Friday, May 17, 2024
Homeកីឡាជាតិឧកញ៉ាស្រី ចាន់ថន ប្រកាសបង្កើត «ក្លឹបគុនខ្មែរជើង ឯកពិភពលោក»

ឧកញ៉ាស្រី ចាន់ថន ប្រកាសបង្កើត «ក្លឹបគុនខ្មែរជើង ឯកពិភពលោក»

ភ្នំពេញ ៖ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានប្រ កាសបង្កើតក្លឹបប្រដាល់គុនខ្មែរកម្រិតអន្តរជាតិ តាមការសន្យា ដោយដាក់ឈ្មោះក្លឹបនេះថា «ក្លឹបគុនខ្មែរជើងឯក ពិភពលោក» (Kun Khmer World Champion)។

លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ថា «ក្លឹបអន្តរជាតិមួយនេះ មានឈ្មោះថា គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion)។

ថ្ងៃនេះខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិផងដែរថា ក្លឹបកីឡាគុនខ្មែរលំដាប់អន្តរជាតិ របស់យើងបានរត់ឯកសារ តាំងពីភូមិ ឃុំ ស្រុក ខេត្ត ប្រធានមន្ទីរអប់រំ យុវជននិងកីឡា និងសហព័ន្ធកីឡាគុនខ្មែរ រួចរាល់ហើយ។ ដូច្នេះក្នុង ពេលដ៏ឆាប់ខាងមុខនេះ ក្លឹបគុនខ្មែររបស់យើង នឹងលេចរូបរាងហើយ។ មូលហេតុដែលខ្ញុំសម្រេចចិត្តដាក់ ឈ្មោះនេះ ក៏ដោយសារតែខ្ញុំចង់ឲ្យកីឡាគុនខ្មែររបស់យើង ក្លាយទៅជាកីឡាកម្រិតពិភពលោក។ ដោយក្លឹប របស់យើង នឹងនាំកីឡាករបរទេសជុំវិញពិភពលោក មកប្រកួតនៅក្នុងប្រទេសរបស់យើង ក៏ដូចជានាំកីឡាក ររបស់ខ្មែរយើង ទៅប្រកួតនៅក្រៅប្រទេសផងដែរ។ លើសពីនេះទៅទៀត ខ្ញុំបានបង្កើតខ្សែរក្រវាត់ កម្រិត ពិភពលោកមួយទៀត ដែលបានរួមបញ្ចូលនូវរចនាបទខ្មែរ ដ៏ល្អឯក រួមមាន ៖ យ័ន្តប្រាំបីទិស នាគក្បាលប្រាំពីរ ផ្ការំដួល និងចម្លាក់រូបប្រដាល់ក្បាច់គុនល្បុក្កតោខ្មែរ និងចំបាប់។ តើបងប្អូនមានយោបល់បែបណាដែរ ចំពោះ រចនាបទខ្សែក្រវាត់អន្តរជាតិមួយនេះ? សូមបងប្អូនធ្វើការខមិននៅខាងក្រោម Post មួយនេះ»។

សូមបញ្ជាក់ថា លោកឧកញ៉ា ស្រី ចាន់ថន ត្រូវបានមហាជនខ្មែរ ចាប់អារម្មណ៍ថា ជាអ្នកចេញមុខលេចធ្លោ ជាងគេ ក្នុងការលើកស្ទួយវិស័យប្រដាល់គុនខ្មែរ ដោយលោកតែងបានផ្តល់រង្វាន់ លើកទឹកចិត្តដល់កីឡាករ ប្រដាល់គុនខ្មែរ ជាបន្តបន្ទាប់។

ថ្មីៗនេះ លោកឧកញ៉ា ស្រី ចាន់ថន ដោយបានមើលឃើញថា កីឡាករប្រដាល់មកពីប្រទេសប្រេស៊ីល លោក ធីអាហ្គោ បង្ហាញក្តីស្រឡាញ់ចំពោះគុនខ្មែរ និងចង់នាំយកគុនខ្មែរ ទៅបង្ហាញពិភពលោក ទើបលោកបាន ផ្តល់ ម៉ូតូធំ ១គ្រឿង ជូនកីឡាករធីអាហ្គោ សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅហាត់គុនខ្មែរ នៅក្លឹបលោកគ្រូសេន ប៊ុនថេន ព្រមទាំងបាននាំកីឡាករប្រេស៊ីលនេះ ទៅមើលភ័ស្តុតាង ចម្លាក់លើជញ្ជាំងប្រាសាទបុរាណខ្មែរ នៅតំ បន់រមណីយដ្ឋានអង្គរ ស្តីពីគុនខ្មែរផងដែរ រហូតដល់កីឡាករប្រដាល់ប្រេស៊ីល រូបនេះ ភ្ញាក់ខ្លួនថ្លែងដោយ រំភើបថា គេទើបតែដឹងថា ក្បាច់គុនដែលគេហ្វឹកហាត់តាំងពីអាយុ ១៦ឆ្នាំ មានប្រភពមកពីប្រទេសកម្ពុជាហើយ ថា Muay Thai គឺមានដើមកំណើតមកពីប្រទេសកម្ពុជា។

