ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ មិនដឹងថាមានជម្លោះ ឬរឿងរកាំរកូសអ្វីជាមួយប្រពន្ធ ស្រាប់តែពេលប្រពន្ធចេញទៅធ្វើការបាត់ បែកគំនិតដុតផ្ទះខ្លួនឯងចោល បណ្តាលឱ្យឆាបឆេះខូចខាតខ្ទេច ត្រឹមមួយប៉ប្រិចភ្នែក។
ករណីដុតផ្ទះខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិថ្នល់កែង ឃុំប្រាំបីមុម ស្រុកថ្ពង។

បុរសជាម្ចាស់ផ្ទះ ដែលដុតផ្ទះខ្លួនឯងចោល មានឈ្មោះស៊ីម ប៉ាវ ភេទប្រុស អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះហៀង ហេង ទាំង២នាក់ប្តីប្រពន្ធ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកផ្ទះដែលរងការខូចខាត ជាប្រភេទផ្ទះសង់ពីឈើ ជញ្ជាំងស័ង្កសី និងប្រក់ដំបូលស័ង្កសី មានទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ។

តាមប្រភពពីមន្ត្រីនគរបាលស្រុកថ្ពង បានឱ្យដឹងថា ទំហំនៃការខូចខាតក្នុងហេតុការណ៍អគ្គិភ័យខាងលើ រួមមាន ឆេះផ្ទះអស់ ១ខ្នង ទាំងស្រុង គ្រែដេក ចំនួន១ ទូ ចំនួន១ ពូកដេក ចំនួន១ អង្ករ ២៥គីឡូ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីអគ្គិភ័យនេះ កើតឡើងដោយសារតែបុរសជាម្ចាស់ផ្ទះ ឈ្មោះស៊ីម ប៉ាវ គឺជាអ្នកដុតដោយខ្លួនឯង ប៉ុន្តែមូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយ ហើយបន្ទាប់ពីធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោលរួច បុរសរូបនោះ បានរត់គេចខ្លួន បាត់ ខណៈដែលស្ត្រីជាប្រពន្ធ ចេញទៅធ្វើការបាត់។

ជុំវិញប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចបានជួយអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង អស់ទឹកចំនួន ១រថយន្ត ទើបភ្លើងបានរលត់ទាំងស្រុង ដោយមិនបណ្តាលឱ្យឆេះរាលដាលទៅផ្ទះពលរដ្ឋក្បែរគ្នានោះឡើយ៕