Friday, March 29, 2024
Homeសង្គម និងជីវិតស្ត្រីដាច់ពោះវៀន ប្តីថាកាន់តែដុនដាប

ស្ត្រីដាច់ពោះវៀន ប្តីថាកាន់តែដុនដាប

ភ្នំពេញ ៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ នៅលើបណ្ដាញផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងស្រ្តីដាច់ពោះវៀន ដោយ សារពេទ្យឆ្មបកាត់ច្រឡំទងសុកនោះ ពេលនេះ បុរសជាប្ដីរបស់ស្រ្តីរងគ្រោះ បានបញ្ជាក់ហាក់អស់សង្ឃឹមថា បន្ទាប់ពីបានវិលត្រឡប់ពីមន្ទីរពេទ្យ នៅទីក្រុងបាងកក ប្រទេសថៃ មកបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ ម៉ែត រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីរង់ចាំការវះកាត់តពោះវៀនវិញនោះ ភរិយារបស់លោកមាន សភាព កាន់តែដុនដាបទៅ ធ្វើឲ្យលោកនិងក្រុមគ្រួសារ មានការព្រួយបារម្ភជាខ្លាំង ។

លោកផេង វឿន ជាប្តីរបស់ស្ត្រីរងគ្រោះ សៀង ស្រីអូន បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ ថា ស្ថានភាពភរិយាលោក ពី១ថ្ងៃទៅ១ថ្ងៃ កាន់តែដុនដាបទៅហើយ កុំថាឡើយដើរបាន ដូចកាល នៅ មន្ទីរពេទ្យប្រទេសថៃ និងពេលមកដល់មន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ សូម្បីតែងើបអង្គុយ ក៏មិនអាចបានផង គឺ ដេកនៅជាប់នឹងគ្រែពេទ្យរហូត ហើយត្រូវគ្រូពេទ្យរុញចូលបន្ទប់សង្រ្គោះបន្ទាន់ អស់ជាច្រើនថ្ងៃហើយ ខណៈ ដែលនៅទុយោដែលតចេញពីខ្លួននាងនោះ មានហូរឈាមរហូត ដែលធ្វើឲ្យខ្វះឈាម ដើម្បីបង្កើន គ្រាប់ឈាម ក្រហម ឡើងវិញ ។ ដូច្នេះហើយទើបពេលនេះ រឿងថវិកា មិនសូវចោទជាបញ្ហាប៉ុន្មានទេ ព្រោះនៅក្នុងមន្ទីរពេទ្យ អត់អស់ថ្លៃព្យាបាល អស់តែថ្លៃហូបចុកខ្លួនឯងបន្តិចបន្តួច និងបានសប្បុរសជនជួយខ្លះៗកន្លងមកដែរ ប៉ុន្តែអ្វី ដែលសំខាន់ចាំបាច់បំផុត គឺត្រូវរកសប្បុរសជនបរិច្ចាគឈាម ជាពិសេសពេលនេះ ភរិយាលោក ត្រូវការឈាម ៤ប្លោកបន្ថែមទៀត ។

 លោកផេង វឿន បាននិយាយថា “បាទ! ពេលនេះភរិយាខ្ញុំ សម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត ដដែល តែឥឡូវ ស្ថានភាពគាត់ធ្ងន់ធ្ងរអ៊ីចឹង លោកគ្រូពេទ្យ បញ្ជូនមកបន្ទប់សង្រ្គោះបន្ទាន់ហើយ ។ អាការធ្ងន់ធ្ងររបស់គាត់ហ្នឹង គឺពីមុនមក ពេលមកពីថៃ វិញហ្នឹង គាត់ស្រួល ដើរបានអីបាន ហាត់ប្រាណអីបានខ្លះ ដល់ពេលឥឡូវហ្នឹង វា វិវត្តន៍មកធ្ងន់ធ្ងរ គាត់ដើរអត់បាន សូម្បីតែងើបក៏ងើបអត់បានដែរ ។ ឥឡូវសម្រាកជាប់ ហើយមាន ឈាមហូរ តាមគល់ទុយោក្នុងពោះគាត់ហ្នឹង ជាប្រចាំ ។ អ៊ីចឹងហើយ គ្រូពេទ្យត្រូវការដាក់ឈាម ដើម្បីបង្កើនគ្រាប់ ឈាម ក្រហម ឲ្យមានឡើងវិញ ។ គាត់ដុនដាបនេះ ទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះទេ គឺ៤ទៅ៥ថ្ងៃ ចុងក្រោយ ហ្នឹង ដែលគាត់ធ្វើទុក្ខខ្លាំង ។ គាត់នៅនិយាយបានធម្មតាទាំងអស់ ស្មារតីគាត់អត់មានបាត់បង់ទេ គ្រាន់តែគាត់ ឈឺក្នុងពោះខ្លាំង ហើយឈឺក្បាល វិលមុខ និងល្ហិតល្ហៃ ហើយមានអារម្មណ៍នឹកកូននៅផ្ទះ ។ ពីមុន បានយក កូនមកលេង តែដល់ឥឡូវ គាត់ចូលសង្គ្រោះបន្ទាន់ទៅ ក្នុងបន្ទប់សង្រ្គោះបន្ទាន់ ពេទ្យអត់ឲ្យយកក្មេងចូលទេ គឺចូលបានតែខ្ញុំជាប្ដី ប៉ុន្តែទៅដល់ក្នុងហ្នឹង លោកគ្រូពេទ្យ ហាមថតរូប“ ។

