ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ ជានារី ចំណុះទីស្ដីការក្រសួង ចំនួន ២៤១នាក់ ក្នុងឱកាសអបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ « ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ នេះ ប្រារព្ធឡើងក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្នុងគោលបំណងបន្តរំលេចពីតម្លៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងភាពជាដៃគូ។ ស្ត្រី និងបុរស មានសិទ្ធិស្មើគ្នា នៃបណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោក ពិសេសនៅក្នុងយុគសម័យឌីជីថល ក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាការកសាងភាពធន់ រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។


ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា ក្រោមម្លប់សន្តិភាព ការលើកកម្ពស់វប្បធម៌អហិង្សារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈតួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់


និងកាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ ស្ត្រីកម្ពុជា ជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ច ស្ត្រី មានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចជាតិ និងនៅក្នុងតំបន់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។ រាជរដ្ឋាភិបាល បាននិងកំពុងផ្តោត



លើការដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្ត្រី នៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំចំណះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ការច្នៃប្រឌិត និងគណិតវិទ្យា (STEAM)។ ស្ត្រី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។



ក្នុងឱកាសនោះ ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជូនពរស្ត្រីជាថ្នាក់ដឹកនាំ និងមន្រ្ដីរាជការចំណុះទីស្ដីការក្រសួង ទាំងអស់ ក៏ដូចជាស្ត្រីទាំងអស់ទូទាំងប្រទេស និងពិភពលោក ទទួលបាននូវសេចក្តីសុខ និងជោគជ័យក្នុងការងារ ជាពិសេសសូមបន្តចូលរួមថែរក្សាសន្តិភាព ដើម្បីជំរុញកិច្ចអភិវឌ្ឍជាតិមាតុភូមិ ស្របតាមប្រធានបទទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ៕