ភ្នំពេញ ៖ ស្ត្រីម្នាក់ កំពុងមានផ្ទៃពោះ ៥ខែ ត្រូវបានបុរសជាប្តី ដកកាំភ្លើងបាញ់ ២គ្រាប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង ៤និង៣០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ ឡៅតឿផ្ទះល្វែង ស្ថិតនៅបុរីពិភពថ្មី កួរស្រូវ៣ ផ្លូវលេខ KS 03 ផ្ទះលេខ ១៦៨ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ។


ស្រ្តីរងគ្រោះដែលត្រូវប្តីបាញ់សម្លាប់ មានឈ្មោះអេណា ហៅគន្ធា អាយុជាង៣០ឆ្នាំ មានកូន៤នាក់ (ស្រី១) និងកំពុងមានផ្ទៃពោះ ៥ខែទៀតផង មានស្រុកកំណើតនៅឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាឃាតករ ជាប្តីក្រោយរបស់ស្ត្រីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

តាមប្រភពអ្នកជិតខាងផ្ទះស្ត្រីរងគ្រោះ បានឲ្យដឹងថា ស្រ្តីរងគ្រោះ ធ្លាប់មានប្តីមុន មានកូន ៤នាក់ (ប្រុស៣ ស្រី១) ក៏បានលែងលះគ្នា។ ក្រោយមក ស្ត្រីរងគ្រោះ បានយកប្តីក្រោយម្នាក់ទៀត (ជនសង្ស័យ) និងកំពុងពពោះកូនក្នុងផ្ទៃ ៥ខែ ស្រាប់តែត្រូវជនសង្ស័យជាប្តីក្រោយ បាញ់សម្លាប់តែម្តង ដោយពុំដឹងមូលហេតុ។

ប្រភពដដែល ឲ្យដឹងបន្តថា មុនពេលភ្ញាក់ផ្អើលករណីខាងលើ នៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ សាច់ញាតិរបស់ស្ត្រីរងគ្រោះ ដែលនៅឯស្រុកកំណើត បានទូរស័ព្ទមកសន្តិសុខក្នុងបុរីខាងលើ ឲ្យជួយទៅមើលផ្ទះរបសស្ត្រីរងគ្រោះ ព្រោះទ្វារចំហ ចំណែកកូនៗរបស់ស្ត្រីរងគ្រោះ ទៅរៀនអស់ មិនទាន់ត្រឡប់មកផ្ទះវិញនៅឡើយ។ លុះសន្តិសុខទៅដល់ ឃើញក្នុងផ្ទះមានសភាពរប៉ាត់រប៉ាយ ក៏មានការសង្ស័យ បានស្រែកហៅជនរងគ្រោះ មិនឮឆ្លើយតប ក៏ដើររកមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះ ដេកដួលក្នុងថ្លុកឈាម ស្លាប់បាត់ទៅហើយ នៅក្នុងបន្ទប់ឡៅតឿ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង។

ប្រភពដដែល បន្តទៀតថា តាមការពិនិត្យរបស់សមត្ថកិច្ច ស្ត្រីរងគ្រោះត្រូវបានជនសង្ស័យបាញ់ចំនួន ២គ្រាប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម តែមិនមានអ្នកណាអាចបញ្ជាក់ថា បណ្តាលមកពីមូលហេតុអ្វីនោះទេ។
សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យជាឃាតករ ដែលត្រូវជាប្តីក្រោយរបស់ស្ត្រីរងគ្រោះ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួន យកមកចាត់ការតាមច្បាប់៕ ខៀវទុំ
