Monday, September 23, 2024
Homeព័ត៌មានជាតិព្រឹត្តិការណ៍ព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទ អង្គរវត្ត

ព្រឹត្តិការណ៍ព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទ អង្គរវត្ត

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីបាតុភូតធម្មជាតិ ព្រះអាទិត្យរះចំកណ្តាល កំពូល ប្រាសាទអង្គរវត្ត ឬហៅថាសមរាត្រី  (EQUINOX) ដែលកើតឡើងចន្លោះថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២៣ ជាទស្ស នីយភាពពិសេសមួយ សម្រាប់ភ្ញៀវទេសចរ។

គួរបញ្ជាក់ថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំ ចំនួន២លើក នៅ ខែមីនា ម្តង និងខែកញ្ញា ម្តងទៀត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឱ្យឃើញ ពីអច្ឆរិយភាព នៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរ បានកសាងឡើង ដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ ជាមួយនឹងធម្មជាតិ រវាងផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់ គួរស្ញប់ស្ញែងជាទីបំផុត។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅឆ្នាំ២០២៣ នេះ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង ៥ៈ៣០នាទីព្រឹក ដល់ម៉ោង ៧ៈ០០នាទី ព្រឹក ដែលជារៀងរាល់ឆ្នាំ តែងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ រាប់ម៉ឺននាក់ បានចូលរួមទស្សនា និងផ្តិតយករូប ភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ក្រសួងទេសចរណ៍ បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជនទូទៅ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ដៃគូពាក់ព័ន្ធ និងទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជា ផ្នែកមួយនៃយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោម ពាក្យស្លោក “គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព”៕

RELATED ARTICLES