Sunday, November 24, 2024
Homeព័ត៌មានជាតិស្គាល់គ្នា៧ថ្ងៃ ប្រុសណាត់ជួបមុខ ស៊ីដាច់ម៉ូតូស្រី

ស្គាល់គ្នា៧ថ្ងៃ ប្រុសណាត់ជួបមុខ ស៊ីដាច់ម៉ូតូស្រី

ខេត្តព្រៃវែង ៖ យុវតីម្នាក់ បានទាក់ទងស្គាល់គ្នាជាមួយយុវជនម្នាក់តាមហ្វេសប៊ុកបានត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ក៏ត្រូវខាងប្រុសណាត់ជួប មុខ ដោយឱ្យខាងស្រីជិះម៉ូតូទៅទទួលខ្លួនចេញទៅញ៉ាំអីជាមួយគ្នា បន្ទាប់មកខាងប្រុស​ក៏ប្រើល្បិចថា យកម៉ូតូទៅជួសជុលឱ្យ តែបែរជាជិះគេច ខ្លួនបាត់ ធ្វើឱ្យខាងស្រីបានត្រឹមទឹកភ្នែក រត់ទាំងត្រហេប​ត្រហបទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលដំរីស ក្នុងភូមិផ្លយ សង្កាត់តាកោ ក្រុងព្រៃវែង។

យុវតីរងគ្រោះដែលត្រូវប្រុសកំហូចណាត់ជួបមុខ រួចប្រើល្បិចស៊ីដាច់ម៉ូតូ១គ្រឿងនោះ មានឈ្មោះណុប រតនា អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិព្រែកជ្រៃលើ ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង។ ចំណែកម៉ូតូដែលជនសង្ស័យយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FD-8483។ ដោយឡែកជនសង្ស័យ មិនត្រូវបានស្គាល់អត្តសពា្ញណានោះទេ គ្រាន់តែដឹងថា មានអាយុប្រមាណ១៨ឆ្នាំប៉ុណ្ណោះ។

តាមសម្តីយុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបនាង និងជនសង្ស័យបានស្គាល់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុក ជាង១អាទិត្យ ប៉ុណ្ណោះ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានទូរសព្ទ័មកលួងលោមបបួលនាង​ចេញទៅញ៉ាំចំណីជាមួយ ណាមួយគេចង់ជួបមុខនាងផ្ទាល់ផង ប៉ុន្តែគេប្រាប់ថា រូបគេ អត់មានអ្វីជិះទេ និងព្យាយាមលួងលោមឱ្យនាងជិះម៉ូតូមកទទួលគេផង ដោយគេនៅចាំត្រង់ចំណុចរង្វង់មូលស្វាយអន្ទរ។

យុវតីរងគ្រោះ បានបន្តថា បន្ទាប់មក នាងក៏បានជិះម៉ូតូហុងដាឌ្រីម សេ១២៥ ទៅដល់ម្តុំរង្វង់មូលស្វាយអន្ទរ ក៏បានជួបជនសង្ស័យ ហើយជនសង្ស័យក៏បានឡើងជិះម៉ូតូជាមួយនាង (ជនសង្ស័យជាអ្នកឌុប) បន្ទាប់មក ក៏ដឹកគ្នាទៅញ៉ាំអីនៅចំណុចរង្វង់មូលដំរីស ក្នុងសង្កាត់តាកោ ក្រុងព្រៃវែង។ បន្ទាប់ពីហូបអីរួចហើយ នាងក៏បានប្រាប់ឱ្យជនសង្ស័យដឹកនាងទៅធ្វើសក់ផាត់មុខមួយភ្លែត នៅចំណុចភូមិខ្នយ ផ្ទះធារ៉ាសាឡន លុះដឹកនាងដល់កន្លែងផាត់មុខ ជនសង្ស័យក៏ប្រាប់ថា ម៉ូតូរបស់នាងជិះដូចជាមិនសូវស្រួលសោះ ចាំគេយកទៅជួសជុលឱ្យនៅរង្វង់មូលដំរីសវិញ ទម្រាំនាងធ្វើផាត់មុខរួច ម៉ូតូធ្វើរួចរាល់ គេនឹងមកទទួលនាងវិញ។

យុវតីខាងលើ បានបញ្ផាក់ថា លុះក្រោយពីរូបនាង ធ្វើសក់ និងផាត់មុខរួចរាល់ មិនឃើញខាងប្រុសមកទទួលនាងសោះ លុះចាំយូរពេក នាងក៏ទូរស័ព្ទទៅរកជនសង្ស័យជាច្រើនដឹង ប៉ុន្តែទូរស័ព្ទមិនចូលទាល់តែសោះ ទើបភ្ញាក់ខ្លួនដឹងថាចាញ់បោកគេហើយ បន្ទាប់មក នាងក៏ប្រញាប់ រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាកោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ នៅវេលាម៉ោង៧យប់ថ្ងៃដដែលនោះដែរ ប៉ុន្តែអ្វីៗគឺហួសពេលទៅហើយ ព្រោះមិនដឹងថា ជនសង្ស័យជិះម៉ូតូរបស់នាងគេចទៅដល់ណាបាត់ទៅហើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានត្រឹមតែធ្វើការស្រាវជ្រាវតាមរយៈអាខោនហ្វេសប៊ុក និងលេខទូរសព្ទ័ដែលតេទាក់ទងគ្នា ប៉ុណ្ណោះ។/

RELATED ARTICLES