Saturday, September 21, 2024
Homeសន្ដិសុខសង្គមខឹងម៉ែឱ្យខំរៀន កូនស្រីរត់ចោលផ្ទះ

ខឹងម៉ែឱ្យខំរៀន កូនស្រីរត់ចោលផ្ទះ

ភ្នំពេញ ៖ យុវតីវ័យជំទង់ម្នាក់ ជក់លេងទូរស័ព្ទជាប្រចាំ ទើបស្ត្រីជាម្តាយឃើញ និយាយប្រាប់ឱ្យកូនផ្អាកមើល ទូរស័ព្ទខ្លះទៅ ខំរៀនសូត្រ ព្រោះជិតដល់ថ្ងៃប្រឡងហើយ ដោយមិនបានស្តីបន្ទោសអ្វីធ្ងន់នោះទេស្រាប់តែកូន ស្រី បែរជាខឹងម៉ែ ក៏រត់ចេញពីផ្ទះបាត់ ធ្វើឱ្យក្រុមគ្រួសារ មានការព្រួយបារម្ភយ៉ាងខ្លាំង។

ករណីយុវតីរត់ចេញពីផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១៥នាទីទៀបភ្លឺ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន។យុវតីដែលបានរត់ចោលផ្ទះ មានឈ្មោះ អ.ម.ន.ល អាយុ១៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៤ដេ ផ្លូវលេខ៤៥៤ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង២៥នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ ភេទស្រី បានរាយការណ៍ពីករណី បាត់កូនស្រី  ឈ្មោះ អ.ម.ន.ល អាយុ១៣ឆ្នាំ ដែល បានចេញពីផ្ទះ ដោយគ្មានមូលហេតុ នៅផ្ទះលេខ៤ដេ ផ្លូវលេខ៤៥៤ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន និងបានស្នើសុំឱ្យសមត្ថកិច្ចប្រចាំបញ្ជា១១៧ ជួយអន្តរាគមន៍។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានករណីនេះភ្លាម សមត្ថកិច្ចប្រចាំបញ្ជា១១៧ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិ បានបញ្ជូនព័ត៌មានទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពួងទី១ ដើម្បីអន្តរាគមន៍ ។

បន្ទាប់មក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ បានចុះសាកសួរអាណាព្យាបាលក្មេងស្រីខាង លើ និងបានប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ស្ត្រីជាម្តាយ បានប្រាប់កូនស្រីថា កុំឱ្យលេងទូរស័ព្ទច្រើនពេក និងឱ្យខំរៀនសូត្រ ព្រោះ ជិតប្រឡងហើយ (មិនបានស្តីបន្ទោសនោះទេ) រួចហើយ ក៏នាំគ្នាចូលគេងជាធម្មតា។ លុះដល់វេលាម៉ោងប្រហែល ៥និង១៥នាទីទៀបភ្លឺ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ពេល ស្ត្រីជាម្តាយក្រោកពីដេក មិនឃើញកូនស្រី ក៏បាននាំគ្នាដើររក ប៉ុន្តែរកមិនឃើញនោះទេ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានទទួលបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីខាងលើ និងជួយផ្សព្វផ្សាយទៅតាម បណ្តាខណ្ឌទាំង១៤ ដើម្បីជួយស្វែងរកយុវតីនោះ៕

RELATED ARTICLES