Friday, April 19, 2024
Homeនយោបាយបឹងតាមោក សហគមន៍អស់លទ្ធភាពការពារ ធ្វើពិធី សែនព្រេន ដាក់បណ្តាសាអ្នកបំផ្លាញ

បឹងតាមោក សហគមន៍អស់លទ្ធភាពការពារ ធ្វើពិធី សែនព្រេន ដាក់បណ្តាសាអ្នកបំផ្លាញ

ភ្នំពេញ ៖ ប្រជាសហគមន៍សំរោង (បឹងតាមោក) សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានធ្វើពិធីសែនព្រេន ដាក់ បណ្តាសាដល់អ្នកបំផ្លាញបឹងតាមោក និងសុំទោសបឹងតាមោក បន្ទាប់ពីពួកគាត់បានព្យាយាមតវ៉ា កាពារ បឹងតាមោក កុំឲ្យមានការចាក់ដីលុបបំផ្លាញកន្លងទៅ មិនបានជោគជ័យ ដោយពួកគាត់ថា អស់លទ្ធភាព ការពារកុំឲ្យបឹងធម្មជាតិនេះរលាយហើយ ពេលនេះ បឹងតាមោក នៅតែបន្តត្រូវបានកាត់ឲ្យក្រុមហ៊ុន ឯកជន និងមានការចាក់ដីលុបជាបន្តបន្ទាប់ សូម្បីដីលំនៅឋានរបស់ពួកគាត់ ក៏ពួកគាត់មិនអាចការពារបានហើយ ប្រឈមនឹងការបណ្តេញចេញទៀតផង ។

អ្នកស្រីស៊ា ដាវី តំណាងប្រជាសហគមន៍សំរោង (បឹងតាមោក) បានបញ្ជាក់ថា អ្នកស្រី និងប្រជាសហគមន៍ ពិតជាសុំទោសបឹងតាមោក  ដែលពួកអ្នកស្រី ខំអស់ពីលទ្ធភាពហើយ តែការពារមិនបាននូវបឹង ដែលដូន តាបន្សល់ទុកឲ្យកូនចៅ ឥឡូវរលាយគ្មានសល់ ។ ដូច្នេះអ្នកស្រី ក៏ដូចជាប្រជាសហគមន៍ទាំងអស់ មានការ សោកស្ដាយខ្លាំងណាស់ចំពោះការលុបបឹងតាមោកនេះ។

 អ្នកស្រីស៊ា ដាវី បានបង្ហោះឃ្លីបវីដេអូ នៃការថ្លែងរបស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ដែលបន្ទោសនិងប្រតិកម្មទៅមន្រ្តីធំដែលបានរំលោភយកដីប្រជាពលរដ្ឋ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ជាមួយសំណេរថា “ខ្ញុំចង់បានតែដីខ្ញុំទេសម្ដេច តែថ្នាក់ ក្រោមរបស់សម្ដេច បើកដៃឲ្យក្រុមហ៊ុនប្លន់ដីរបស់ខ្ញុំ ទាំងថ្ងៃ សូមសម្ដេច ផ្ដល់យុត្តិធម៌ឲ្យកូនចៅផងសម្ដេច“ ។

 បន្ទាប់មកទៀត នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ អ្នកស្រីស៊ា ដាវី បានបង្ហោះរូបភាពជាច្រើន ក្នុងគណនីហ្វេសប៊ុក របស់ខ្លួនដដែល មានទាំងរូបភាពអ្នកស្រីដឹកនាំធ្វើពិធីដាក់បណ្ដាសាដល់អ្នកបំផ្លាញបឹងតាមោក និងរូបភាព ឡានដឹកដីរបស់ក្រុមហ៊ុនឯកជន ចាក់លុបបឹងតាមោក ជាមួយសំណេរថា “សុំទោសបឹងតាមោក! ពួកខ្ញុំខំអសពី លទ្ធភាពហើយ តែការពារមិនបាន បឹងដែលដូនតាបន្សល់ទុកឲ្យកូនចៅ ឥឡូវរលាយគ្មានសល់“ ។

 អ្នកស្រីស៊ា ដាវី បានសរសេរបន្ថែមថា “មនុស្សកើតមក ជាផ្នែកមួយនៃធម្មជាតិ ហើយកុំបំផ្លាញធម្មជាតិ ដើម្បីតែ មួយចម្អែតក្រពះរបស់អ្នក មេត្តាទុកឲ្យសភាវៈដទៃដែលមានជីវិតដែលរស់លើផែនដីនេះរស់ផង“ ។

អ្នកស្រីស៊ា ដាវី បានសរសេរបន្ថែមទៀតថា “សហគមន៍សំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រុមហ៊ុនមិនស្គាល់ឈ្មោះ បន្តចាក់ដីចូលកន្ទុយដីពលរដ្ឋ ដែលអាជ្ញាធរខណ្ឌបានបោះបង្គោលរួចហើយ ឥឡូវខាងក្រុមហ៊ុន បានចាក់ចូលហួសបង្គោលព្រំដី ពួកយើងកើតទុក្ខមិនសុខចិត្តចំពោះក្រុមហ៊ុននេះ“ ។

