ខេតតាកែវ ៖ អធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានចេញមកច្រាន ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់គណនីហ្វេសប៊ុកមួយចំនួន ដែលថាមានករណីជនល្មើសប្រើពូថៅ កាប់កញ្ចក់រថយន្តនៅលើ ផ្លូវជាតិលេខ២ ត្រង់ចំណុចផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី។

លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាក់ឱ្យដឹងថា គ្មានឡើយករណីប្រើពូថៅកាប់កញ្ចក់រថយន្ត នៅតាមផ្លូវជាតិ២ និងផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រស្រុកបាទី។ ព័ត៌មានដែល គណនីហ្វេសប៊ុកមួយចំនួនយកមកបង្ហោះនោះ ជាករណីកើតឡើង នៅកន្លែងផ្សេង ហើយបើតាមព័ត៌មានចំនួនធ្លាប់ចុះផ្សាយ គឺកើតឡើងតាំងពីឆ្នាំ២០២២ មកម៉្លេះ នៅឯខេត្តបាត់ដំបង។

លោកអធិការ សូមអំពាវដល់បងប្អូនអ្នកលេងបណ្តាញសង្គម មេត្តាគិតគូរឱ្យបានច្បាស់លាស់ មុននឹងបង្ហោះព័ត៌មានណាមួយ ព្រោះ បើបង្ហោះព័ត៌មានមិនពិត អាចនឹងប៉ះពាល់សន្តិសុខសង្គមជាតិ ឬអាចប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារទៀតផង កុំដើម្បីចង់បានការចាប់អារម្មណ៍ តែមួយពេល ធ្វើឱ្យសង្គមជាតិចលាចលនោះ។/