Saturday, April 20, 2024
Homeសង្គម និងជីវិតឪចងកសម្លាប់ខ្លួន ជាមួយកូន៣ឆ្នាំ ទុកលិខិតផ្តាំលាម៉ែ បងប្អូន និងប្រពន្ធ

ឪចងកសម្លាប់ខ្លួន ជាមួយកូន៣ឆ្នាំ ទុកលិខិតផ្តាំលាម៉ែ បងប្អូន និងប្រពន្ធ

ពោធិ៍សាត់ ៖ បុរសម្នាក់ បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ (ខួចតម្រងនោម ឬខូចក្រលៀន) និងត្រូវលាងឈាម ក្នុង១សប្តាហ៍ ២ទៅ៣ដង លុះអស់លទ្ធភាពព្យាបាលជំងឺបន្ត ក៏សម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង និងងកូន ប្រុសតូចអាយុ៣ឆ្នាំម្នាក់ទៀត បណ្តាលឱ្យស្លាប់ទាំង២នាក់ឪពុកកូន យ៉ាងអាណោចអាធ័ម ដោយបន្សល់ទុក លិខិត១ច្បាប់ ផ្តាំលាម្តាយ បងប្អូន និងប្រពន្ធ ថាគេសូមលាទៅជាមួយកូនតូច ដោយសារមិនចង់រស់នៅនាំ ឲ្យពិបាកដល់អ្នកដែលនៅរស់។

ករណីអត្តឃាតកម្មនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុច ភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បុរសដែលធ្វើអត្តឃាត ជាមួយកូនប្រុសនោះ មានឈ្មោះហុង ចំរើន អាយុ៣៥ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិខាងលើ មានប្រពន្ធឈ្មោះ ចៅ ដាវី អាយុ ៣៤ឆ្នាំ មុខរបរគ្រូបង្រៀន។ ចំណែកសពកូនប្រុស មានឈ្មោះចំរើន បញ្ញា អាយុ៣ឆ្នាំ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ ឈ្មោះហុង ចំរើន បានកើតមានជំងឺ ប្រចាំកាយ (ខូចក្រលៀន) ជាយូរមកហើយ លុះមួយរយៈចុងក្រោយ អាការជំងឺវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរដោយ ត្រូវចូលពេទ្យលាងឈាម ក្នុង១សប្តាហ៍ ៣ទៅ៤ដងឯណោះ លុះដោយសារតែអស់លទ្ធភាពព្យាបាលបន្ត ទើប គិតខ្លីបែបនេះ តែអ្វីដែលធ្វើឱ្យក្រុមគ្រួសារ និងមហាជនទូទៅតក់ស្លុតរន្ធត់ចិត្តបំផុតនោះ គឺជនរងគ្រោះមិនត្រឹម តែសម្លាប់ខ្លួនតែឯងទេ បែរជានាំទាំងកូនតូច អាយុ៣ឆ្នាំម្នាក់ ទៅជាមួយទៀត។

ប្រភពដដែល បន្តថា ក្រោយកើតមានការហេតុការណ៍ខាងលើ គេបានប្រទះឃើញលិខិតបណ្តាំ ដែល ជនរង គ្រោះសរសេរដោយផ្ទាល់ដៃ ១ច្បាប់ បានបន្សល់ទុក ដែលមានខ្លឹមសារទាំងស្រុងថា “ម៉ាក់អើយ! កូនលាហើយ។ បងណា មើលម៉ាក់ផង ខ្ញុំហត់ហើយ ចង់សម្រាកហើយ ខ្ញុំខូចក្រលៀន ពេទ្យឱ្យលាងឈាម ១អាទិត្យ ២-៣ដង តែខ្ញុំគ្មានលុយទេ។ ឥឡូវខ្ញុំទ្រាំលែងរួចហើយ ៩ខែហើយ ដែលខ្ញុំដឹង តែគ្មានលទ្ធភាពព្យាបាល។ អូនអើយ! យើងគ្មានលុយទេ បើបងរស់ ត្រូវអស់លុយច្រើន អូនជំពាក់គេ គ្មានលុយសងគេទេ កូនបញ្ញា បងយកទៅជា មួយហើយ កុំឱ្យអូនពិបាក ព្រឹកៗដាស់កូនទៅសាលាយឺត។ បងណា កុំព្យូទ័រ Lenovo យកទៅឱ្យពិសិដ្ឋ ផង។ សម្បត្តិ មើលម៉ាក់ផង ប្លង់ដីនៅអូរបាក្រង នៅធនាគារ បើបងណា អាចក់ ឬសម្បត្តិ យកបង់ធនាគារជំនួសខ្ញុំ ហើយពេលដាច់ យកដីហ្នឹងទៅ…”។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យសព ២នាក់ឪពុកនិងកូនតូច រួចបញ្ជាក់ថា សពពិតជាបាន ចងកសម្លាប់ខ្លួនប្រាកដមែន ដោយសពបុរសជាឪពុកបានចងកសម្លាបខ្លួនជាមួយកូនប្រុសតូចរបស់ខ្លួនតែម្តង។

ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីខាងលើនេះ បានធ្វើឲ្យក្រុមគ្រួសារនៃសព តក់ស្លុត ស្តាយស្រណោះអាឡោះអាល័យជាពន់ពេក ជាពិសេសអាណិតក្មេងប្រុសអាយុ ៣ឆ្នាំ ជាកូន ដែលបុរសជាឪពុក ដាច់ចិត្តយកទៅតាមដោយគ្នាមិនទាន់ ទាំងដឹងក្តីផង។

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ស្ត្រីឈ្មោះចៅ ដាវី ជាប្រពន្ធនៃសពបុរសឈ្មោះហុង ចំរើន និងជាម្តាយនៃសព កុមារ ចំរើន បញ្ញា បានបង្ហោះរូបភាពសែនបាយទឹកជូនព្រលឹងសពប្តីនិងកូន ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា «ញ៉ាំបាយ ៣នាក់ ណាប្តី និងកូន»។

ចំណែកស្ត្រីឈ្មោះហុង សម្បត្តិ ត្រូវជាប្អូនស្រីនៃសពបុរសឈ្មោះហុង ចំរើន និងត្រូវជាម្តាយមីងនៃសពកុមារ ចំរើន បញ្ញា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ថា «ហេតុអីទៅបង បងគិតខ្លីម៉្លេះ សូម្បីតែកូនប្រុសដ៏សែនឆ្លាតក៏បងមិនទុក បងយកទៅតាមធ្វើអី? បងប្រុសដ៏ល្អដាច់ចិត្តទៅចោល ពួកយើងហើយ។ មនុស្សជាទីស្រលាញ់ទៅម្តង២»។

ស្ត្រីដដែល បានសរសេរបន្ថែម នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ថា «ហេតុអីក៏រឿងនេះត្រូវកើតមកលើគ្រួសារខ្ញុំ? អ្នកណាធ្វើចិត្តបាន បងប្រុសបងចិត្តដាច់ណាស់ ក្មួយប្រុសដ៏សែនឆ្លាតរបស់ម៉ាក់មីង ក្មួយស្រស់ស្អាតណាស់ ។ ខ្ញុំស្ទើរឆ្កួតហើយ អ្នកណាធ្វើចិត្តបាន បើម្តងទាំង២ អ៊ីចឹង?»។

ស្ត្រីខាងលើ សរសេរបន្ថែមទៀតថា «បងប្រុសរបស់ប្អូន ជាមនុស្សល្អណាស់ បងជាកូនប្រុសដ៏ល្អជាប្អូនជាបង ដ៏ល្អ ជាប្តី ជាឪពុកដ៏ល្អ គ្រប់គ្នាមិនបន្ទោសបងទេ បងសុខចិត្តទ្រាំពិបាកចិត្តតែម្នាក់ឯង បងខ្លាច គ្រប់គ្នាពិបាក ដោយសារតែបង សូម្បីបងបញ្ចប់ជីវិត ក៏បងសុខចិត្តយកកូនទៅជាមួយ បងហត់ច្រើនពេកហើយបងសម្រាក ចុះណា!

អ្នកដទៃគេអាចនឹងជេរ ខឹងស្អប់បង ព្រោះគេមិនមែនជាបង គេមិនយល់ទេ តែបងប្អូនពួកយើង មិនខឹងនឹង បងទេ។ សូមបងប្រុស និងក្មួយ បានទៅកាន់ទីស្ងប់សុខ»៕

RELATED ARTICLES