ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានធ្វើសកម្មភាពលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់ទឹកផ្ទះអ្នកជិតខាង ថតរូបកូនក្រមុំគេងូតទឹកស្រាត បន្ទាប់មកមិនអស់ចិត្ត បានផ្ញើរូបនិងវីដេអូទៅឱ្យនារីរងគ្រោះមើល ដោយគំរាមនារីរងគ្រោះ ឲ្យថតរូបស្រាត ផ្ញើមកឱ្យខ្លួនមើលថែមទៀត បើពុំនោះទេ គេនឹងទម្លាយវីដេអូនោះក្នុងបណ្តាញសង្គម ហ្វេសប៊ុក ទើបនារីរងគ្រោះប្តឹងសមត្ថកិច្ច ចាប់វាយខ្នោះជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់តែម្តង។
ករណីបង្កប់កាមេរ៉ាក្នុងបន្ទប់ទឹក លួចថតកូនក្រមុំអ្នកស្រុកងូតទឹកស្រាតនេះ បានកើតឡើង កាលពីវេលាម៉ោងជិត ១០យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្នុងបន្ទប់ទឹកផ្ទះនារីរងគ្រោះ ស្ថិតនៅក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។ លុះក្រោយមក នារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកទៅសាកសួរ។
ជនសង្ស័យដែលលួចថតកូនក្រមុំគេងូតទឹក និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអៀង ខៀង ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ខ.ណ.រ អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ (ផ្ទះក្បែរគ្នា)។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹងថា ករណីបង្កប់កាមេរ៉ាក្នុងបន្ទប់ទឹក លួចថតកូនក្រមុំអ្នកស្រុកនៅផ្ទះក្បែរគ្នានេះ កម្លាំងផ្នែកជំនាញ នៅចុងសប្តាហ៍កន្លងមកនេះ បានចុះកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ និងបានឃាត់ខ្លួនយកមកចាត់ការតាមច្បាប់។

លោកអធិការ បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោងជិត ១០យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ អៀង ខៀង បានធ្វើសកម្មភាពបង្កប់កាមេរ៉ាក្នុងបន្ទប់ទឹក លួចថតនារីរងគ្រោះអាក្រាតកាយ កំពុងងូតទឹក។ លុះក្រោយធ្វើសកម្មភាពលួចថតរូបភាពអាក្រាតកាយរបស់នារីរងគ្រោះរួចហើយ ជនសង្ស័យបានយករូបភាព និងវីដេអូដែលខ្លួនថតបាននោះ ផ្ញើតាមប្រព័ន្ធតេឡេក្រាម ទៅឱ្យនារីរងគ្រោះមើល រួចបានគំរាមនារីរងគ្រោះ ឲ្យថតស្រាតឱ្យខ្លួនមើលទៀត បើមិនព្រមថតស្រាតឱ្យខ្លួនមើល ឬបើប្រាប់ឱ្យគេឯងបានដឹង នោះរូបគេ (ជនសង្ស័យ) នឹងបង្ហោះរូបភាពនិងវីដេអូអាក្រាតកាយទាំងស្រុង តាមបណ្តាញហ្វេសប៊ុក ជាក់ជាមិនខាន។ បន្ទាប់មក នារីរងគ្រោះ សម្រេចប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់នារីរងគ្រោះប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