ខេត្តពោធិ៍សាត់ ៖ គូសង្សារមួយគូ ទើបនឹងជួបជុំមិត្តភក្តិផឹកស៊ីស្រវឹងធ្លាក់ភ្នែក ឡើងបើករថយន្តត្រឡប់មកផ្ទះវិញ ស្រាប់តែរេចង្កូតក្រឡាប់ធ្លាក់ទឹកស្ទឹង បណ្តាលឱ្យនារីជាសង្សារ ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបុរសជាអ្នកបើកបរ រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវកៅស៊ូ ១ខ្សែ តាមបណ្តោយមាត់ស្ទឹង ត្រង់ចំណុចផ្លូវកោង ក្បែរវត្តលលកសថ្មី ស្ថិតក្នុងភូមិលលកស សង្កាត់លលកស ក្រុងពោធិ៍សាត់។
ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ មានឈ្មោះរម្យ សីហា ភេទស្រី អាយុ២៧ឆ្នាំ មានលំនៅ ភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះម៉ៅ សុវណ្ណារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះទាំង២នាក់ គឺជាគូសង្សារ និងមានរបរជាអ្នកលក់ខោអាវ នៅព្រំប្រទល់កម្ពុជា-ថៃ (ថ្មដា)។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តចង្កូតស្តាំ ប្រភេទ ១បាំងកន្លះ ១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៤៩៣៤ បើកបរដោយបុរសឈ្មោះម៉ៅ សុវណ្ណារ៉ា និងអ្នករួមដំណើរដោយនារីជាសង្សារ ឈ្មោះរម្យ សីហា បើកបរក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវអបមាត់ស្ទឹងខាងលើ លុះមកដល់ត្រង់ចំណុចកើតហេតុ ដែលជាស្ថានភាពផ្លូវកោង ស្រាប់តែរថយន្តបានរេចង្កូតធ្លាក់ចូលទឹកស្ទឹង ទាំងកំរោល បណ្តាលឱ្យបុរសជាអ្នកបើកបរ រងរបួសធ្ងន់ រីឯនារីជាសង្សារដែលរួមដំណើរជាមួយបានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ដោយឡែក តាមប្រភពពីមិត្តភក្តិជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ ពួកខ្លួនបានជួបជុំគ្នាស៊ីផឹកនៅហាង «ទឹកមាស» និងបន្តមក «ស្ទឹងមាស» លុះក្រោយមក ពួកគាត់ឃើញជនរងគ្រោះទាំង២នាក់ ស្រវឹងជោកទៅហើយ ទើបនាំគ្នាហាម កុំឱ្យបើកបរដែរ ប៉ុន្តែពួកគាត់មិនស្តាប់ នៅតែមានះបើករថយន្តចេញទៅ ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំណែកសពនារីរងគ្រោះ សមត្ថកិច្ចបានដឹកយកទៅតម្កល់ទុកនៅវត្តលលកសថ្មី រង់ចាំសាច់ញាតិមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