អតីតប្រធានាធិបតីរុស្ស៊ីលោកឌីមីទ្រី មេដវេដេវ(Dmitry Medvedev)បានព្រមានថាការប៉ុនប៉ងចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន នៅក្រៅប្រទេសបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាប្រឆាំងនឹងរូបលោកនឹងត្រូវចាត់ទុកជា ការប្រកាសសង្រ្គាមដោយទីក្រុងម៉ូស្គូ។
លោកមេដវេដេវដែលធ្លាប់ធ្វើជាប្រធានាធិបតីចន្លោះឆ្នាំ២០០៨ និង ២០១២ បានធ្វើសន្ទរកថាកាន់តែអាក្រក់ចាប់តាំងពីលោក ពូទីនបានបញ្ជូនកងទ័ពទៅអ៊ុយក្រែន ដោយបានចេញការគំរាមកំហែងនុយក្លេអ៊ែរម្តងហើយម្តងទៀត។

កាលពីល្ងាចថ្ងៃពុធ លោកបាននិយាយថា អាវុធរុស្ស៊ីនឹងវាយប្រហារប្រទេសមួយប្រសិនបើប្រទេសនោះចាប់ខ្លួនលោក ពូទីន។ សម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់ពូទីនបានបន្តថា សូមស្រមៃមើលវាច្បាស់ណាស់ថានេះគឺជាស្ថានភាពដែលនឹងមិនកើតឡើងប៉ុន្តែយ៉ាងណាក៏ដោយសូមឱ្យយើងស្រមៃថាវាកើតឡើង។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ព្រួយបារម្ភការគំរាមកំហែង របស់រុស្ស៊ី
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានសម្តែងការព្រួយបារម្ភលើការគំរាមកំហែង ពីប្រទេសរុស្ស៊ីបន្ទាប់ពីខ្លួនបានចេញដីកាចាប់ខ្លួនប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន។
សេចក្តីថ្លែងការណ៍ស្តីពីការបារម្ភរបស់ ICC កាលពីថ្ងៃពុធបានកើតឡើងបន្ទាប់ពីអតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ បានគំរាមវាយប្រហារតុលាការឧក្រិដ្ឋកម្មសង្រ្គាមនៅទីក្រុងឡា អេជាមួយនឹងមីស៊ីលល្បឿន លឿនជាងសំឡេង។ជាមួយគ្នានេះដែរស្ថាប័នស៊ើបអង្កេតកំពូលរបស់រុស្ស៊ីបានបើកសំណុំរឿងព្រហ្ម ទណ្ឌប្រ ឆាំងនឹងព្រះរាជអាជ្ញា ICC លោកKarim Khan ក៏ដូចជាចៅក្រមដែលបានចេញដីកាសម្រាប់លោកពូទីនផងដែរ ។

លោក ឌីមីទ្រី មេដវេដេវ បាននិយាយកាលពីថ្ងៃចន្ទថា៖ «វាពិតជាអាចស្រមៃឃើញកាំជ្រួចលឿនជាងសំឡេងមួយត្រូវបានបាញ់ចេញពីសមុទ្រខាងជើងពីកប៉ាល់រុស្ស៊ីឆ្ពោះទៅតុលាការក្រុងឡាអេ។
ប្រធានសភានៃរដ្ឋភាគីរបស់ ICC បាននិយាយថាខ្លួន សោកស្តាយចំពោះការប៉ុនប៉ងទាំងនេះ ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីធានានូវការទទួលខុសត្រូវចំពោះទង្វើដែលត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិទូទៅ។សភាក៏«បញ្ជាក់ជាថ្មីនូវការគាំទ្រឥតងាករេរបស់ខ្លួនចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
ដីកាចាប់ខ្លួនលោក ពូទីន របស់ ICCកាលពីថ្ងៃសុក្រ ដោយចោទប្រកាន់មេដឹកនាំរុស្ស៊ីថា បាននិរទេសកុមារអ៊ុយក្រែនរាប់ពាន់នាក់ដោយខុសច្បាប់ ដែលជាឧក្រិដ្ឋកម្មសង្គ្រាម។

ចំណាត់ការផ្លូវច្បាប់នឹងតម្រូវឱ្យរដ្ឋសមាជិកICCចំនួន១២៣ របស់តុលាការចាប់ខ្លួនលោកពូទីន ហើយផ្ទេរគាត់ទៅទីក្រុងឡាអេសម្រាប់ការកាត់ទោស ប្រសិនបើគាត់ដើរលើទឹកដីរបស់ពួកគេ៕