ដោយ អាចារ្យថាំ
សង្គ្រាមនៅអ៊ុយក្រែន ឈានដល់ដំណាក់កាលតុលាការអន្តរជាតិ (ICC) កាត់ទោសមេដឹកនាំរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន បណ្តាលឱ្យមនុស្សនៅទូទាំងពិភពលោក សម្តែងក្តីព្រួយបារម្ភ ខ្លាចតែផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចោញប្រតិកម្មមុនគេថា បើសិនជាការចាប់ខ្លួនលោកពូទីន អាចនឹងមានការចុចប៊ូតុងនុយក្លេអ៊ែរ ហើយបើសិន ជាអាវុធប្រល័យលោកនេះ ផ្ទុះឆ្លងឆ្លើយគ្នា ពិតណាស់ថា ពិភពលោកនឹងមាន “ភ្លើងឆេះកល្ប” ដែល “នគរធំ” ក្តាប់បាន ក៏លើកពីមកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។
“ភ្លើងឆេះកល្ប ឬកប្ប” មានចារទុកក្នុងគម្ពីរ “កប្បកថា” ដកស្រង់ចេញពីគម្ពីរព្រះត្រៃបិដក និយាយពីផែនដីយើងនេះ កាលបើមានអាយុកាន់តែចាស់ រាប់ថា “គ្រប់១កប្ប” ពេញបរិបូណ៌ហើយ នឹងត្រូវភ្លើងខ្យល់ ឬទឹកក្រុត ប្រល័យឱ្យសូន្យ បង់។ ដំណាក់កាលភ្លើងឆេះកល្ប ដោយហេតុថា សត្វលោកនេះ មានបាបធម៌ក្រាស់ទៅៗ គ្មានយុត្តិធម៌ សមភាពក្នុងសង្គម ដណ្តើមគ្នារស់ដូចសត្វតិរច្ឆាន ធ្វើឱ្យកម្តៅផែនដីកើនឡើង ឈានពីព្រះអាទិត្យ ១ដួង កើតជាដួងព្រះអាទិត្យ២ បំភ្លឺលោក កម្តៅកើនឡើងជានិច្ច រហូតកើតព្រះអាទិត្យ៣ រីងទឹកត្រពាំង បឹងបួ ស្ទឹង ទន្លេ មនុស្សស្លាប់ហិនហោច។ លុះព្រះអាទិត្យ ៤ កើតឡើង រីងខះអស់ទឹកសមុទ្រ នៅសល់តែដីប្រេះក្រហែង ពិភពលោកគ្មានទឹកមួយតំណក់ និងឆ្លងដល់ព្រះអាទិត្យ ៥–៦–៧ ក៏មានភ្លើងឆេះផែនដី ដោយសារមានជ័រចេញពីដី ត្រូវកម្តៅខ្លាំង ក៏ឆាបឡើង ហៅថា “ភ្លើងឆេះកល្ប”។
ភ្លើងមហាសែនក្តៅនោះ ឆេះផែនដី ដូចភ្លើងឆេះសាំង គ្មានទុកស្លាកស្នាមអ្វីទេ ដោយវាឆេះខ្ទេចហ្មត់សូន្យសុង ឯសត្វ– លោកដែលក្ស័យជីវិត បានទៅជ្រកកោននៅឋានព្រហ្ម។ បាបធម៌ អយុត្តិធម៌ ក៏បាត់បង់ទៅដោយសារភ្លើងនេះ ធ្វើឱ្យពិភព– លោក ក្លាយជាវាលលម្ហក្នុងភពចក្រវាល។
បន្ទាប់ពីឆេះអស់មក ក៏មានភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃ មានកំណ ឬពពុះទឹក កកើតជាផែនដី ជាឋានសួគ៌ ជាភ្នំ បឹង បួ ទន្លេ សមុទ្រ ដូចដើមវិញ ទើបមានសត្វលោក ចុះពីឋានព្រហ្មមកកើតជាមនុស្ស ឬ “មនុស្សទោច” យកក្រមរផែនដី ដែល មានជាតិផ្អែម ជាអាហារ។ ជាច្រើនម៉ឺនឆ្នាំក្រោយមក មនុស្សទោច ក៏មានការប្រែប្រួល ចេះរួមសង្វាស កើតកូនពូនជាចៅ ប្រកបរបរធ្វើស្រែចម្ការ ចេះសង់ផ្ទះនៅ បង្កើតពិភពលោកសាជាថ្មីឡើងវិញ៘