 លោកធីអាហ្គោ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ថា «រីករាយ ណាស់ ដែលដឹងថាក្បាច់គុនដែលខ្ញុំហ្វឹកហាត់តាំងពីអាយុ ១៦ឆ្នាំ មានប្រភពមកពីប្រទេសណា។ ថ្ងៃនេះខ្ញុំដឹងហើយថា ក្បាច់គុនដែលខ្ញុំតែងតែហ្វឹកហាត់ គឺ “គុនខ្មែរ” ហើយ Muay Thai គឺមានដើមកំណើតមកពីប្រទេសកម្ពុជា»។

ចំណែកលោកឧកញ៉ា ស្រី ចាន់ថន បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោកនៅថ្ងៃដដែលនោះដែរថា «ប្រ ទេសកម្ពុជា គឺជាប្រទេសដ៏អស្ចារ្យ ហើយទីបំផុតខ្ញុំបានមកដល់ទឹកដីអច្ឆរិយហើយ (នេះគឺជាពាក្យសម្តីរបស់ Thiago)។

គាត់បាននិយាយថា គាត់ពិតជាមានមោទនភាពខ្លាំង ពុំមានពាក្យថ្លែងឡើយ គាត់តែងតែហាត់ក្បាច់គុនមួយនេះ រយៈពេល ១៦ឆ្នាំមកហើយ ប៉ុន្តែគាត់មិនដែលបានដឹងនោះទេថា ប្រទេសកម្ពុជា គឺជាប្រទេសដែល មានកីឡាប្រ ដាល់ និងក្បាច់គុនដ៏វិសេសវិសាល តាំងពីរាប់ពាន់ឆ្នាំមុនបែបនេះ។

Thiago បន្ថែមទៀតថា កីឡាករប្រដាល់ជាច្រើន នៅលើលោក ក៏មិនបានដឹងនោះទេថា កម្ពុជាមានក្បាច់គុន ដ៏ល្អឯក និងពិសេសអស្ចារ្យបែបនេះ។ គាត់បានប្តេជ្ញាចិត្តថា នឹងព្យាយាមផ្សព្វផ្សាយកីឡាគុនខ្មែរ ឲ្យពិភព លោកបានដឹងជាដាច់ខាត។

Thiago នឹងត្រលប់មកប្រទេសកម្ពុជា វិញ នៅថ្ងៃទី 04.04.2023 ដើម្បីមករៀបចំកន្លែងស្នាក់នៅ ក្នុងប្រទេស កម្ពុជា។ នៅពេល Thiago ត្រលប់មកពីការប្រកួតនៅប្រទេសអាឡឺម៉ង់ វិញ ខ្ញុំនឹងឲ្យក្រុមការងាររបស់ខ្ញុំ ទៅ ទទួលគាត់ពីព្រលានយន្តហោះភ្នំពេញ ផងដែរ។

ខ្ញុំមិនស្តាយថវិកា និងពេលវេលាដែលបានចំណាយសម្រាប់ការផ្សព្វផ្សាយគុនខ្មែររបស់យើងឡើយ ព្រោះ ខ្ញុំជឿថា មានតែខ្មែរខ្លួនឯងទេដែលស្រលាញ់សម្បត្តិវប្បធម៌ អរិយធម៌ និងជាតិសាសន៍របស់ខ្លួន។ បើយើង មិនផ្សព្វផ្សាយ តើនរណាគេមកផ្សាព្វផ្សាយឲ្យយើង? បងប្អូនមិនមាននរណាគេមកផ្សព្វផ្សាយឲ្យយើងឡើយ។ ជយោកម្ពុជា! ជយោគុនខ្មែរ!  កម្ពុជា រុងរឿង គុនខ្មែររីកចម្រើន»៕ ខៀវទុំ

RELATED ARTICLES