កំពង់ស្ពឺ ៖ ចៅអធិការវត្តភ្នំកំពូលពេជ្រ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានព្រះមេគុណខេត្តកំពង់ស្ពឺ ចាប់ផ្សឹក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវ លួចដោះស្បង់ចីវរ ក្លែងភេទជាគ្រហស្ថ ចេញទៅដើរលេងស៊ីផឹកចៀង ខារ៉ាអូខេ នៅពេលយប់ ធ្វើឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា។
ព្រះមុនីសត្ថាចារ្យកោសល្យ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ថា ករណីចៅអធិការវត្តភ្នំកំពូលពេជ្រ ព្រះនាម ហេង សាវ៉ុន នេះ ត្រូវបានអនុវត្តតាមវិន័យព្រះពុទ្ធសាសានា (ចាប់ផ្សឹក) រួចរាល់ហើយ ។
ព្រះមេគណខេត្តកំពង់ស្ពឺ បន្តថា បើតាមវិន័យ ចៅអធិការវត្តកំពូលពេជ្រ ព្រះនាម ហេង សាវ៉ុន គ្រាន់តែត្រូវចាប់ ផ្សឹក ព្រោះប៉ះពាល់ដល់ព្រះពុទ្ធសាសនា មិនមានទោសទណ្ឌធ្ងន់ដល់ថ្នាក់ឃាត់ខ្លួនបញ្ជូនទៅតុលាការផ្តន្ទាទោ សនោះទេ។
គួរបញ្ជាក់ថា មុនពេលឈានដល់ការចាប់ផ្សឹកចៅអធិការវត្តភ្នំកំពូលពេជ្រ នេះ មានពុទ្ធបរិស័ទបានប្តឹងទៅកាន់ ព្រះមេគណខេត្តកំពង់ស្ពឺ ថាបានឃើញព្រះរតនកោសល ហេង សាវ៉ុន ចៅអធិការវត្តភ្នំកំពូលពេជ្រ លួចដោះ ស្បង់ចីវរ ស្លៀកពាក់ជាគ្រហស្ថ និងពាក់មួក ចេញទៅដើរលេងពេលយប់ ដោយមានកូនសេក្ខលោកម្នាក់ ជាអ្នកបើកឡានដឹកទៅចូលហាងផឹកស៊ី ចូលច្រៀងខារ៉ាអូខេ ជាញឹកញាប់ ដែលទង្វើបែបនេះធ្វើឲ្យប៉ះពាល់ ដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលមុនអាចអត់ឱនឲ្យបានឡើយ ទើបព្រះមេគុណខេត្តបាន កោះហៅមកសាកសួរ និងសម្រេចចាប់ផ្សឹក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ តែម្តង៕