Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិការចរចាសន្តិភាពសង្គ្រាមអ៊ុយក្រែន អាចនឹងក្លាយជា​របៀបវារៈចម្បងក្នុងជំនួបលោកស៊ីជីនពីន និងពូទីន

ការចរចាសន្តិភាពសង្គ្រាមអ៊ុយក្រែន អាចនឹងក្លាយជា​របៀបវារៈចម្បងក្នុងជំនួបលោកស៊ីជីនពីន និងពូទីន

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រធានាធិបតីស៊ីជីនពីងនឹងធ្វើទស្សន​កិច្ចនៅ​ប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយតាមការអញ្ជើញរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hua Chunying បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​នៅលើ​គេហទំព័ររបស់ក្រសួងកាលពីថ្ងៃសុក្រថាតបតាមការអញ្ជើញរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន នៃសហព័ន្ធរុស្ស៊ី លោកស៊ីជីនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ខែមីនា។

វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ីទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីលោក ពូទីន បាន​ឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន។

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃសុក្រថា ប្រធានបទនៃការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនង​ភាពជាដៃ​គូទូ​លំទូលាយនិងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងរុស្ស៊ី និងចិន នឹងត្រូវបានពិភាក្សាក្នុងជំនួបនេះ។

វិមានក្រឹមឡាំងបានបន្ថែមថាការផ្លាស់ប្តូរទស្សនៈក៏ត្រូវបានគ្រោងទុកផងដែរនៅក្នុងបរិបទនៃការពង្រឹងកិច្ចសហប្រតិបត្តិការរុស្ស៊ីចិននៅក្នុងឆាកអន្តរជាតិ។ឯកសារទ្វេភាគីសំខាន់ៗមួយចំនួននឹងត្រូវបានចុះហត្ថលេខា។

ចិន ចង់ឱ្យរុស្ស៊ី និងអ៊ុយក្រែន ធ្វើការចរចាសន្តិភាព

អ្នកការទូតជាន់ខ្ពស់ចិនលោក Qin Gang បានប្រាប់សមភាគីអ៊ុយក្រែនតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ខែ​មីនាឆ្នាំ២០២៣ថាប្រទេសចិនមានការព្រួយបារម្ភអំពីការកើនឡើងនៃសង្គ្រាមនៅអ៊ុយក្រែនហើយចង់ឱ្យទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ធ្វើកិច្ចចរចាសន្តិភាព។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​រ៉យទ័កាលពីសុក្រ​ទី១៧ខែមីនាឆ្នាំ២០២៣។

ប្រទេសចិនដែលបានបដិសេធមិនថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនបានជំរុញឱ្យភាគីទាំងពីរយល់ព្រមលើការបន្ធូរបន្ថយបន្តិចម្តងៗដែលនាំទៅដល់បទឈប់បាញ់ដ៏ទូលំទូលាយនៅក្នុងឯកសារ១២ចំណុចរបស់ខ្លួនស្តីពី ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន។

ផែនការដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីភាគីទាំងពីរបានអំពាវនាវឱ្យមានការការពារជនស៊ីវិល និង​ការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។

យោងតាមសេចក្តីថ្លែងរបស់ក្រសួងការបរទេសចិនលោក Qin បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ថា ចិនសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងរក្សាភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ហើយបន្តការចរ​ចាសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រធានាធិបតីចិនលោក ហ្ស៊ីជីនពីងត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅ​ទីក្រុងម៉ូស្គូជួបពិភាក្សាជាមួយ​លោក​ពូទីនឱ្យបានឆាប់នៅសប្តាហ៍ក្រោយ និងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក​ហ្សេឡិនស្គីតាម​តំណភ្ជាប់វី​ដេអូ។

ក្រុមអ្នកវិភាគបាននិយាយថា វានឹងពិបាកសម្រាប់ប្រទេសចិនក្នុងការនាំរុស្ស៊ី និងអ៊ុយក្រែនទៅកាន់តុចរចា ប៉ុន្តែ​អ្នកខ្លះបានចង្អុលបង្ហាញថា លោកស៊ីអាចដើរតួជាអ្នករុញពីក្រោយសម្រាប់ការចាប់​ផ្តើមនៃសន្ទុះឆ្ពោះទៅរក​កិច្ច​ចរចា។

អ៊ុយក្រែន រកឃើញផ្នូរកប់សាកសពជាង២០០០នាក់

ផ្នូរកប់សពដ៏ធំបំផុតត្រូវបានរកឃើញនៅតំបន់ Kharkov និង Kyivប្រទេសអ៊ុយក្រែន។នេះបើយោងតាមប៉ូលីស​ជាតិ​របស់ប្រទេសអ៊ុយក្រែន។

ប្រធាននាយកដ្ឋានស៊ើបអង្កេតលោក Maksym Tsutskiridze បាននិយាយកាលពីល្ងាចថ្ងៃពុធថាការ​បញ្ចុះសព​ដ៏ធំ​បំផុតត្រូវបានគេរកឃើញនៅIzium ក្នុងតំបន់ Kharkiv ដែលមានមនុស្ស ស្លាប់៩៤១នាក់ និងនៅក្នុងតំបន់ Kyiv ជាកន្លែងដែលសាកសពមនុស្ស១៣៧៤នាក់ត្រូវបានរកឃើញ។

មកទល់ពេលនេះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានដល់ឆ្នាំទី២ដែលបានសម្លាប់ជន​ស៊ីវិល៨២៣១នាក់​និង​របួស១៣៧៣៤ នាក់ផ្សេងទៀត។នេះបើយោងតាមតួលេខចុងក្រោយរបស់អង្គការសហប្រជាជាតិ៕

RELATED ARTICLES