ភ្នំពេញ ៖ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បន្ទាប់ពីបានប្រកាសថា នឹងរៀបចំបង្កើត ក្លឹបគុនខ្មែរ កម្រិតអន្តរជាតិមួយ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ពេលនេះឧកញ៉ារូបនេះ បានបញ្ជាក់ថាកីឡាករ ប្រដាល់ប្រេស៊ីល លោកធីអាហ្គោ បានគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតក្លឹបគុនខ្មែរលំដាប់អន្តរជាតិនេះ ហើយកីឡាករប្រដាល់ប្រេស៊ីលរូបនេះ បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាកន្លែងដែលមានប្រជាជន ស្រលាញ់ គាត់ និងឲ្យតម្លៃគាត់ ដូច្នេះហើយ គាត់ចង់មករស់នៅប្រទេសកម្ពុជា នៅពេលអនាគតទៀតផង។
លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ថា “កីឡាករខ្លាំង ទើបគុនខ្មែរខ្លាំង គុនខ្មែរខ្លាំង ទើបប្រទេសដទៃគេគោរព គេឲ្យតម្លៃជាតិសាសន៍ កម្ពុជា របស់យើង។
Tiago គាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតក្លឹបថ្មីលំដាប់អន្តរជាតិមួយនេះ ហើយគាត់នឹងចូល រួមជាមួយ ក្លឹប ថ្មីរបស់យើងផងដែរ។ Tiago បាននិយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ខ្លាំងបំផុត។ លើសពីនេះទៅទៀត គាត់បានដក់ចិត្តស្រលាញ់កេរមរតកដូនតា កីឡាគុនខ្មែរ ពេញបេះដូងរបស់គាត់។ Tiago បានបន្ថែមទៀតថា គាត់នឹងនាំយកកីឡាមរតកដូនតាខ្មែរមួយនេះ ទៅឲ្យពិភពលោកស្គាល់ជាដាច់ខាត ព្រោះ ពិភពលោក មិនដែលដឹងនោះទេថា កម្ពុជា មានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះឡើយ ហើយគាត់ក៏មិន ដែលឃើញប្រជាជននៃប្រទេសណាដែលមានភាពរួសរាយ និងពោពេញទៅដោយក្តីស្រលាញ់បែបនេះនា ពេលកន្លងមកនោះទេ។ គាត់បាននិយាយពាក្យមួយឃ្លាថា “យើងគួរតែរស់នៅកន្លែង ណាដែលគេ ស្រលាញ់ យើង គេឲ្យតម្លៃយើង” ហើយប្រទេសកម្ពុជា គឺជាកន្លែងដែលមានប្រជាជនស្រលាញ់គាត់ និងឲ្យតម្លៃគាត់ ដូច្នេះហើយ គាត់ចង់មករស់នៅប្រទេសកម្ពុជា នៅពេលអនាគត»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបភាពមរតកគុនខ្មែរ ដែល បានចារឆ្លាក់នៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដោយលោកឧកញ៉ា បានសន្យាថា បើសិនជាបងប្អូនជនរួមជាតិ ចែករំលែក (Share) ផុស (post) មួយនេះ បាន 33K លោកនឹង បង្កើត ក្លឹបកីឡាគុនខ្មែរ លំដាប់ថ្នាក់អន្តរជាតិមួយឡើង ដើម្បីជាការតបស្នងការគាំទ្ររបស់បងប្អូន ចំពោះវិស័យកីឡា គុនខ្មែរ។
ជាការមិននឹកស្មានដល់ បន្ទាប់ពីលោកឧកញ៉ា បានបង្ហោះដូចខាងលើ ស្រាប់តែមានអ្នកចែករំលែក (Share) ដល់ទៅជាង 37K ឯណោះ ទើបលោកឧកញ៉ា បានប្រកាសថា នឹងគោរពពាក្យសន្យារបស់លោក គឺនឹងបង្កើត ក្លឹបគុនខ្មែរ លំដាប់អន្តរជាតិមួយ។
ឧកញ៉ា ស្រី ចាន់ថន បានសរសេរបញ្ជាក់ក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ថា «ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយខ្លាំងបំផុត សម្រាប់ការគាំទ្ររបស់បងប្អូន ទៅលើគុនខ្មែររបស់យើង។ ខ្ញុំកំណត់ត្រឹមតែ 33k ចែករំលែក (Share) តែបងប្អូនបានចែករំលែករហូតដល់ទៅ 37K ជាងឯណោះ។ ដូច្នេះដើម្បីឆ្លើយតបនឹងការគាំទ្រមួយនេះ ខ្ញុំនឹងរៀបចំបង្កើតក្លឹបកម្រិតអន្តរជាតិមួយ ក្នុងពេលដ៏ឆាប់ខាង មុខនេះ។ ខ្ញុំនឹងបើកការប្រជុំមួយជាមួយលោកគ្រូបង្វឹកគុនខ្មែររបស់យើង ដើម្បីរៀបចំក្លឹបមួយនេះ ឲ្យមាន ស្តង់ដារអន្តរជាតិ។ ខ្ញុំសង្ឃឹមថា បងប្អូននឹងនៅតែបន្តការគាំទ្រដល់វិស័យ កីឡាគុនខ្មែររបស់ យើងបន្តទៀត និងជារៀងរហូត។ ការគាំទ្ររបស់បងប្អូនទាំងអស់គ្នា គឺជាកម្លាំងជំរុញដ៏អស្ចារ្យ ដើម្បីឲ្យវិស័យកីឡាគុនខ្មែរ មានការរីកចម្រើន និងល្បីល្បាញពាសពេញសកលលោក។ សូមអរគុណបងប្អូនខ្មែរជាទីគោរព ស្រលាញ់ ទាំងអស់គ្នា សម្រាប់ការចែករំលែកផុសរបស់ខ្ញុំ កាលពីព្រឹកមិញ រហូតលើសចំនួនដែលខ្ញុំបានកំណត់»។
គួររំឭកថា កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ស្រី ចាន់ថន បានផ្តល់ម៉ូតូធំ ១គ្រឿង ដល់កីឡាករប្រេស៊ីល លោកធីអាហ្គោ សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅហាត់គុនខ្មែរ នៅក្លឹបរបស់លោកគ្រូ សេន ប៊ុនថេន ផងដែរ ដោយសារតែលោកមើលឃើញថា កីឡាករប្រេស៊ីល រូបនេះ ស្រឡាញ់គុនខ្មែរ និងចង់លើកស្ទួយគុនខ្មែរ ឲ្យ ល្បីល្បាញលើពិភពលោក៕ ខៀវទុំ