គម្ពីរកប្បកថា ចារទុកយ៉ាងច្បាស់ពី “ភ្លើងប្រល័យកល្ប” ពោលគឺបើផែនដីនេះ មានអាយុគ្រប់១កប្ប នឹងត្រូវភ្លើង ឆេះរំលាយ ដោយសារផែនដីកាន់តែស្អុយគគ្រុក ផ្ទុកពេញទៅដោយបាបធម៌។
បើយករឿង “ភ្លើងឆេះកល្ប” មកប្រៀបធៀបនឹង “ភ្លើងបរមាណូ ឬនុយក្លែអ៊ែរ” មិនដូចគ្នាទេ ពោលគឺភ្លើងឆេះកល្ប វាឆេះរំលាយផែនដី ឱ្យក្លាយទៅជាអាកាសធំល្ហល្ហេវ ប៉ុន្តែនុយក្លេអ៊ែរ វាឆេះតែព្រៃព្រឹក្សា ឆេះខ្យល់ដកដង្ហើម ធ្វើឱ្យមនុស្ស សត្វស្លាប់ហិនហោច។
សូមរំព្ញកថា កាលពីឆ្នាំ១៩៤៥ ខណៈដែលជប៉ុន អ៊ីតាលី និងអាល្លឺម៉ង់ ក្លាយជាមហាអំណាចយោធា វាតទីយកពិភព–លោកនោះ អាមេរិក បានប្រើគ្រាប់បែកនុយក្លែអ៊ែរ យកឈ្នះ។ កាលនោះ ប្រធានាធិបតីទ្រូម៉ាន់ បានបង្គាប់វិស្វករជាតិ អាល្លឺម៉ង់ ដែលចូលសញ្ជាតិអាមេរិក ឱ្យផលិតគ្រាប់បែកនោះ លុះដល់ដំណាក់កាលត្រូវប្រើ ក៏ចេញបញ្ជាឱ្យអាកាសយានិក បើកយន្តហោះ ដឹកគ្រាប់បែកនោះទៅទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ត្រឹមតែ២គ្រាប់ បណ្តាលឱ្យប្រជារាស្ត្រ ជប៉ុន បាត់បង់ជីវិតរាប់សែននាក់។
តាមសាក្សីនិយាយថា នៅព្រឹកមួយនោះ គេឃើញយន្តហោះអាមេរិក ទម្លាក់ឆត្រយោង ក៏នឹកស្មានថា ជាការបោះ ជំនួយ ជាស្បៀងអាហារ ក៏នាំគ្នាឈរមើល។ ជាអកុសល គ្រាប់បែកនោះ ផ្ទុះលើអាកាស ជះអណ្តាតភ្លើងទៅក្រោម បណ្តាល ឱ្យឆេះខ្យល់អុកស៊ីហ្សែន សម្រាប់ដកដង្ហើម បើអ្នកណាឈរ ក៏ស្លាប់ទាំងឈរ អ្នកណាអង្គុយ ក៏ស្លាប់ទាំងអង្គុយ ព្រោះដក– ដង្ហើមមិនរួច ឯខ្លួនប្រាណរលាករលួយ ដូចប៉ះទឹកក្រុត។ គ្រាប់បែកនេះ មានកម្លាំងពិឃាត ១គីឡូម៉ែត្រ ជុំវិញ ឬថាមនុស្ស សត្វដែលរស់នៅក្នុងរង្វង់វិជ្ឈមាត្រ ១គីឡូម៉ែត្រនោះ ស្លាប់គ្មានសល់ រីឯអ្នកនៅខាងក្រៅរង្វង់ ត្រូវរងវិទ្យុសកម្ម ក្លាយជា ជនពិកល្យពិការ ឈឺរ៉ាំរ៉ៃបន្តិចម្តងៗ រហូតដល់ស្លាប់។
សោកនាដកម្មនោះ ធ្វើឱ្យជប៉ុន បាក់ស្មារតី ទើបព្រះចៅអធិរាជ ហ៊ីរ៉ូហ៊ីតូ បង្ខំព្រះទ័យចុះចាញ់អាមេរិក ដោយសងថ្លៃ ខូចខាតសង្គ្រាមធ្ងន់កដល់គូប្រកួតអាមេរិក។ គ្រាន់តែដឹងថា ជប៉ុន ចុះចាញ់ មេដឹកនាំអាល្លឺម៉ង់ អាដុលហ្វ៍ ហ៊ីទ្លែរ និងប្រពន្ធ បានបាញ់សម្លាប់ខ្លួន ខណៈដែលមេដឹកនាំហ្វាស៊ីស អ៊ីតាលី មូសូលីនី ត្រូវគេចាប់បានកាត់ទោសព្យួរក។
អ្នកប្រាជ្ញអាតូមិក គណនាថា គ្រាប់បែកបរមាណូ កាលពីឆ្នាំ១៩៤៥ នោះ មានកម្លាំងវាយប្រហារស្រាលណាស់ ព្រោះ វាទើបតែផលិតសាកល្បងជាដំបូង ប៉ុន្តែគ្រាប់បែកនុយក្លេអ៊ែរ បច្ចុប្បន្ន មានកម្លាំងពិឃាតខ្លាំងក្លាណាស់។ អ្នកប្រាជ្ញល្បីៗ អះអាងថា គ្រាប់បែកនុយក្លេអ៊ែរ របស់អាមេរិក ត្រឹមតែ “៣គ្រាប់ អាចរំលាយពិភពលោកនេះបាន”។
