Friday, May 3, 2024
Homeនយោបាយ«អ្នកបង្ក្រាបហ៊ុន សែន មិនទាន់កើត»  ស៊ន តារា ឆ្លើយតប «ខ្ញុំនេះហើយ!»

«អ្នកបង្ក្រាបហ៊ុន សែន មិនទាន់កើត»  ស៊ន តារា ឆ្លើយតប «ខ្ញុំនេះហើយ!»

ភ្នំពេញ ៖ ឆ្លើយតបសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជា ជនកម្ពុជា ដែលថាអ្នកដែលបង្រ្កាបសម្តេចបាន មកដល់ពេលនេះ មិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេនោះ លោកស៊ន តារា ម្ចាស់ពាក្យស្លោក «ហ៊ុន សែន ចប់ហើយ ប្តូរ!» ដែលអួតខ្លួនជាអ្នកប្រាជ្ញ និងជាឥន្រ្ទីកើតក្បែរ អាចម៍គោ បានបញ្ជាក់ថា គឺរូបលោកនេះហើយដែលព្រះបានបង្កើតមក ដើម្បីបង្រ្កាបសម្តេចហ៊ុន សែន។

លោកស៊ន តារា សកម្មជនអតីតបក្សប្រឆាំង ដែលជាសហការីរបស់លោកសម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីត គណបក្សសង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ដែលកំពុងរស់និរទេស ខ្លួននៅក្រៅប្រទេស ហើយកន្លងមក រាល់សំណេរ ក៏ដូចជាសម្តីរបស់លោក តែងរិះគន់ វាយប្រហារមកលើ សម្តេចហ៊ុន សែន ដោយនិយាយពាក្យមួយឃ្លាថា «ហ៊ុន សែន ចប់ហើយ ប្តូរ!» នោះ  បានសរសេរក្នុងទំព័រ បណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ថា «សម្តេច ស្តីឲ្យខ្ញុំថា “កុំថាឡើយ ចង់ធ្វើជាបេក្ខជននាយរដ្ឋមន្រ្តីរបស់ស៊ីភីភី សូម្បីតែធ្វើជាសមាជិក ក៏មិនបានផង”។ សម្តេចអើយ! ពួកខ្មែរក្រហម សម្លាប់មនុស្ស ឆ្អឹងគរដូចភ្នំ ទទួលឲ្យធ្វើការ មានតំណែងធំៗ ខ្ញុំមិនដែលសម្លាប់ចង្រិត១ផង សម្តេចចិត្តដាច់ម៉្លេះ? ម្យ៉ាងទៀត ខ្ញុំធ្លាប់ជាសមាជិកបក្សស៊ីភីភី ដែរ ម្តេចថាមិនអាច? ហ៊ុន សែន ចប់ហើយ ប្តូរ!»។

លោកស៊ន តារា បានសរសេរបន្ថែមថា «គ្មានឆ្នេរសមុទ្រណាស្អាតដូចឆ្នេរសមុទ្រកម្ពុជា ឡើយ ខ្ញុំហោះឆ្លងមហា សមុទ្រធំៗ២ មហាសមុទ្រប៉ាស៊ីហ្វិក &អាតាឡង់ទិក ភ្នែកខ្ញុំជាសាក្សី។ ខុងមីង អ្នកប្រាជ្ញយុទ្ធសាស្ត្រចិនមាន ងារជានាគដេក ស៊ន តារា អ្នកប្រាជ្ញខ្មែរ ជាឥន្រ្ទីកើតក្បែរអាចម៍គោ ។ ហ៊ុន សែន ចប់ហើយ ប្តូរ!»។