អ្នកស្រីស៊ា ដាវី បានសរសេរបន្ថែមទៀតថា “បញ្ហាជាច្រើន ព្រួយកង្វល់ ការភ័យខ្លាច កំពុងជួបរាល់ថ្ងៃ មានតែ អ្នកដែលរងទុក្ខព្រោះដីធ្លីដូចគ្នា ទើបយល់អារម្មណ៍ពួកខ្ញុំ“ ។

 ទោះបីយ៉ាងណា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅពេល ”នគរធំ” ទាក់ទងសួរថា តើអ្នកស្រី និងក្រុមសហគមន៍ នឹងធ្វើការតស៊ូមតិយ៉ាងណាបន្តទៀត ក្នុងការការពារបឹងតាមោក និងដីលំនៅឋានរបស់ខ្លួននេះ អ្នកស្រីស៊ា ដាវី សុំមិនទាន់ធ្វើការបកស្រាយទេ ដោយអ្នកស្រីថា រង់ចាំពិភាក្សាជាមួយក្រុមសហគមន៍សិន ចាំជម្រាបប្រាប់នៅ ពេលក្រោយ ថាត្រូវធ្វើអ្វីបន្តទៀត ឬមានជំហរយ៉ាងណានៅក្នុងរឿងនេះ ។

 គួរបញ្ជាក់ថា ដីប្រមាណប្រាំហិកតារ ជាលំនៅឋានរបស់ពលរដ្ឋបឹងតាមោក ឃុំសំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ដែលពួកគាត់មករស់នៅនិងអាស្រ័យផល តាំងពីឆ្នាំ១៩៩០ ឥឡូវប្រឈមនឹងការបណ្ដេញចេញ ពីសំ ណាក់អាជ្ញាធរ។ ពលរដ្ឋដែលរស់នៅក្នុងសហគមន៍សំរោងត្បូង ក្នុងខណ្ឌព្រែកព្នៅ ភាគច្រើនបានសង់ផ្ទះឈើ ជាប់ផ្លូវលេខ១៣០ ដោយជើងសសរផ្ទះ នៅក្នុងទឹកបឹងតាមោក ទៅតាមទំហំផ្ទះនៃលទ្ធភាពគ្រួសារនីមួយៗ ដែល ផ្ទះខ្លះមានទទឹង៣ម៉ែត្រ ខ្លះ៤ម៉ែត្រ និងខ្លះ ៨ម៉ែត្រ ជាដើម។ ពលរដ្ឋរស់នៅក្នុងតំបន់នោះប្រកបរបរនេសាទ ចិញ្ចឹមត្រី និងដាំបន្លែលើទឹក រកនិងលក់ដូរខ្ចៅខ្ចង ក្រអៅឈូក និងលក់អីវ៉ាន់ចាប់ហួយ នៅតាមមុខផ្ទះរបស់ ពួកគេ ។ អាជ្ញាធរបានបង្ខំឲ្យពួកគាត់ទៅរស់នៅទីតាំងថ្មី ទី១ ខាងភូមិសំរោង ទី២ ទៅខាងពញាពន់ ដែលជាដីប្រ ឡាយចាស់ នៅឆ្ងាយពីផ្លូវជាតិលេខ១៣០ ប្រមាណ ៣០០ម៉ែត្រ ដែលធ្វើឲ្យពួកគាត់ពិបាកប្រកបរបរចិញ្ចឹមជីវិត និងកូនចៅពិបាកទៅរៀនសូត្រ។ សម្រាប់មួយគ្រួសារ មានដីអាចសង់ផ្ទះមួយបាន ប៉ុន្តែពួកគាត់មិនអាចទទួល យកបាន ទើបបន្តការទាមទារតាមផ្លូវច្បាប់ ។

 ការតវ៉ាទាមទារតាមផ្លូវច្បាប់របស់សហគមន៍សំរោង (បឹងតាមោក) កន្លងមក គឺបានស្វែងរកកិច្ច អន្តរាគមន៍ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថាប័នរដ្ឋសភា និងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន  ជាច្រើនលើកច្រើនសាមកហើយ ដើម្បីស្នើឱ្យកាត់ឆ្វៀលដីចំនួន ៥ហិកតារ និងសុំប្លង់កម្មសិទ្ធិដីធ្លី សៀវ ភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ កុំឲ្យមានការប្រឈមនឹងការបណ្ដេញចេញទាំងបង្ខំ ព្រោះ ពួកគាត់មិនព្រមទៅរស់នៅកន្លែងដែលរដ្ឋាភិបាល ដោះដូរឲ្យនោះទេ ដោយសារទីតាំងថ្មីនោះ ឆ្ងាយពីផ្លូវមិន អាចប្រកបរបរចិញ្ចឹមជីវិតបាន។ ពួកគាត់ព្រួយបារម្ភថា ការដែលអាជ្ញាធរ និងរាជរដ្ឋាភិបាល មិនចេញប្លង់កម្ម សិទ្ធិដីធ្លីនេះ ផ្ទះសម្បែងរបស់ពួកគាត់អាចប្រឈមនឹងត្រូវគេឈូសឆាយ និងបណ្តេញចេញ។

ទោះបីជាយ៉ាងណា ជុំវិញការតវ៉ា ការធ្វើពិធីដាក់បណ្តាសា និងការលើកឡើងរបស់ប្រជាសហគមន៍បឹងតាមោក ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់ ឆ្លើយតបពីអាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធបាន ទេ កាលពីល្ងាចម្សិលមិញ៕ កុលបុត្រ

RELATED ARTICLES