នៅក្នុងអត្ថបទទស្សនាវដ្តីសូវៀត សរសេរជាភាសាបារាំង មានចំណងជើងថា “នរណាគំរាមកំហែងសន្តិភាព?” (Qui menace la paix?) ចេញផ្សាយកាលពីជាង ៣០ឆ្នាំមុន អ្នកនិពន្ធបានសរសេរពីការគំរាមសន្តិភាព ចេញពីដៃគូសង្គ្រាម– ត្រជាក់។ គេលើកឡើងថា អាមេរិក កំពុងលើកជើងទម្រនុយក្លេអ៊ែរ ចង់បាញ់សហភាពសូវៀត និងគណនាថា នុយក្លេអ៊ែរ អាមេរិក ត្រឹមតែ៣គ្រាប់ “ភ្លើងឆេះកល្ប” មិនខានឡើយ។ អ្នកនិពន្ធទស្សនាវដ្តីសូវៀត ជំនាន់នោះ អត់សរសេរពីកម្លាំង នុយក្លេអ៊ែរ របស់ខ្លួននោះទេ ប៉ុន្តែគេដឹងថា រុស្ស៊ី សូវៀត ក៏មានគ្រាប់បែកមហាប្រល័យនេះ រាប់ពាន់គ្រាប់ ត្រៀមការពារខ្លួន។
យើងមិនបាច់ឆ្ងល់ទេថា “៣គ្រាប់ ភ្លើងឆេះកល្ប” ចុះសព្វថ្ងៃនៅលើពិភពលោកនេះ មានគ្រាប់បែកនុយក្លេអ៊ែរ ប៉ុន្មាន គ្រាប់? តាមព័ត៌មានមិនទាន់ច្បាស់ការថា អាមេរិក រុស្ស៊ី បារាំង អង់គ្លេស ចិន ឥណ្ឌា អ៊ីរ៉ង់ ប៉ាគីស្ថាន កូរ៉េខាជើង សុទ្ធតែ មានគ្រាប់បែកមហាប្រល័យនេះ រាប់រយពាន់គ្រាប់ និងមានប្រសិទ្ធភាពធ្វើឱ្យភ្លើងឆេះកល្ប បានដូចគ្នា។
អាវុធនេះ “អ្នកណាបាញ់បានមុន ឈ្នះ” ព្រោះវាផ្ទុះមុនទៅសម្លាប់អ្នកមិនដឹងខ្លួន។ កុំសង្ឃឹមថា “មានគ្រាប់បែកស្ទាក់” ព្រោះស្ទាក់មិនទាន់វាទេ ហើយបើទោះបីជាស្ទាក់ឱ្យផ្ទុះលើមេឃ ក៏ចំហាយផ្ទុះជះមកលើផែនដីវិនាសអន្តរាយដូចគ្នា។ មនុស្សរស់បានដោយសារខ្យល់អុកស៊ីហ្សែន ចុះបើឆេះខ្យល់នេះអស់ តើបានខ្យល់ឯណាដកដង្ហើម?
សាស្ត្រាពារសុក្រ មួយឃ្លាថា “ផ្គរលាន់ពីជើង ភ្លើងឆេះទឹក” មានលក្ខណៈផ្ទុយពីសាស្ត្រាពារសៅរ៍ ថា “ផ្គរលាន់ឯបូព៌ សូរកណ្តុក” ព្រោះផ្គរលាន់វាខុសគ្នា បើយកមកប្រៀបធៀបនឹងស្ថានការណ៍បច្ចុប្បន្ន។ សូម្បីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងដែរថា បើមានការចាប់ខ្លួនពូទីន តាមដីកា ICC អាចនឹងផ្ទុះនុយក្លេអ៊ែរ ដែលអាចស្របនឹងសាស្ត្រាពារសុក្រ ខាងលើ។
សរុបទៅ “ភ្លើងឆេះកល្ប” គ្រាន់តែជាការប្រៀបធៀបស្ថានការណ៍តានតឹងនៅអ៊ុយក្រែន និងគម្ពីរសាសនាតែប៉ុណ្ណោះ។ គ្មាននរណាម្នាក់ ចង់ស្លាប់ដោយសារផលវិបាកនៃសង្គ្រាមនោះទេ ប៉ុន្តែបុគ្គលពីរបីនាក់ ដែលឱបក្តាប់ពិភពលោក ជាអ្នក សម្រេចជោគវាសនាមនុស្ស។
“នគរធំ” សូមបួងសួងបន់ស្រន់ដល់ទេវតាថែរក្សាស្វេតច្ឆត្រ និងទេវតាទាំងមួយម៉ឺនលោកធាតុ សូមលោកជួយបន្ទន់ចិត្ត មេដឹកនាំប្រទេសមហាអំណាច ឱ្យរំសាយកំហឹង ដើម្បីបញ្ចៀសភ្លើងឆេះកល្ប កុំឱ្យកើតឡើង មុនអាយុផែនដីគ្រប់ ១កប្ប…៕