 លោកផេង វឿន បន្តថា “ខ្ញុំក៏នៅតែអរគុណគ្រូពេទ្យដែរ ដែលគាត់ថា គាត់ព្យាយាមជួយអស់ពីលទ្ធភាពហើយ តែវាអត់ប្រសើរជាងហ្នឹង គឺបានតែប៉ុណ្ណឹង ដោយសារបញ្ហាប្រឈមចំពោះមុខ គឺទឹកប្រមាត់ហ្នឹង ហូរកាត់ក្នុង ពោះ យូរទៅវាធ្វើឲ្យប៉ះពាល់ដល់ខួរឆ្អឹងខ្នង ហើយឈាមហ្នឹង ហូរចេញនៅពេលគាត់ក្អកម្ដងៗ និងពេលគាត់ រកក្អួត ហើយគាត់អត់បានហូបអីអ៊ីចឹងទៅ ១អាទិត្យ ត្រូវការដាក់ ២ប្លោក ។ ដោយសារយើងអត់ បានហូបអា ហារតាមមាត់ ដល់អ៊ីចឹងទៅ សរីរាង្គផលិតគ្រាប់ឈាមក្រហមហ្នឹង អត់មាន ធ្វើឲ្យគ្រាប់ឈាម ក្រហមហ្នឹង វាចុះខ្សោយ ទើបចាំបាច់ ១អាទិត្យ ឬក៏កន្លះខែ ត្រូវការដាក់ឈាម ពីរប្លោក ហើយបើគិតទៅ តាំងពីមកពីថៃ មកដល់មន្ទីរពេទ្យកាល់ម៉ែត វិញនេះ គាត់ដាក់ឈាម ៥ដងហើយ ដែលសរុបទៅ អស់១០ប្លោក“ ។

 លោកផេង វឿន បន្តទៀតថា “និយាយពីអារម្មណ៍របស់ខ្ញុំជាប្ដី នៅពេលនេះ ពិបាកប្រាប់ណាស់ គ្រាន់តែចង់ បញ្ជាក់ថា ដូចបានដឹងហើយ ពីមុនមក គាត់ធ្លាប់តែល្អប្រសើរ និយាយលេងជាមួយយើងបានច្រើន យើងចេះ តែសប្បាយ តែពេលឃើញគាត់ធ្លាក់ក្នុងស្ថានភាពដុនដាបអ៊ីចឹង ក្ដីសង្ឃឹមយើងដូចថាមានតិចណាស់ ហើយ ពេលដែលលោកគ្រូពេទ្យបញ្ជាក់ប្រាប់ថា ពួកគាត់ព្យាយាមអស់លទ្ធភាព ដោយពួកគាត់អត់ អាចជួយអីបាន លើសហ្នឹងនោះ អារម្មណ៍ខ្ញុំក៏ធ្លាក់ចុះតាមហ្នឹងទៀត ។ ជាពិសេសព្រួយបារម្ភខ្លាំងណាស់ ពេលគ្រូពេទ្យ ប្រាប់ បន្ថែមថា ពេលគាត់ហូបអីអត់បានអ៊ីចឹង យូរៗទៅនឹងវិវត្តន៍ជាធ្ងន់ធ្ងរ ដែលពិបាកនឹងជួយស្រោចស្រង់បាន ។ បញ្ហាប្រឈមឥឡូវហ្នឹង គឺត្រូវការឈាម ដើម្បីបន្តបញ្ចូលឲ្យគាត់មានជីវិត គឺដល់ពេលគ្រូពេទ្យដាក់ ឈាមឲ្យ អ៊ីចឹង គាត់ត្រូវឲ្យការឲ្យយើងផ្ដល់ឈាមសងគេវិញ ហើយឥឡូវខ្វះឈាមឲ្យគាត់ ដោយទើបតែសងបានខ្លះ នៅខ្វះខ្លះទៀត ។ ដូច្នេះខ្ញុំត្រូវការសប្បុរសជន ជួយបរិច្ចាគឈាមដល់ភរិយាខ្ញុំផង ។ ហើយខ្ញុំនៅតែអរគុណ ដល់សម្ដេចពុក សម្ដេចមីង និងឯកឧត្ដមហោ ណាំហុង ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ក្រុមគ្រួសារខ្ញុំ តាំងពីព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ និងនៅមន្ទីរពេទ្យកាល់ម៉ែត នេះ“ ។

 គួរបញ្ជាក់ថា នារីរងគ្រោះដាច់វៀន ដោយសារពេទ្យឆ្មបនៅគ្លីនិកដើមអង្គ្រង កាត់ច្រឡំទងសុក កាលពីដើម ខែ វិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនោះ មានឈ្មោះសៀង ស្រីអូន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិពងទឹក ឃុំស្រែ ចែង ស្រុកជុំគិរី ខេត្តកំពត ។ មុនពេលរងគ្រោះ នាងនិងប្ដី ជួលផ្ទះរស់នៅ និងធ្វើការរោងចក្រ នៅឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ៕ កុលបុត្រ

RELATED ARTICLES