កាលពីថ្ងៃព្រហស្បតិ៍ទី ៩ ខែមីនា ឆ្នាំ២០២៣ប្រធានាធិបតីចិន លោកស៊ីជីនពីងបានអំពាវនាវឱ្យ បង្កើនកងកម្លាំងប្រដាប់អាវុធឱ្យកាន់តែលឿនទៅកាន់ស្តង់ដារលំដាប់ពិភពលោក។សុន្ទរកថារបស់លោកបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកការទូតកំពូលបានព្រមានអំពីលទ្ធភាពនៃការកើនឡើងជម្លោះជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនផ្លាស់ប្តូរផ្លូវដើរ។

លោកស៊ីបាននិយាយថា ប្រទេសចិនត្រូវតែបង្កើន សមត្ថភាពយុទ្ធសាស្ត្រជាតិរបស់ខ្លួនជាអតិបរមាក្នុងគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងជាប្រព័ន្ធនូវភាពរឹងមាំទាំងមូលរបស់ប្រទេស ដើម្បីទប់ទល់នឹងហានិភ័យជាយុទ្ធសាស្រ្ត ការពារផលប្រយោជន៍ជាយុទ្ធសាស្រ្តនិងសម្រេចបាននូវគោលបំណងជាយុទ្ធសាស្ត្រ ។
លោកបានចេញការអំពាវនាវជាបន្តបន្ទាប់ដើម្បីពន្លឿនការកសាងទំនុកចិត្តលើខ្លួនឯងនៅក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពង្រឹងសមត្ថភាពយុទ្ធសាស្ត្រក្នុងវិស័យសង្គ្រោះបន្ទាន់ ធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្ម ផ្គត់ផ្គង់មានភាពធន់ និងធ្វើឱ្យទុនបំរុងជាតិមានសមត្ថភាពការពារសន្តិសុខជាតិកាន់តែច្រើន។
ជាមួយគ្នានេះដែរលោកក៏បានលើកឡើងពីតម្រូវការសម្រាប់ ការសម្រេចបាននូវគោលដៅសម្រាប់១០០ឆ្នាំនៃកងទ័ពរំដោះប្រជាជនចិន PLA នៅឆ្នាំ ២០២៧ ដែលជាកាលបរិច្ឆេទដែលយោងទៅតាមអ្នកសង្កេតការណ៍របស់សហរដ្ឋអាមេរិកមួយចំនួនប្រទេសចិនមានបំណង ក្នុងការដណ្តើមកាន់កាប់តៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកដោយយោធា៕