Thursday, May 16, 2024
Homeកីឡាជាតិកីឡាករ ព្រំ សំណាង បានម៉ូតូ១ លុយ៥លាន

កីឡាករ ព្រំ សំណាង បានម៉ូតូ១ លុយ៥លាន

ភ្នំពេញ-កំពង់ស្ពឺ ៖ កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង ដែលទើបប្រកួតឈ្នះកីឡាករជើងឯករុស្ស៉ី នៅសង្វៀន  Thai Fight ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣ នោះ បានទទួលរង្វាន់លើកទឹកចិត្ត ម៉ូតូ១គ្រឿងពីអភិ បាលខេត្តកំពង់ស្ពឺ និងលុយ៥លានរៀល ពីឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ។

លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ថា «ដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាករ ព្រំ សំណាង ថ្ងៃ នេះខ្ញុំសូមលើកទឹកចិត្ត ដោយប្រគល់ម៉ូតូ មួយគ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់ ដើម្បី ក្លាយជាកីឡាករអាជីព sea games នៅពេលដែលប្រទេសយើង នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នាពេលខាងមុខ។ សូមជូនពរកីឡាករ កីឡាការិនីរបស់កម្ពុជា ជាពិសេសកីឡាករ ព្រំ សំណាង សូមទទួលបានជោគជ័យគ្រប់ សង្វៀនប្រកួតទាំងអស់។ សូមអរគុណ!»។

ដោយឡែកលោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោកនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ ថា «ថ្ងៃនេះកីឡាករ ព្រំ សំណាង បានមកទទួលប្រាក់រង្វាន់ (៥លាន រៀល) ពីខ្ញុំបាទហើយ។ ស្របពេលជាមួយគ្នា ខ្ញុំនឹងបើកហាងកាត់សក់មួយកន្លែង ជូនប្អូនព្រំ សំណាង ក្នុងពេល ឆាប់ៗនេះ ព្រោះខ្ញុំចង់ឲ្យការជួយរបស់ខ្ញុំ គឺជាការជួយកីឡាកររបស់យើងឲ្យមាន ជីវភាពល្អប្រសើរពេញ មួយ ជីវិត។ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងក្រៃលែង ដែលកីឡាករខ្មែរយើង អាចឈានមកដល់កម្រិតមួយនេះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កីឡាករគុនខ្មែររបស់យើង នឹងអាចយកជ័យជម្នះបានជាបន្តបន្ទាប់នៅពេលអនាគត»។

បន្ទាប់ពីទទួលបានការគាំទ្រ និងរង្វាន់លើកទឹកចិត្តខាងលើនេះ កីឡាករ សំណាង ព្រំ បានបង្ហាញពីអារម្មណ៍ពិត របស់ខ្លួនថា «ខ្ញុំពិតជាមានក្តីរីករាយជាពន់ពេក ដែលខ្ញុំទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាក់បង ប្អូន ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសគឺសប្បុរសជនដែលបានតែងតែឧបត្ថម្ភដល់រូបខ្ញុំបាទ។

មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំបាទពិតជារំភើបនិងរីករាយខ្លាំងណាស់ចំពោះបងឧកញ៉ា ស្រី ចាន់ថន សម្រាប់ការជួយ ជ្រោមខ្ញុំ មិនត្រឹមតែឧបត្ថម្ភជាថវិកាច្រើនដងនោះទេ បងប្រុសថា នឹងបង្កើតអាជីកម្មឱ្យខ្ញុំបាទថែមទៀតផង ។

ខ្ញុំបាទ ព្រំ សំណាង ពុំមានអ្វីតបស្នងទៅកាន់បងប្អូន និងសប្បុរសជនវិញឡើយ ដូច្នេះហើយខ្ញុំមានតែម្រាម ដៃដប់ ថ្លែងអំណរគុណ និងសូមឲ្យប្រជាជនខ្មែរ ក៏ដូចជាសប្បុរសជនគ្រប់រូបជួបតែសេចក្តីសុខ សុភមង្គល គ្រប់ទិវារាត្រី និងសូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀង ឃ្លាតឡើយ»៕ ខៀវទុំ

RELATED ARTICLES