ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ បើកបររថយន្ត១គ្រឿងក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពស្រវឹងជោកជាំ រួចក៏ជ្រុលបុកម៉ូតូ ១គ្រឿងពីក្រោយពេញទំហឹង បណ្តាលឱ្យនារីម្នាក់របួសធ្ងន់ធ្ងរ លុះបញ្ផូនទៅដល់មន្ទីរពេទ្យ ក៏ត្រូវក្រុមគ្រូពេទ្យសម្រេចកាត់ជើងម្ខាងចោល ចំណែកជនបង្កត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅលើ មហាវិថីម៉ៅសេទុង ខាងមុខវត្តទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។


នារីរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវគ្រូពេទ្យសម្រេចកាត់ជើងម្ខាងចោល មានឈ្មោះអ៊ួន រតនា ភេទស្រី អាយុ២៤ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។ ដោយឡែកជនបង្កជាអ្នកបើកបររថយន្ត មានឈ្មោះ WU YAO ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន បើកបររថយន្តម៉ាក Lexus CT-200h ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-3397។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយករថយន្ត និងម៉ូតូទៅរក្សាទុក និងបានបញ្ជូនជនបង្កជនជាតិចិនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសទៅតាមនីតិវិធី។ ជុំវិញករណីខាងលើនេះ ទាំងជនរងគ្រោះ និងសាច់ញាតិ សូមអំពាវនាវដល់ស្ថាប័នតុលាការឱ្យចាត់ វិធានការឱ្យបានតឹងរ៉ឹងជាទីបំផុត ទៅលើជនបង្កជនជាតិចិន ដែលបានបើកបររថយន្ត ក្នុងស្ថានភាពស្រវឹងយ៉ាងដូច្នេះ។
