ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានបបួលប្រពន្ធ រើផ្ទះទៅនៅខាងស្រុកម្តាយក្មេក ប៉ុន្តែប្រពន្ធមិនព្រម ស្រាប់តែដុតផ្ទះរបស់ខ្លួន បណ្តាលឱ្យឆេះខ្ទេច ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីដុតបំផ្លាញផ្ទះខ្លួនឯងនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិឫស្សីរោទ៍ ឃុំតាគ្រាម ស្រុកបាណន់។

ជនបង្កហេតុដែលធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះមុំ ប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធឈ្មោះ ឆម លឿម អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ជននេះបានដុតបំផ្លាញផ្ទះខ្លួនឯង បណ្តាលឱ្យខូចខាតអស់ទាំងស្រុង កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ លុះព្រឹកឡើង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា មុនពេលដុតបំផ្លាញផ្ទះ ប្តីរបស់នាង តែងប្រើប្រាស់ថ្នាំញៀន ជាប្រចាំ និងបានបង្ករឿងប្រើហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់ ដូចជាវាយបំផ្លាញអំពូលភ្លើងដាក់ចង្រិត អស់១៨ដើម រួចទើបដុតផ្ទះចោល។ រីឯផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៤ម៉ែត្រ ជញ្ជាំងឫស្សី ដំបូលប្រក់ស័ង្កសី ដែលមានសភាពទ្រុឌទ្រោមទៅហើយ។ ដោយឡែកទ្រព្យសម្បត្តិទាំងអស់នៅក្នុងផ្ទះ ក៏ក្លាយជាផេះទាំងស្រុងដែរ មិនមានអ្វីដែលនៅសេសសល់ឡើយ។
ស្ត្រីជាប្រពន្ធ បានបន្តថា ដំបូងឡើយ ប្តីនាងចេះតែបបួលនាងឱ្យរើផ្ទះទៅនៅខាងស្រុកម្តាយខ្លួន នៅឯស្រុកសំពៅលូន ជាប់ព្រំដែនថៃ តែនាងមិនព្រមទៅ ទើបលោកប្តីក្តៅក្រហាយរហូតដុតផ្ទះខ្លួនឯងឆេះខ្ទេចបែបនេះតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជាប្តីដែលជាមនុស្សប្រើប្រាស់ថ្នាំញៀនផងនោះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោលមែន ហើយនៅយប់កើតហេតុនោះ ខ្លួនបានផឹកស្រាស្រវឹងជោក និងខឹងប្រពន្ធ រឿងបបួលរើផ្ទះទៅនៅស្រុកម្តាយ អត់ព្រម ទើបដុតផ្ទះចោលតែម្តង។
ជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