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដដែល លោកស៊ន តារា បានបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមទំព័រហ្វេសប៊ុក របស់លោក បកស្រាយឆ្លើយតបទៅសម្តេចហ៊ុន សែន លើប្រធានបទ ចំនួន ២ ជាពិសេសគឺឆ្លើយតប សម្តេច ហ៊ុន សែន ដែលបានលើកឡើងថា អ្នកដែលបង្រ្កាបសម្តេចបាន មកដល់ពេលនេះ មិនទាន់កើតចេញពីផ្ទៃម្តាយ នៅឡើយទេនោះ។ ជាមួយនេះ លោកស៊ន តារា បានសរសេរថា «១- សម្តេចតបខ្ញុំថា “អ្នកបង្រ្កាបហ៊ុន សែន មិនទាន់កើតនៅឡើយទេ” ខ្ញុំថា គឺស៊ន តារា នេះហើយ។ ហេតអ្វី? ២- គីង្គក់ ជាពាក្យសម្តេច(ជំហានគីង្គក់) &ជាអក្សរសិល្ប៍។ ហ៊ុន សែន ចប់ហើយ ប្តូរ!»។

គួរបញ្ជាក់ថា ការឆ្លើយតបរបស់លោកស៊ន តារា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សម្តេច ហួស ចិត្តនឹងលោកស៊ន តារា ដែលថា ថាព្រហ្មលិខិតបានបង្កើតហ៊ុន សែន មកសម្រាប់បង្រ្កាបប៉ុល ពត ឯព្រះបាន បង្កើតស៊ន តារា មកដើម្បីបង្រ្កាបហ៊ុន សែន។ សម្តេចនាយករដ្ឋមន្ត្រី បានផ្តាំទៅស៊ន តារា ថា សព្វថ្ងៃ ជួយខ្លួន ឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រាបហ៊ុន សែន គឺរឿងយល់សប្តិទាំងថ្ងៃ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ថា «ភ្ញាក់ពីដេកមក ឃើញនាគទេព បញ្ជូនវីដេអូដែលស៊ន តារា និយាយ។ ក្នុងការនិយាយនោះស៊ន តារា បាន បញ្ជាក់ពីការគាំទ្ររបស់ឪពុកម្តាយខ្លួន ចំពោះខ្ញុំដែលខ្ញុំសូមអរគុណចំពោះប្អូនប្រុស ប្អូនស្រីដែលជាឪពុកម្តាយ ស៊ន តារា សម្រាប់ការគាំទ្រកន្លងមក។

អ្វីដែលគួរឲ្យហួសចិត្ត ស៊ន តារា បានលើកជាយោបល់ បើកការចរចាជាមួយខ្ញុំ ដោយភ្ជាប់មកជាមួយលក្ខ ខណ្ឌ៤ ក្នុងនោះលក្ខខណ្ឌទីមួយ គឺស៊ន តារា ត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន ទើបស៊ន តារា ព្រមចូលរួមជាមួយគណបក្សប្រជាជន។

ស៊ន តារា បាននិយាយថា គាត់ជាសត្វឥន្ទ្រី ដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត ជាសត្វគីង្គក់។ នេះជា ការប្រៀបធៀបបែបប្រមាថ។

គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើតហ៊ុន សែន មកសម្រាប់បង្រ្កាបប៉ុល ពត ឯព្រះ បានបង្កើតស៊ន តារា មកដើម្បីបង្រ្កាបហ៊ុន សែន។

ពូសូមផ្តាំទៅក្មួយស៊ន តារា វិញថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជន ក៏មិនបានផង ព្រោះក្មួយកំពុងមានរឿងនៅតុលាការ។ ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។

ឯពាក្យក្មួយថា ព្រះបង្កើតក្មួយមក ដើម្បីបង្រ្កាបហ៊ុន សែន តាមការគិតរបស់ពូ អ្នកដែលបង្រ្កាបហ៊ុន សែន បាន មកដល់ពេលនេះ មិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រី ជាអ្នកមាន បុណ្យ តើក្មួយចេះខ្មាសអៀនទេ នៅពេលនិយាយដល់រឿងរបៀបនេះ។

ឈប់បានឈប់ទៅក្មួយ អាណិតឪពុកម្តាយដែលខំដង្ហោយហៅកូន។ សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ ក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រាបហ៊ុន សែន គឺរឿងយល់សប្តិទាំងថ្ងៃ»៕ ខៀវទុំ

RELATED ARTICLES