ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបាននិយាយកាលពីថ្ងៃអង្គារថា លោកបានបញ្ជាឱ្យពង្រឹងកម្លាំងកងទ័ពជួរមុខនៅក្នុងទីក្រុង Bakhmut ដោយពន្យល់ថាមិនមានផ្នែកណាមួយនៃទឹកដីអ៊ុយក្រែនដែលអាចត្រូវបានគេបោះបង់ចោលនោះទេ។លោកប្រធានាធិបតីបាននិយាយថាលោកបានធ្វើការសម្រេចចិត្តបន្ទាប់ពីបានពិគ្រោះជាមួយយោធា។លោកបានបន្តថាខ្ញុំបានប្រាប់នាយសេនាធិការឲ្យរកកម្លាំងសមស្របដើម្បីជួយពួកគេនៅជួរមុខ។ហ្សេឡិនស្គីបាននិយាយថាអ៊ុយក្រែននឹងការពារដីរបស់ខ្លួនគ្រប់សង្ទីម៉ែត្រនៃប្រទេសរបស់ខ្លួន។

លោកបានបន្ថែមថាយើងកំពុងការពារ ហើយនឹងបន្តការពារគ្រប់ផ្នែកទាំងអស់នៃអ៊ុយក្រែន។ នៅពេលដែលពេលវេលាមកដល់ យើងនឹងរំដោះទីក្រុង និងភូមិទាំងអស់នៅក្នុងប្រទេសរបស់យើងហើយយើងនឹងផ្តល់ចម្លើយដល់អ្នកកាន់កាប់សម្រាប់រាល់ការបាញ់ប្រឆាំងនឹងអ៊ុយក្រែន សម្រាប់រាល់ទង្វើអាក្រក់ប្រឆាំងនឹងអ៊ុយក្រែន។
គួររំឭកថាទីក្រុងBakhmutគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំមួយនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនដែលតាមរយៈនោះទាហានអ៊ុយក្រែននៅតំបន់ Donbas ត្រូវបានផ្គត់ផ្គង់ដោយអាវុធ ឧបករណ៍យោធា និងគ្រាប់រំសេវ។ ទីក្រុងនេះគឺជាចំណុចក្តៅដ៏សំខាន់មួយនៅក្នុងជួរមុខរវាងទីក្រុងគៀវនិងទីក្រុងម៉ូស្គូដែលមានសង្រ្គាមអស់រយៈពេលជាងមួយឆ្នាំ៕