Sunday, November 24, 2024
Homeព័ត៌មានជាតិប្រុសថៃវ៉ៃប្ល....ន់សម្លា....ប់ស្ត្រីខ្មែរ រត់គេចបាន៥ថ្ងៃ ជាប់ខ្នោះ

ប្រុសថៃវ៉ៃប្ល….ន់សម្លា….ប់ស្ត្រីខ្មែរ រត់គេចបាន៥ថ្ងៃ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាឃាតករដែលបានធ្វើសកម្មភាពវាយសម្លាប់ ប្លន់ស្ត្រីជាពលករខ្មែរម្នាក់ ចោលសពនៅចំណុចព្រៃជាយដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នោះ ត្រូវបានសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួនបាន ក្រោយពីព្យាយាមរត់គេចខ្លួនបាន៥ថ្ងៃ  ដែលជនសង្ស័យជាឃាតករ ជាជនជាតិថៃ និងជាមេខ្យល់នាំស្ត្រីរងគ្រោះឆ្លងដែន។

 ការចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតករ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិណាំគៀង ឃុំប៉ារ៉ៃ ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួន មានឈ្មោះហុង ខាវសិរីវេត ហៅហុង ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិថៃ និងជាមេខ្យល់នាំមនុស្សឆ្លងដែន មានលំនៅ ភូមិណាំគៀង ឃុំប៉ារ៉ៃ ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះស្វៃ ភក្ត្រា អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង និងមានលំនៅ ភូមិផ្គាំ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានប្តីឈ្មោះគុជ សាវុធ អាយុ៤២ឆ្នាំ និងមានកូនចំនួន២នាក់។

ក្រោយកើតមានករណីឃាតកម្មដ៏សាហាវឃោរឃៅ នៅជាប់ព្រំដែនខ្មែរ-ថៃ ខាងលើ កម្លាំងសមត្ថកិច្ចជំនាញកម្ពុជា សហការជាមួយភាគីថៃ បានបើកការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ រហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យខាងលើ ដែលជាដៃដល់ប្លន់សម្លាប់ស្ត្រីរងគ្រោះ និងជាមេខ្យល់នាំស្ត្រីរងគ្រោះ ចេញពីទឹកដីថៃ តាមច្រករបៀង។

គួររំលឹកថា កាលពីវេលាម៉ោងរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចព្រៃជាយដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយស្ត្រីជាពលករខ្មែរចំណាកស្រុកម្នាក់ ទើបនឹងវិលត្រឡប់មកពីប្រទេសថៃវិញ ដោយចេញតាមច្រកព្រំដែនអន្តរជាតិ មិនបាន ក៏ពឹងពាក់មេខ្យល់ឱ្យជូនចេញមកតាមច្រករបៀង ស្រាប់តែឆ្លងចេញមកដល់ដីខ្មែរ ត្រូវជនដៃដល់ធ្វើសកម្មភាព ប្លន់សម្លាប់ ដោយវាយបណ្តាលឱ្យខ្ទេចត្រង់ផ្ទៃមុខ ដេកស្លាប់ក្នុងព្រៃក្បែរជាយ ដែនកម្ពុជា-ថៃ យ៉ាងអាណោចអាធ័ម។

លោកវរសេនីយ៍ឯក ភឿន ម៉ឹងសឹង្ហ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយកម្លាំងជំនាញចុះទៅពិនិត្យសព ឃើញថាមានរបួសស្នាមពេញមុខ ដោយត្រូវជនសង្ស័យ យកដំបងវាយ បណ្តាលឱ្យស្លាប់ ក្នុងនោះសមត្ថកិច្ចរកឃើញលុយលាក់ក្នុងអាវក្នុងរបស់ជនរងគ្រោះ ចំនួន៧០០០បាតផងដែរ។

តាមប្រភពពីឈ្មោះពេជ្រ រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនប្រុសរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គ្រួសារខ្លួន (មានម្តាយ ឪពុក) បានចេញទៅធ្វើការនៅប្រទេសថៃជាង១០ឆ្នាំមកហើយ។ លុះមុនកើតហេតុ ដោយសារតែម្តាយខ្លួន មានជំងឺគីសក្នុងស្បូន ទើបសម្រេចចិត្តវិលត្រឡប់មកព្យាបាលជំងឺនៅស្រុកខ្មែរវិញ។

កូនប្រុសរបស់ស្ត្រីរងគ្រោះ បានបន្តថា ពេលត្រឡប់មកខ្មែរវិញ ខ្លួននិងម្តាយ មកដល់ព្រំដែនទាំងអស់គ្នា ដោយខ្លួនកាន់ប៉ាស្ព័រ ចេញតាមច្រកអន្តរជាតិប៉ោយប៉ែត តែម្តាយគ្មានប៉ាស្ព័រ ចេញមិនបាន ទាល់តែរយៈពេល១ថ្ងៃទៀត ទើបអាចចេញបាន ទើបម្តាយសម្រេចចិត្តចេញ តាមច្រករបៀង ដោយពឹងមេខ្យល់ ជូនឆ្លងដែន ចំណែកខ្លួនបានចេញតាមច្រកប៉ោយប៉ែត ត្រឡប់មកផ្ទះមុន លុះពេលមកដល់ផ្ទះ មិនឃើញម្តាយមកដល់ ក៏ទូរស័ព្ទទៅសួរ តែមិនចូលសោះ។ ស្រាប់តែល្ងាចឡើង ឃើញព័ត៌មានផ្សាយថា បានប្រទះឃើញសាកសពស្ត្រីម្នាក់ នៅក្បែរព្រំដែន លុះមើលភិនភាគនិងសម្លៀកបំពាក់ ទើបដឹងថាជាម្តាយរបស់ខ្លួន ដោយម្តាយមានលុយជាប់ខ្លួន ដាក់លាក់ក្នុងអាវក្នុង និងទុកលុយចាយតាមផ្លូវ ក្នុងកាបូប តិចតួចតែប៉ុណ្ណោះ៕

RELATED ARTICLES