បើយោងតាមការលើកឡើងរបស់ឧត្តមសេនីយជាន់ខ្ពស់ លោក Mark Milley របស់សហរដ្ឋអាមេរិកបានឲ្យដឹងថាការរុករកយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ដែលបានធ្លាក់បន្ទាប់ពីត្រូវបានស្ទាក់ចាប់ដោយយន្តហោះចម្បាំងរុស្ស៊ីកំពុងជួបការលំបាកដោយសារទឹកជ្រៅក្នុងសមុទ្រខ្មៅ។
ប្រធានអគ្គសេនាធិការចម្រុះអាមេរិកបាននិយាយថា សាកសពយន្តហោះគ្មានមនុស្សបើក MQ-9 Reaper ដែលអាមេរិកអះអាងថាត្រូវបានទម្លាក់ដោយយន្តហោះចម្បាំងរុស្ស៊ី Su-27មួយគ្រឿងក្នុងចំណោមពីរគ្រឿងបានលិចក្នុងទឹកជម្រៅចន្លោះពី១២១៩ដល់១៥២៤ ម៉ែត្រ។

លោកMilley បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ប្រតិបត្តិការរុករកតាមបច្ចេកទេសនឹងមានការលំបាកខ្លាំងណាស់” ។ វានឹងចំណាយពេលជាច្រើនថ្ងៃ មុនពេលដែលសហរដ្ឋអាមេរិកនឹងដឹងអំពីទំហំជាក់លាក់នៃវាលកំទេចកំទី។
ក្រៅពីឧបសគ្គជម្រៅទឹកអ្នកយកព័ត៌មានជាន់ខ្ពស់របស់មន្ទីរបញ្ចកោណលោក Luis Martinez បាននិយាយថា មន្ត្រីអាមេរិកពីររូបបានបញ្ជាក់ពីវត្តមានរបស់កប៉ាល់រុស្ស៊ីនៅទីតាំងនៃការធ្លាក់ក្នុងសមុទ្រខ្មៅ។
យោធារុស្ស៊ី ទៅដល់កន្លែងធ្លាក់យន្តហោះគ្មានមនុស្សបើក
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីមន្ត្រីអាមេរិកថាកងកម្លាំងរុស្ស៊ីបានទៅដល់កន្លែងដែលយន្តហោះគ្មានមនុស្សបើករបស់អាមេរិកបានធ្លាក់ បន្ទាប់ពីបានបុកជាមួយយន្តហោះចម្បាំងរុស្ស៊ី។មន្ត្រីអាមេរិកពីរនាក់បានប្រាប់ CNN ថា ជនជាតិរុស្ស៊ីបានទៅដល់កន្លែងធ្លាក់ MQ-9 នៅសមុទ្រខ្មៅ។
ទោះជាយ៉ាងនេះក្តី បណ្តាញព័ត៌មានបានបន្ថែមថា វាមិនច្បាស់ទេថាតើពួកគេអាចយកមកវិញនូវយន្តហោះគ្មានមនុស្សបើករបស់អាមេរិកឬយ៉ាងណា។
រុស្ស៊ីនឹងព្យាយាមរុករកយន្តហោះគ្មានមនុស្សបើក

ថ្លែងតាមទូរទស្សន៍រដ្ឋ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolai Patrushev បានបញ្ជាក់ថា ទីក្រុងម៉ូស្គូកំពុងព្យាយាមស្វែងរកបំណែកយន្តហោះនេះ។
លោក Patrushev បាននិយាយថា ខ្ញុំមិនដឹងថាតើយើងនឹងអាចយកវាមកវិញបានឬអត់ ប៉ុន្តែយើងត្រូវតែរកវា។
លោកក៏បាននិយាយដែរថា វត្តមានរបស់យន្តហោះគ្មានមនុស្សបើកនៅសមុទ្រខ្មៅគឺជាការបញ្ជាក់យ៉ាងច្បាស់ថាអាមេរិកមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្គ្រាមអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់ទីក្រុងវ៉ាស៊ីនតោនលោកJohn Kirby បាននិយាយថាសហរដ្ឋអាមេរិកក៏កំពុងស្វែងរកយន្តហោះនេះផងដែរប៉ុន្តែបានសង្កត់ធ្ងន់ថាប្រសិនបើរុស្ស៊ីអាចរកឃើញមុនមានន័យថាសមត្ថភាពរបស់ពួកគេក្នុងការទាញយកព័ត៌មានដែលមានប្រយោជន៍នឹងត្រូវកាត់បន្ថយយ៉ាងខ្លាំង៕