ខេត្តកណ្តាល ៖ ជនសង្ស័យ ២នាក់ប្តីប្រពន្ធ ជាថៅកែហាងផឹកស៊ី និងខារ៉ាអូខេ (KTV) យីហោ «អាហារដ្ឋានជំនោរបឹងលាភ KTV 168» ដែលរងការចោទប្រកាន់ពីបុគ្គលិកស្រីវ័យក្មេង ចំនួន៤នាក់ ថាបានបង្ខាំង និងបង្ខំឱ្យពួកនាងរួមភេទជាមួយភ្ញៀវប្រុសនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន បញ្ជូនទីតុលាការ ចាត់ការតាមច្បាប់ ដោយទីបំផុត តុលាការ បានសម្រេចឃុំខ្លួនជនសង្ស័យទាំងពីរនាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
ជនសង្ស័យពីរនាក់ប្តីប្រពន្ធនោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុច «អាហារដ្ឋានជំនោរបឹងលាភ KTV 168» ស្ថិតក្នុងភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ ដែលត្រូវបានបុគ្គលិកស្រី ប្តឹងពីបទបង្ខាំង បង្ខំឲ្យបម្រើភ្ញៀវច្រៀងនិងរួមភេទ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ បុរសជាប្តី មានឈ្មោះជុំ ជឿន ភេទប្រុស អាយុ៤៤ឆ្នាំ និងស្ត្រីជាប្រពន្ធ មានឈ្មោះងិន សុខន ភេទស្រី អាយុ៣៩ឆ្នាំ។ ទាំង២នាក់ប្តីប្រពន្ធ មានមុខរបរជាម្ចាស់អាហារដ្ឋាន និងខារ៉ាអូខេ យីហោ «ជំនោបឹងលាភ KTV 168» មានលំនៅក្នុងភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮ។
ចំណែកក្មេងស្រីរងគ្រោះ ៣នាក់ រួមមាន ទី១-ឈ្មោះ ក.ឈ.អ អាយុ១៤ឆ្នាំ ៣ខែ ១៧ថ្ងៃ (អនីតិជន) មុខរបរបុគ្គលិកខារ៉ាអូខេ មានលំនៅ ភូមិកន្ទួតគងកាង ឃុំថ្នល់ថ្មី ស្រុកពញាក្រែក ខេត្តកំពង់ចាម។ ទី២-ឈ្មោះ វ.ស.ន អាយុ១៤ឆ្នាំ ៦ខែ (អនីតិជន) មុខរបរបុគ្គលិកខារ៉ាអូខេ មានលំនៅ ភូមិ៣៨ ឃុំលើកដែក ស្រុកស្អាង និងទី៣-ឈ្មោះ ឡ.ស.ផ អាយុ២១ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ មានលំនៅ ភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ ដែលជាថៅកែហាង «ជំនោបឹងលាភ KTV 168» ខាងលើនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកពញាឮ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
ប្រភពដដែល បន្តថា ការឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធខាងលើ គឺបន្ទាប់ពីមានបណ្តឹងរបស់ក្មេងស្រី វ័យ១៤ឆ្នាំ ជាអនីតិជន ប្តឹងពីបទ «បញ្ឈប់បុគ្គលិក មិនបើកប្រាក់ខែ ជេរប្រមាថ បង្ខំឱ្យបម្រើផ្លូវភេទ បៀតបៀនកេរ្តិ៍ខ្មាស់ ជួញដូរផ្លូវភេទ និងបង្ខាំងបិទសិទ្ធិមិនឱ្យចេញក្រៅ»។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបានរកឃើញថា ម្ចាស់ហាង KTV ពីរនាក់ប្តីប្រពន្ធ ខាងលើ ពិតជាបានផ្តល់ទីកន្លែងសម្រាប់ពេស្យាចារ (បម្រើផ្លូវភេទ) ប្រាកដមែន ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាម្ចាស់ហាង ទាំងពីរនាក់ប្តីប្រពន្ធ ទៅសាកសួរ និងកសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។ បន្ទាប់មកតុលាការបានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ ដាក់ពន្ធនាគារខេត្តកណ្តាល ជាបណ្តោះអាសន្ន។
ចំណែកក្មេងស្រីរងគ្រោះ ជាអនីតិជន ក៏ទទួលបានការឧបត្ថម្ភគាំទ្រផ្នែកការពារផ្លូវច្បាប់ ពីអង្គការមេត្រីអន្តរជាតិ (AIM) ថែមទាំងបានផ្តល់នូវថវិកាមួយចំនួនសម្រាប់ការធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើត ជួបជុំគ្រួសារវិញផងដែរ។
តាមការអះអាងពីក្មេងស្រីរងគ្រោះខាងលើ បានឲ្យដឹងថា សព្វថ្ងៃនេះគ្រួសារពួកនាងមានជីវភាពខ្វះខាតខ្លាំង ទើបសម្រេចចិត្តមករកការងារធ្វើ ដើម្បីបានលុយផ្គត់ផ្គង់គ្រួសារ តែជាអកុសលបែរជាត្រូវថៅកែឱ្យបម្រើភ្ញៀវទាំងការច្រៀងហើយ ថែមទាំងបង្ខំឲ្យបម្រើផ្លូវភេទ (ដេកជាមួយភ្ញៀវ) ដើម្បីយកតម្លៃកន្លែងគេងក្នុងបន្ទប់នៃហាងខារ៉ាអូខេខាងលើទៀត។
គួររំលឹកថា នារីវ័យក្មេង ចំនួន៤នាក់ (ជាអនីតិជនអាយុក្រោម១៥ឆ្នាំ ២នាក់) ដែលជាបុគ្គលិកបម្រើការងារនៅក្នុងហាងផឹកស៊ី និងខារ៉ាអូខេ «ជំនោបឹងលាភ KTV 168» បានប្តឹងចោទប្រកាន់ថៅកែហាង ២នាក់ប្តីប្រពន្ធ ថាបានបង្ខំឱ្យពួកនាងរួមភេទជាមួយភ្ញៀវប្រុស ថែមទាំងបង្ខាំងមិនឱ្យចេញក្រៅទៀតផង។
នារីវ័យក្មេង ទាំង៤នាក់ បានឱ្យដឹងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ថា ពួកនាងបានចូលមកបម្រើការងារនៅក្នុងហាងផឹកស៊ី និងខារ៉ាអូខេ ខាងលើ មួយរយៈមកហើយ ដោយដំបូងថៅកែហាង ឈ្មោះជុំ ជឿន បានលួងលោមពួកនាងថា ឱ្យប្រាក់ខែពួកនាង ម្នាក់១៥០ដុល្លារ លុះក្រោយមកបែរជាឱ្យត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ។ លើសពីនេះទៀត ថៅកែហាង ពីរនាក់ប្តីប្រពន្ធ ថែមទាំងបានលួងលោមផង បង្ខំផង ឱ្យពួកនាងរួមភេទជាមួយភ្ញៀវប្រុសៗទៀតផង ដោយនិយាយថា “ទាន់ពេលសម្រស់យើងនៅល្អ ដេកយកលុយសិនទៅ តែបើសម្រស់យើងអន់វិញ គឺអត់ហើយ”។
នារីរងគ្រោះ បន្តថា បើអ្នកណាមិនយល់ព្រមដេកជាមួយភ្ញៀវ ថៅកែហាង នឹងបញ្ឈប់ការងារ ដោយមិនបើកប្រាក់ខែឱ្យតែម្តង។ ចំណែកពួកនាង ត្រូវបានថៅកែចាក់សោបង្ខាំង បំបិទសិទ្ធិសេរីភាព មិនឱ្យចេញពីហាងនោះឡើយ រហូតធ្វើឱ្យពួកនាងទ្រាំលែងបាន ក៏សម្រេចដាក់ពាក្យបណ្តឹងចូលទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រៃលាស់ ដើម្បីសុំអន្តរាគមន៍តែម្តង។
យោងតាមពាក្យបណ្តឹងរបស់ក្រុមនារីវ័យក្មេងទាំង ៤នាក់ខាងលើ បានចោទប្រកាន់ទៅលើឈ្មោះជុំ ជឿន ជាថៅកែហាង «ជំនោរបឹងលាភ KTV 168» ជាច្រើនករណី រួមមាន ទី១-បញ្ឈប់បុគ្គលិក ដោយមិនបើកប្រាក់ខែឱ្យ។ ទី២-ជេរប្រមាថនិងបៀតបៀន។ ទី៣-បង្ខំឱ្យបម្រើផ្លូវភេទ។ ទី៤-ជួញដូរផ្លូវភេទ និង៥-បង្ខាំង បិទសិទ្ធិមិនឱ្យចេញក្រៅ (ពេលគេង ចាក់សោបន្ទប់ពីក្រៅជាប់)៕