ភ្នំពេញ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៥ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ ដោយមូលហេតុផ្តើមចេញពីការផ្ទុះកំប៉ុងហ្គាស់ កើតជាការឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។


ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសំណង់មិនរៀបរយ ស្ថិតក្នុងភូមិ៤ ផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះដែលរងការឆាបឆេះ មានឈ្មោះសុក វណ្ណកាយ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរប្រជាការពារសង្កាត់ ចំណែកប្រភេទសំណង់ ផ្ទះឈើប្រកស័ង្កសី ទំហំ៤ម៉ែត្រ គុណនឹង ៣ម៉ែត្រ។ ចំពោះការខូចខាត រួមមាន ឆេះផ្ទះអស់ ៥ខ្នងទាំងស្រុង រីឯមូលហេតុ ផ្តើមចេញពីការផ្ទុះកំប៉ុងហ្គាស់។ ប៉ុន្តែករណីអគ្គិភ័យនេះ មិនបណ្តាលឱ្យមនុស្សរងរបួស ឬស្លាប់នោះទេ។


បន្ទាប់ពីទទួលបានដំណឹងខាងលើនេះភ្លាម អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញបង្ការនិងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន ៨គ្រឿង ដើម្បីជួយបាញ់ទឹកពន្លត់ភ្លាមៗ។ រថយន្តពន្លត់អគ្គិភ័យទាំង ៨គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព៉្យា ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះនរា ចំនួន១គ្រឿង និងបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់សរុបចំនួន ១៤ឡាន ស្មើនឹង ១២១ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយភ្លើងបានរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង ៩និង១នាទីព្រឹក ថ្ងៃដដែល៕
