សាជាមួយរុស្ស៊ីមិនអាចទៅរួចក្នុង១០០ឆ្នាំ

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយកាលពីថ្ងៃអាទិត្យថា ការផ្សះផ្សារវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវមិនអាចធ្វើទៅរួចទេក្នុងរយៈពេល១០០ឆ្នាំទៅមុខទៀត។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតប្រចាំសប្តាហ៍របស់អាល្លឺម៉ង់ថា ការផ្សះផ្សា កិច្ច​សហប្រតិបត្តិការ – គឺមិនមានទេ ក្នុងរយៈពេលមួយរយឆ្នាំខាងមុខនេះ។ ជាដំបូងរុស្ស៊ីត្រូវតែងាកមករកប្រជា​ធិបតេយ្យ រំសាយយោធា និងរំសាយអាវុធនុយក្លេអ៊ែរ។

លោក Shmyhal ក៏បាននិយាយផងដែរថា ការបញ្ឈប់ជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ដើម្បីបញ្ឈប់ការ​បង្ហូរឈាមបន្ថែមទៀត គឺមិនអាចទទួលយកបានសម្រាប់ភាគីអ៊ុយក្រែនទេ ព្រោះវា ស្ថិតក្នុងដៃរបស់រុស្ស៊ី​តែ​ប៉ុណ្ណោះដែលនាំទៅរកសង្រ្គាមដ៏ធំមួយទៀត។

លោកShmyhalបានបដិសេធបន្ថែមទៀតនូវលទ្ធភាពដែលអ៊ុយក្រែនប្រ​គល់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ីដោយ​និ​យាយថា សង្គមអ៊ុយក្រែននឹងមិនអនុញ្ញាតឱ្យមានរឿងបែបនេះទេ។ មនុស្សល្អបំផុតរបស់យើងរាប់ពាន់នាក់​បាន​ស្លាប់មិនមែនសម្រាប់ពួកយើងដើម្បីស្វែងរកការសម្របសម្រួលជាមួយភេរវករបង្ហូរឈាមនិងអ្នកឈ្លានពានដែលបំផ្លាញពិភពលោកទាំងមូលនោះទេ៕

RELATED ARTICLES