ភ្នំពេញ ៖ យុវតីរូបស្រស់ ជាកូនកំព្រាឪពុកម្តាយម្នាក់ ត្រូវបានតាយាយចិញ្ចឹមបីបាច់ មើលថែតាំងពីតូច លុះធំដឹងក្តី ចូលចិត្តដើរលេងច្រើន ត្រូវជីដូនស្តីបន្ទោស ប្រដៅណែនាំកុំឲ្យដើរលេងច្រើនពេក ស្រាប់តែចូលសម្ងំក្នុងបន្ទប់លេបថ្នាំសម្លាប់ខ្លួន។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបុរីពិភពថ្មី កួរស្រូវ២ ផ្ទះលេខ២៤៦ ផ្លូវលេខ៣ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

យុវតីដែលលេបថ្នាំសម្លាប់ខ្លួន មានឈ្មោះស៊្រុន យ៉ាហ្សេនីន អាយុ១៧ឆ្នាំ ជាសិស្សរៀននៅសាលាប៊ែលធី សាខាព្រែកកំពឹស សព្វថ្ងៃរស់នៅក្នុងបន្ទុកតាយាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅឃុំស្មាច់មានជ័យ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង។
តាមសម្តីស្ត្រីចំណាស់ឈ្មោះប៉ុល ពិលី អាយុ៦៦ឆ្នាំ ត្រូវជាជីដូនបង្កើតរបស់យុវតីខាងលើ បានរៀបប្រាប់ទាំងទឹកភ្នែកថា យុវតីរងគ្រោះ គឺជាចៅស្រីរបស់គាត់ ហើយនាងបានរស់នៅជាមួយគាត់ តាំងពីនៅតូចមកម៉្លេះ។ កន្លងមក ចៅរបស់គាត់ចូលចិត្តដើរលេងជាមួយមិត្តភក្តិណាស់ ហើយរូបគាត់តែងតែធ្វើការអប់រំ ឃាត់មិនឱ្យដើរលេងច្រើនទេ តែនាងមិនដែលស្តាប់រូបគាត់ឡើយ ។

លោកយាយ បានរៀបរាប់បន្តថា រហូតនៅវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ចៅស្រីរបស់គាត់ បានរៀបចំខ្លួន ដើម្បីចេញទៅដើរលេងខាងក្រៅជាមួយមិត្តភក្តិទៀត តែរូបគាត់ឃាត់មិនឱ្យចេញទៅ ធ្វើឱ្យនាងខឹង ក៏ទាស់សម្តីគ្នាមួយប្រាវ។ បន្ទាប់មក ចៅ របស់គាត់បានឡើងទៅគេងក្នុងបន្ទប់ឡៅតឿបាត់ទៅ ហើយគាត់ពុំបានដឹងថា ចៅស្រីលេបថ្នាំបញ្ចប់ជីវិតឡើយ។ លុះស្អែកឡើង នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ រូបគាត់បានហៅចៅស្រី តែមិនឮឆ្លើយតបសោះ ទើបគាត់ឡើងទៅមើលក្នុងបន្ទប់ ហើយក៏ឃើញចៅស្រីដេកស្លាប់បាត់ទៅហើយ ដោយឃើញមានសំបកថ្នាំងុយដេក ជាច្រើនគ្រាប់ នៅក្បែសពចៅស្រី ទើបគាត់ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា យុវតីរងគ្រោះពិតជាបានលេបថ្នាំសម្លាប់ខ្លួនប្រាកដមែន ដោយបាន លេបថ្នាំងងុយដេក អស់ចំនួន២បន្ទះ។

ជុំវិញករណីខាងលើនេះ ក្រុមគ្រួសាររបស់យុវតីរងគ្រោះ មិនបានប្តឹងផ្តល់អ្វីឡើយ និងសំណូមពរយកសពចៅស្រីទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ៕
