ប្រទេសឥណ្ឌាដែលជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសG-20បាននិយាយនៅទីក្រុងញូវដេលីកាលពីថ្ងៃព្រហស្បតិ៍ថាកិច្ចប្រជុំនេះបរាជ័យដែលមិនអាចឈានដល់ការឯកភាពគ្នាលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
យោងតាមក្រសួងការបរទេសឥណ្ឌា គណៈប្រតិភូជាង៤០ នាក់បានចូលរួមកិច្ចប្រជុំនេះ រួមទាំងអ្នកការទូតកំពូលមកពី តួកគី រុស្ស៊ី ចិន និងសហរដ្ឋអាមេរិក ដែលជា ការជួបជុំដ៏ធំបំផុតមួយនៃរដ្ឋមន្ត្រីការបរទេសដែលរៀបចំដោយប្រធាន G-20នាពេលកន្លងមក ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃថា អ្នកការទូតកំពូល G-20 មិនអាច ផ្សះផ្សាជំហររួមបាន និង មានការខ្វែងគំនិតគ្នាលើបញ្ហាទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។
ទោះជាយ៉ាងណា លោកបាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងលើបញ្ហាជាច្រើន។លោក Jaishankar បាននិយាយថាមានកិច្ចព្រមព្រៀងជាច្រើនដែលបានសម្រេចក្នុងកិច្ចប្រជុំនេះដូចជាការពង្រឹងពហុភាគីនិយម ការលើកកម្ពស់សន្តិសុខស្បៀង និងថាមពល ការប្រែប្រួលអាកាសធាតុ បញ្ហាយេនឌ័រ ការប្រឆាំងភេរវកម្មជាដើម។

សេចក្តីថ្លែងការណ៍រួមក៏មិនអាចចេញបាននៅពេលបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G-20 ដែរ។ ផ្ទុយទៅវិញ ឯកសារសង្ខេប និងលទ្ធផលរបស់ប្រធានG-20 ត្រូវបានចេញផ្សាយ។
សេចក្តីថ្លែងការបានឲ្យដឹងថាសមាជិកភាគច្រើនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសង្រ្គាមនៅអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថា វាកំពុងបង្កឱ្យមានការឈឺចាប់យ៉ាងសម្បើមរបស់មនុស្ស និងធ្វើឱ្យកាន់តែមានភាពផុយស្រួយដែលមានស្រាប់នៅក្នុងកំណើនសេដ្ឋកិច្ចពិភពលោក ការកើនឡើងអតិផរណា ការរំខានដល់សង្វាក់ផ្គត់ផ្គង់ ការបង្កើនថាមពល និងអសន្តិសុខស្បៀងនិងការបង្កើនហានិភ័យស្ថិរភាពហិរញ្ញវត្ថុ” ៕