Tuesday, April 16, 2024
Homeសង្គម និងជីវិតលេខាទូតមានស្រី ប្រពន្ធសុំប្អូនស្រីនាយករដ្ឋមន្ត្រីជួយ

លេខាទូតមានស្រី ប្រពន្ធសុំប្អូនស្រីនាយករដ្ឋមន្ត្រីជួយ

ភ្នំពេញ ៖ លោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃ ទី០១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ផ្នែកការទូត ១រូប ត្រូវបានភាគីស្ត្រីជាប្រពន្ធទម្លាយថាបាន លួចលាក់មានស្រី និងប្តឹងលែងលះប្រពន្ធ ទើបភាគីស្ត្រីជាប្រពន្ធ បានទទូចសុំអន្តរាគមន៍ពីលោកស្រី ហ៊ុន ស៊ីណាត ។

លោកស្រី ហ៊ុន ស៊ីណាត បានបញ្ជាក់នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ថា “ថ្មីៗទៀតហើយ សូមលោក រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ជួយមើលផង ក្នុងរឿងនេះ ពីព្រោះម្ចាស់អ្នក ផុសមកនេះ គាត់ឱ្យខ្ញុំជួយ តែខ្ញុំគិតថា គាត់នៅក្រោមឱវាទរបស់ក្រសួង ខ្ញុំរាស្ត្រ សូមជូនទៅលោករដ្ឋ មន្ត្រីផងចុះ។ បើរឿង នេះពិតមែននោះ ចុះច្បាប់ឯកពន្ធភាព ប្តី១ប្រពន្ធ១ នៅឯណា? កាលគ្រាក្រស្រីល្អ នោះនៅឯណា?…”។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ May Thida បានយករូប គណនីហ្វេសប៊ុក ឈ្មោះ Kang Sopheaktradara Vitou មកបង្ហោះ ដោយសរសេរស្វែងរកការជួយរកយុត្តិធម៌ និងអន្តរាគមន៍ពីលោកស្រីហ៊ុន ស៊ីណា ដោយបានរៀបរាប់ថា “សូមលោកជំទាវចិត្តធម៌ ជាទីគោរពសូមជួយ រកយុត្តិធម៌ឱ្យអ្នកជាប្រពន្ធ ដែលបានត្រូវបុគ្គលជាប្តីមួយរូប បានផិតក្បត់ មានសហាយស្មន់ ចោលប្រពន្ធ និងបានប្តឹងលែងលះប្រពន្ធថែមទៀតផង ទាំងខ្លួនជាអ្នកធ្វើខុស… នៅមានភាពឃោរឃៅជាច្រើនថែមទៀត ដែលលោកបានធ្វើដាក់ប្រពន្ធ ក្នុងនាមលោកបានធ្វើការងារក្នុងក្រសួងការបរទេស ក្នុងតំណែងជាលេខាទី២ ស្ថានទូត ប្រចាំប្រទេសស្វីស ក្នុងការងារដ៏ខ្ពង់ខ្ពស់ លោកកង សុភ័ក្ត្រាដារ៉ាវិទូ មិនបានមានគុណធម៌ និងក្តីមេត្តាចំពោះភរិយានោះទេ សូមលោកជំទាវចិត្តធម៌ មេត្តាជួយរកយុត្តិធម៌ជូននាង សុខ វិកា ផង…”។

ភ្លាមៗនោះ លោកស្រី ហ៊ុន ស៊ីណាត ក៏បានចូលទៅខមិនតបទៅម្ចាស់គណនីហ្វេសប៊ុក ខាងលើ ថា “ក្នុងរឿង នេះ សូមជូនទៅលោករដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ពីព្រោះគាត់នៅក្រោមឱវាទក្រ សួង។ ម៉្យាងទៀត ច្បាប់ឯកពន្ធភាព ប្តីមួយ ប្រពន្ធមួយ គឺមានតាំងតែឆ្នាំ២០០៦ មកម៉្លេះ…”។

ជុំវិញរឿងរ៉ាវដ៏ភ្ញាក់ផ្អើលខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីភាគីប្តីប្រពន្ធអ្នក ទាំងពីរខាង លើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES