រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃចន្ទទី១៣ ខែមីនាថាទាហានតៃវ៉ាន់ម្នាក់បម្រើការនៅលើកោះមួយនៅជិតឆ្នេរសមុទ្រចិនដែលបានបាត់ខ្លួនកាលពីសប្តាហ៍មុន ត្រូវបានរកឃើញនៅក្នុងប្រទេសចិនដែលជាឧប្បត្តិហេតុមួយបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ។
ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាទាហានរូបនេះបានខកខានក្នុងការរាយការណ៍សម្រាប់ការហៅទូរស័ព្ទប្រចាំថ្ងៃនៅលើកោះ Erdan ដែលជាផ្នែកមួយនៃប្រជុំកោះ Kinmen គ្រប់គ្រងដោយតៃវ៉ាន់ និងស្ថិតនៅជិតទីក្រុង Xiamen របស់ប្រទេសចិន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសភា លោក Chiu Tai-san ប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោក បាននិយាយថា ទាហានម្នាក់នេះស្ថិតនៅក្នុងប្រទេសចិន។
លោកChiuបានបន្ថែមថាក្រសួងការពារជាតិមានយន្តការពាក់ព័ន្ធរបស់ពួកគេក្នុងការកំណត់អត្តសញ្ញាណអ្នករត់ចោលជួរ។
ក្រសួងការពារជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
តៃវ៉ាន់បានគ្រប់គ្រងកោះ Kinmen ក៏ដូចជាកោះ Matsu បន្ថែមទៀតលើឆ្នេរសមុទ្រចិនចាប់តាំងពីរដ្ឋាភិបាលសាធារណៈរដ្ឋចិនបានភៀសខ្លួនទៅតៃវ៉ាន់ក្នុងឆ្នាំ ១៩៤៩បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលជាមួយពួកកុម្មុយនិស្តដែលបានបង្កើតសាធារណរដ្ឋប្រជាមានិតចិន៕